9. នំទាំងនោះត្រូវបានជាចំណែកអើរ៉ុន និងពួកកូនលោក គេត្រូវបរិភោគនៅទីកន្លែងបរិសុទ្ធ ដ្បិតជារបស់បរិសុទ្ធបំផុត សំរាប់ពួកលោក ពីក្នុងអស់ទាំងដង្វាយដែលដុតថ្វាយដល់ព្រះយេហូវ៉ា តាមច្បាប់ដ៏នៅអស់កល្បជានិច្ច។
10. នៅគ្រានោះ មានកូនប្រុសរបស់ស្ត្រីសាសន៍អ៊ីស្រាអែលម្នាក់ ដែលឪពុកជាសាសន៍អេស៊ីព្ទ បានចេញទៅកណ្តាលជំនុំពួកកូនចៅអ៊ីស្រាអែល ឈ្លោះគ្នានឹងមនុស្សសាសន៍អ៊ីស្រាអែលម្នាក់នៅក្នុងទីដំឡើងត្រសាល
11. កូនរបស់ស្ត្រីសាសន៍អ៊ីស្រាអែលនោះក៏ប្រមាថដល់ព្រះនាមនៃព្រះ ព្រមទាំងជេរប្រទេចផង ដូច្នេះ គេនាំមកឯម៉ូសេ (ឯម្តាយរបស់អ្នកនោះ ឈ្មោះសឡូមិត ជាកូនឌីបរី ក្នុងពូជអំបូរដាន់)
12. ហើយគេឃុំទុក ទាល់តែព្រះយេហូវ៉ាបានមានព្រះបន្ទូលសំរេចពីដំណើរនោះ។
13. ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
14. ចូរនាំអ្នក ដែលបានជេរប្រទេចនោះ ចេញទៅឯក្រៅទីដំឡើងត្រសាល ហើយអស់អ្នកដែលបានឮ នោះត្រូវដាក់ដៃលើក្បាលវា រួចត្រូវឲ្យពួកជំនុំទាំងអស់គ្នាចោលវានឹងថ្មទៅ
15. ត្រូវឲ្យឯងប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា អស់អ្នកណាដែលនឹងត្រូវជេរប្រទេចដល់ព្រះនៃខ្លួន នោះត្រូវទ្រាំទ្រនឹងអំពើបាបរបស់ខ្លួនទៅ
16. ហើយអ្នកណាដែលប្រមាថដល់ព្រះនាមព្រះយេហូវ៉ា នោះត្រូវសំឡាប់ជាកុំខាន ពួកជំនុំទាំងអស់គ្នាត្រូវចោលនឹងថ្មជាកុំខាន ទោះបើជាអ្នកប្រទេសក្រៅ ឬអ្នកស្រុកក្តី បើកាលណាគេប្រមាថដល់ព្រះនាមព្រះហើយ នោះត្រូវតែសំឡាប់ចេញ។
17. ហើយអ្នកណាដែលវាយមនុស្ស ឲ្យដល់ស្លាប់ នោះត្រូវសំឡាប់ជាកុំខានដែរ
18. ឯអ្នកណាដែលវាយសត្វឲ្យដល់ស្លាប់ នោះនឹងត្រូវសងជីវិតឲ្យធួននឹងជីវិត
19. បើមនុស្សណាធ្វើឲ្យអ្នកជិតខាងខ្លួនមានរបួស នោះគេត្រូវធ្វើឲ្យអ្នកនោះមានរបួសដូចគ្នាវិញ
20. ត្រូវបំបាក់ឆ្អឹងឲ្យធួននឹងឆ្អឹងដែលបាក់ ភ្នែកឲ្យធួននឹងភ្នែក ធ្មេញឲ្យធួននឹងធ្មេញ ត្រូវធ្វើឲ្យអ្នកនោះមានរបួសដូចជាខ្លួនបានធ្វើគេដែរ
21. បើអ្នកណាសំឡាប់សត្វ នោះត្រូវតែសងគេ តែបើសំឡាប់មនុស្សវិញ នោះត្រូវតែគេសំឡាប់ខ្លួនដែរ
22. ត្រូវមានច្បាប់តែ១តែម្យ៉ាងប៉ុណ្ណោះ សំរាប់ទាំងអ្នកស្នាក់នៅ និងអ្នកស្រុកផង ដ្បិតអញនេះ គឺយេហូវ៉ាជាព្រះនៃឯងរាល់គ្នា