3. គឺត្រូវឲ្យឯងរាល់គ្នាសាបព្រោះនៅស្រែឯង ហើយថែរក្សាចំការទំពាំងបាយជូររបស់ឯងអស់៦ឆ្នាំ ព្រមទាំងប្រមូលផលផ្លែផង
4. តែដល់ឆ្នាំទី៧ នោះជាឆ្នាំឈប់ផ្អាកឲ្យដល់បានសំរាកវិញ គឺជាឆ្នាំឈប់សំរាកថ្វាយព្រះយេហូវ៉ា មិនត្រូវឲ្យធ្វើស្រែ ឬលួសកាត់ទំពាំងបាយជូររបស់ឯងឡើយ
5. ឯមួរស្រូវដែលដុះឯងពីចំរូតមុន នោះឯងមិនត្រូវច្រូតទេ ក៏មិនត្រូវឲ្យបេះផ្លែទំពាំងបាយជូរដែលមិនបានលួសកាត់ដែរ នោះគឺជាឆ្នាំឈប់សំរាកសំរាប់ស្រុកឯង
6. ឆ្នាំសំរាកនៃស្រុកឯងនឹងចំរើនជាអាហារដល់ឯង ដល់បាវប្រុសបាវស្រីឯង ជើងឈ្នួល និងអ្នកប្រទេសក្រៅដែលស្នាក់នៅជាមួយនឹងឯង
7. ព្រមទាំងហ្វូងសត្វ និងអស់ទាំងសត្វដែលនៅក្នុងស្រុកឯងផង ផលចំរើននោះនឹងបានសំរាប់ជាអាហារ។
8. ត្រូវឲ្យឯងរាប់ឆ្នាំឈប់សំរាក៧ដង គឺជា៧ឆ្នាំ៧ដង ត្រូវឲ្យរំលងពេលឆ្នាំឈប់សំរាកអស់៧ ឲ្យបានគ្រប់៤៩ឆ្នាំ
9. រួចត្រូវចាត់ចែងទៅផ្លុំត្រែ ឲ្យឮរំពង នៅថ្ងៃ១០ ក្នុងខែអស្សុជ ដែលត្រូវនឹងថ្ងៃបុណ្យធួននឹងបាបត្រូវឲ្យគេផ្លុំ នៅពេញក្នុងស្រុកឯង
10. ត្រូវឲ្យឯងរាល់គ្នាញែកឆ្នាំទី៥០នោះទុកជាបរិសុទ្ធ ព្រមទាំងប្រកាសប្រាប់សេចក្ដីប្រោសលែងបាវបំរើ ដល់មនុស្សទាំងអស់នៅពេញក្នុងស្រុកផង ឆ្នាំនោះជាឆ្នាំសោមនស្ស ដល់ឯងរាល់គ្នាដែលឯងនឹងត្រឡប់ទៅ នៅឯដីរបស់ឯងរាល់គ្នារៀបខ្លួនបាន ហើយនឹងត្រឡប់ទៅនៅនឹងញាតិសន្តានរបស់ខ្លួនវិញ
11. ឆ្នាំទី៥០នោះនឹងបានជាឆ្នាំសោមនស្សដល់ឯងរាល់គ្នា ក្នុងឆ្នាំនោះ មិនត្រូវឲ្យឯងសាបព្រោះ ឬច្រូតកាត់មួរស្រូវដែលដុះឯង ឬបេះផ្លែទំពាំងបាយជូរដែលមិនបានលួសកាត់ឡើយ
12. ដ្បិតនោះគឺជាឆ្នាំសោមនស្សហើយ ត្រូវរាប់ជាឆ្នាំបរិសុទ្ធដល់ឯងរាល់គ្នា ហើយឯងនឹងបរិភោគផលចំរើនអំពីស្រែចំការ។