លេវីវិន័យ 25:20-38 ព្រះគម្ពីរបរិសុទ្ធ (KHOV)

20. បើ​ឯង​រាល់​គ្នា​សួរ​ថា មើល ក្នុង​ឆ្នាំ​ទី​៧​នេះ យើង​មិន​សាប‌ព្រោះ ឬ​ប្រមូល​ផល​អ្វី​របស់​យើង​សោះ ដូច្នេះ តើ​យើង​រាល់​គ្នា​នឹង​បាន​អ្វី​បរិភោគ

21. នោះ​គឺ​អញ​នឹង​ផ្តល់​ពរ​របស់​អញ​ដល់​ឯង​រាល់​គ្នា​នៅ​ឆ្នាំ​ទី​៦ នៅ​ឆ្នាំ​នោះ​នឹង​បង្កើត​ផល​ឲ្យ​ល្មម​គ្រប់​៣​ឆ្នាំ​វិញ

22. រួច​ដល់​ឆ្នាំ​ទី​៨ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​សាប‌ព្រោះ​ទៅ​ចុះ តែ​នឹង​បរិភោគ​ផល​ចាស់​ដរាប​ដល់​ឆ្នាំ​ទី​៩ ឯង​រាល់​គ្នា​ត្រូវ​បរិភោគ​ផល​ចាស់​នោះ​រហូត​ដល់​បាន​ច្រូត​ផល​ថ្មី​ហើយ។

23. មិន​ត្រូវ​លក់​ដី​ណា​ឲ្យ​ដាច់​ទៅ​គេ​ឡើយ ដ្បិត​ស្រុក​នោះ​ជា​របស់​ផង​អញ ឯង​រាល់​គ្នា​ជា​អ្នក​ប្រទេស​ក្រៅ​ដែល​គ្រាន់​តែ​សំណាក់​នៅ ជា​មួយ​នឹង​អញ​ប៉ុណ្ណោះ​ទេ

24. ហើយ​នៅ​ក្នុង​ស្រុក ដែល​ជា​កេរ‌អាករ​ឯង​រាល់​គ្នា​ទាំង​ប៉ុន្មាន​នោះ ត្រូវ​បើក​ច្បាប់​ឲ្យ​លោះ​ដី​មក​វិញ​បាន

25. បើ​សិន​ជា​បង ឬ​ប្អូន​ឯង​ធ្លាក់​ខ្លួន​ទៅ​ជា​ក្រីក្រ ហើយ​លក់​ដី​ខ្លះ នោះ​សាច់​សន្តាន​ដែល​ជិត​បំផុត ត្រូវ​មក​លោះ​យក​ដី​ដែល​បាន​លក់​ឲ្យ​គេ​ហើយ​នោះ​វិញ

26. បើ​គ្មាន​អ្នក​ណា​នឹង​មក​លោះ​ទេ តែ​អ្នក​នោះ​ទៅ​ជា​មាន​ឡើង​វិញ ហើយ​មាន​ល្មម​នឹង​លោះ​យក​បាន

27. នោះ​ត្រូវ​រាប់​ចាប់​តាំង​ពី​ប៉ុន្មាន​ឆ្នាំ​ដែល​លក់​ដី​នោះ​មក ហើយ​ត្រូវ​បង្វិល​ប្រាក់​ដែល​សល់​នៅ​ប្រគល់​ដល់​អ្នក​ដែល​ទិញ រួច​ម្ចាស់​ដី​នឹង​ទៅ​នៅ​ឯ​ដី​របស់​ខ្លួន​វិញ

28. បើ​អ្នក​នោះ​គ្មាន​អ្វី​ល្មម​នឹង​លោះ​យក​បាន​ទេ នោះ​ដី​ដែល​បាន​លក់​ទៅ នឹង​នៅ​ក្នុង​កណ្តាប់​ដៃ​នៃ​អ្នក​ដែល​បាន​ទិញ ដរាប​ដល់​ឆ្នាំ​សោមនស្ស លុះ​ដល់​ឆ្នាំ​សោមនស្ស​ហើយ ដី​នោះ​ត្រូវ​ត្រឡប់​ទៅ​ម្ចាស់​ដើម​វិញ រួច​គាត់​នឹង​ទៅ​នៅ​ឯ​ដី​របស់​ខ្លួន​បាន។

