29. បើមនុស្សណាលក់ផ្ទះ នៅក្នុងទីក្រុង ដែលមានកំផែង នោះមានច្បាប់លោះមកវិញក្នុងរវាង១ឆ្នាំ រាប់តាំងពីថ្ងៃដែលបានលក់មក គឺនៅវេលាពេញ១ឆ្នាំ គេមានច្បាប់លោះមកវិញបាន
30. បើមិនបានលោះវិញក្នុងរវាង១ឆ្នាំនោះទេ ផ្ទះដែលនៅក្នុងទីក្រុងមានកំផែងនោះ នឹងបានដាច់ជារបស់ផងអ្នកដែលទិញ ជាដរាបអស់ទាំងដំណតរៀងទៅ លុះដល់ឆ្នាំសោមនស្ស ផ្ទះនោះមិនបានមកវិញទេ
31. ឯផ្ទះទាំងប៉ុន្មានដែលនៅអស់ទាំងស្រុកឥតមានកំផែងព័ទ្ធ នោះត្រូវរាប់ទុកដូចជាស្រែចំការវិញ មានច្បាប់លោះបាន ហើយដល់ឆ្នាំសោមនស្សក៏ត្រូវបានមកវិញដែរ
32. ប៉ុន្តែ ឯត្រង់ទីក្រុងទាំងប៉ុន្មានរបស់ពួកលេវី នោះគេមានច្បាប់នឹងលោះផ្ទះ នៅក្នុងទីក្រុងរបស់គេចេះតែបានជាដរាប
33. បើសិនជាអ្នកណាទិញផ្ទះរបស់ពួកលេវីណាមួយ នោះដល់ឆ្នាំសោមនស្ស ផ្ទះដែលបានទិញនោះ ហើយនឹងទីក្រុងរបស់គេនឹងបានទៅគេវិញ ដ្បិតអស់ទាំងផ្ទះនៅក្នុងទីក្រុងរបស់ពួកលេវី នោះជាកេរអាកររបស់គេនៅក្នុងពួកកូនចៅអ៊ីស្រាអែល
34. ឯស្រែចំការទាំងប៉ុន្មាននៅជុំវិញទីក្រុងរបស់គេ នោះលក់មិនបានទេ ដ្បិតជាកេរអាកររបស់ផងគេនៅអស់កល្បជានិច្ច។
35. បើបង ឬប្អូនដែលនៅជិតឯង ធ្លាក់ខ្លួនទៅជាក្រ មានកំឡាំងដៃខ្សោយ នោះត្រូវឲ្យឯងទប់ទល់ផង ហើយឲ្យនៅជាមួយនឹងឯងដូចជាអ្នកប្រទេសក្រៅ ឬជាអ្នកស្នាក់ដែរ
36. មិនត្រូវយកការប្រាក់ ឬគិតកំរៃពីគេឡើយ គឺត្រូវកោតខ្លាចដល់ព្រះនៃឯងវិញ ដើម្បីឲ្យបងប្អូនបាននៅជាមួយនឹងឯងផង
37. មិនត្រូវឲ្យគេខ្ចីប្រាក់ ដើម្បីនឹងយកការឡើយ ក៏មិនត្រូវឲ្យអាហារដល់គេដោយចង់បានកំរៃដែរ
38. អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ដែលបាននាំឯងចេញពីស្រុកអេស៊ីព្ទមក ដើម្បីនឹងឲ្យស្រុកកាណានដល់ឯងរាល់គ្នា ហើយឲ្យបានធ្វើជាព្រះនៃឯងរាល់គ្នា។
39. បើបង ឬប្អូនដែលនៅជិតឯង ធ្លាក់ខ្លួនទៅជាក្រ ហើយលក់ខ្លួនដល់ឯង នោះមិនត្រូវឲ្យឯងប្រើគេទុកដូចជាបាវបំរើឡើយ
40. ត្រូវឲ្យគេនៅជាមួយនឹងឯងទុកដូចជាអ្នកស៊ីឈ្នួល ហើយដូចជាអ្នកស្នាក់នៅវិញ ត្រូវឲ្យគេនៅបំរើឯងដរាបដល់ឆ្នាំសោមនស្ស
41. រួចគេនឹងចេញពីឯងទៅ ព្រមទាំងកូនគេផង ដើម្បីនឹងត្រឡប់ទៅឯគ្រួសារនៅក្នុងកេរអាកររបស់ពួកអយ្យកោគេវិញ
42. ដ្បិតអ្នកទាំងនោះជាពួកអ្នកបំរើរបស់អញ ដែលអញបាននាំចេញពីស្រុកអេស៊ីព្ទមក មិនត្រូវឲ្យលក់គេដូចជាលក់ខ្ញុំកំដរទេ
43. ក៏មិនត្រូវត្រួតត្រាលើគេដោយតឹងរ៉ឹងពេកឡើយ ត្រូវឲ្យកោតខ្លាចដល់ព្រះនៃឯងវិញ
44. តែឯត្រង់បាវបំរើប្រុសឬស្រីដែលឯងនឹងបានទាំងប៉ុន្មាន នោះត្រូវទិញបាវប្រុសស្រីនោះ អំពីអស់ទាំងសាសន៍ដទៃដែលនៅជុំវិញឯរាល់គ្នាវិញ