លេវីវិន័យ 25:1-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌យេហូវ៉ា ទ្រង់​បង្គាប់​ដល់​ម៉ូសេ​នៅ​លើ​ភ្នំ​ស៊ី‌ណាយ

2. ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា កាល​ណា​ឯង​រាល់​គ្នា ចូល​ទៅ​ក្នុង​ស្រុក ដែល​អញ​ឲ្យ​ដល់​ឯង នោះ​ដី​នៅ​ស្រុក​នោះ​ត្រូវ​មាន​ពេល​ឈប់​សំរាក​ថ្វាយ​ព្រះ‌យេហូវ៉ា

3. គឺ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​សាប‌ព្រោះ​នៅ​ស្រែ​ឯង ហើយ​ថែ​រក្សា​ចំការ​ទំពាំង‌បាយ‌ជូរ​របស់​ឯង​អស់​៦​ឆ្នាំ ព្រម​ទាំង​ប្រមូល​ផល​ផ្លែ​ផង

4. តែ​ដល់​ឆ្នាំ​ទី​៧ នោះ​ជា​ឆ្នាំ​ឈប់​ផ្អាក​ឲ្យ​ដល់​បាន​សំរាក​វិញ គឺ​ជា​ឆ្នាំ​ឈប់​សំរាក​ថ្វាយ​ព្រះ‌យេហូវ៉ា មិន​ត្រូវ​ឲ្យ​ធ្វើ​ស្រែ ឬ​លួស​កាត់​ទំពាំង‌បាយ‌ជូរ​របស់​ឯង​ឡើយ

5. ឯ​មួរ​ស្រូវ​ដែល​ដុះ​ឯង​ពី​ចំរូត​មុន នោះ​ឯង​មិន​ត្រូវ​ច្រូត​ទេ ក៏​មិន​ត្រូវ​ឲ្យ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ដែល​មិន​បាន​លួស​កាត់​ដែរ នោះ​គឺ​ជា​ឆ្នាំ​ឈប់​សំរាក​សំរាប់​ស្រុក​ឯង

6. ឆ្នាំ​សំរាក​នៃ​ស្រុក​ឯង​នឹង​ចំរើន​ជា​អាហារ​ដល់​ឯង ដល់​បាវ​ប្រុស​បាវ​ស្រី​ឯង ជើង​ឈ្នួល និង​អ្នក​ប្រទេស​ក្រៅ​ដែល​ស្នាក់​នៅ​ជា​មួយ​នឹង​ឯង

7. ព្រម​ទាំង​ហ្វូង​សត្វ និង​អស់​ទាំង​សត្វ​ដែល​នៅ​ក្នុង​ស្រុក​ឯង​ផង ផល​ចំរើន​នោះ​នឹង​បាន​សំរាប់​ជា​អាហារ។

8. ត្រូវ​ឲ្យ​ឯង​រាប់​ឆ្នាំ​ឈប់​សំរាក​៧​ដង គឺ​ជា​៧​ឆ្នាំ​៧​ដង ត្រូវ​ឲ្យ​រំលង​ពេល​ឆ្នាំ​ឈប់​សំរាក​អស់​៧ ឲ្យ​បាន​គ្រប់​៤៩​ឆ្នាំ

9. រួច​ត្រូវ​ចាត់‌ចែង​ទៅ​ផ្លុំ​ត្រែ ឲ្យ​ឮ​រំពង នៅ​ថ្ងៃ​១០ ក្នុង​ខែ​អស្សុជ ដែល​ត្រូវ​នឹង​ថ្ងៃ​បុណ្យ​ធួន​នឹង​បាប​ត្រូវ​ឲ្យ​គេ​ផ្លុំ នៅ​ពេញ​ក្នុង​ស្រុក​ឯង

10. ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ញែក​ឆ្នាំ​ទី​៥០​នោះ​ទុក​ជា​បរិសុទ្ធ ព្រម​ទាំង​ប្រកាស​ប្រាប់​សេចក្ដី​ប្រោស​លែង​បាវ​បំរើ ដល់​មនុស្ស​ទាំង​អស់​នៅ​ពេញ​ក្នុង​ស្រុក​ផង ឆ្នាំ​នោះ​ជា​ឆ្នាំ​សោមនស្ស ដល់​ឯង​រាល់​គ្នា​ដែល​ឯង​នឹង​ត្រឡប់​ទៅ នៅ​ឯ​ដី​របស់​ឯង​រាល់​គ្នា​រៀប​ខ្លួន​បាន ហើយ​នឹង​ត្រឡប់​ទៅ​នៅ​នឹង​ញាតិ‌សន្តាន​របស់​ខ្លួន​វិញ

លេវីវិន័យ 25