29. បើ​មនុស្ស​ណា​លក់​ផ្ទះ នៅ​ក្នុង​ទី​ក្រុង ដែល​មាន​កំផែង នោះ​មាន​ច្បាប់​លោះ​មក​វិញ​ក្នុង​រវាង​១​ឆ្នាំ រាប់​តាំង​ពី​ថ្ងៃ​ដែល​បាន​លក់​មក គឺ​នៅ​វេលា​ពេញ​១​ឆ្នាំ គេ​មាន​ច្បាប់​លោះ​មក​វិញ​បាន

30. បើ​មិន​បាន​លោះ​វិញ​ក្នុង​រវាង​១​ឆ្នាំ​នោះ​ទេ ផ្ទះ​ដែល​នៅ​ក្នុង​ទី​ក្រុង​មាន​កំផែង​នោះ នឹង​បាន​ដាច់​ជា​របស់​ផង​អ្នក​ដែល​ទិញ ជា​ដរាប​អស់​ទាំង​ដំណ​ត​រៀង​ទៅ លុះ​ដល់​ឆ្នាំ​សោមនស្ស ផ្ទះ​នោះ​មិន​បាន​មក​វិញ​ទេ

31. ឯ​ផ្ទះ​ទាំង​ប៉ុន្មាន​ដែល​នៅ​អស់​ទាំង​ស្រុក​ឥត​មាន​កំផែង​ព័ទ្ធ នោះ​ត្រូវ​រាប់​ទុក​ដូច​ជា​ស្រែ​ចំការ​វិញ មាន​ច្បាប់​លោះ​បាន ហើយ​ដល់​ឆ្នាំ​សោមនស្ស​ក៏​ត្រូវ​បាន​មក​វិញ​ដែរ

32. ប៉ុន្តែ ឯ​ត្រង់​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ពួក​លេវី នោះ​គេ​មាន​ច្បាប់​នឹង​លោះ​ផ្ទះ នៅ​ក្នុង​ទី​ក្រុង​របស់​គេ​ចេះ​តែ​បាន​ជា​ដរាប

33. បើ​សិន​ជា​អ្នក​ណា​ទិញ​ផ្ទះ​របស់​ពួក​លេវី​ណា​មួយ នោះ​ដល់​ឆ្នាំ​សោមនស្ស ផ្ទះ​ដែល​បាន​ទិញ​នោះ ហើយ​នឹង​ទី​ក្រុង​របស់​គេ​នឹង​បាន​ទៅ​គេ​វិញ ដ្បិត​អស់​ទាំង​ផ្ទះ​នៅ​ក្នុង​ទី​ក្រុង​របស់​ពួក​លេវី នោះ​ជា​កេរ‌អាករ​របស់​គេ​នៅ​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល

34. ឯ​ស្រែ​ចំការ​ទាំង​ប៉ុន្មាន​នៅ​ជុំវិញ​ទី​ក្រុង​របស់​គេ នោះ​លក់​មិន​បាន​ទេ ដ្បិត​ជា​កេរ‌អាករ​របស់​ផង​គេ​នៅ​អស់‌កល្ប‌ជានិច្ច។

35. បើ​បង ឬ​ប្អូន​ដែល​នៅ​ជិត​ឯង ធ្លាក់​ខ្លួន​ទៅ​ជា​ក្រ មាន​កំឡាំង​ដៃ​ខ្សោយ នោះ​ត្រូវ​ឲ្យ​ឯង​ទប់‌ទល់​ផង ហើយ​ឲ្យ​នៅ​ជា​មួយ​នឹង​ឯង​ដូច​ជា​អ្នក​ប្រទេស​ក្រៅ ឬ​ជា​អ្នក​ស្នាក់​ដែរ

36. មិន​ត្រូវ​យក​ការ​ប្រាក់ ឬ​គិត​កំរៃ​ពី​គេ​ឡើយ គឺ​ត្រូវ​កោត‌ខ្លាច​ដល់​ព្រះ​នៃ​ឯង​វិញ ដើម្បី​ឲ្យ​បង​ប្អូន​បាន​នៅ​ជា​មួយ​នឹង​ឯង​ផង

37. មិន​ត្រូវ​ឲ្យ​គេ​ខ្ចី​ប្រាក់ ដើម្បី​នឹង​យក​ការ​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​អាហារ​ដល់​គេ​ដោយ​ចង់​បាន​កំរៃ​ដែរ

38. អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដែល​បាន​នាំ​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដើម្បី​នឹង​ឲ្យ​ស្រុក​កាណាន​ដល់​ឯង​រាល់​គ្នា ហើយ​ឲ្យ​បាន​ធ្វើ​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា។

លេវីវិន័យ 25