1. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
2. ចូរប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល ឲ្យគេយកប្រេងអូលីវសុទ្ធយ៉ាងសំរាំងមកសំរាប់ចង្កៀង ដើម្បីឲ្យបានឆេះនៅជានិច្ច
3. អើរ៉ុនត្រូវថែទាំចង្កៀងនោះ ឲ្យឆេះពីល្ងាចរហូតដល់ព្រឹកជាប្រក្រតី នៅចំពោះព្រះយេហូវ៉ា ត្រង់ខាងក្រៅវាំងននដែលបាំងទីបន្ទាល់ក្នុងត្រសាលជំនុំ នេះហើយជាច្បាប់សំរាប់អស់កល្បជានិច្ច នៅអស់ទាំងដំណឯងតរៀងទៅ
4. ត្រូវឲ្យលោករៀបចង្កៀងនៅលើជើងចង្កៀងមាសសុទ្ធ នៅចំពោះព្រះយេហូវ៉ាជានិច្ច។
5. ហើយត្រូវឲ្យយកម្សៅយ៉ាងម៉ដ្តធ្វើនំ១២ គឺថានំនីមួយៗធ្វើពីម្សៅ២ខ្ញឹង
6. ហើយត្រូវដំរៀបនំទាំងនោះជា២ជួរ ក្នុង១ជួរមាន៦ នៅលើតុមាសសុទ្ធដែលនៅចំពោះព្រះយេហូវ៉ា
7. រួចត្រូវដាក់កំញានសុទ្ធពីលើនំទាំង២ជួននោះ ឲ្យបានទុកជានំបុ័ងរំឭក គឺជាដង្វាយដុតថ្វាយព្រះយេហូវ៉ា
8. រាល់តែថ្ងៃឈប់សំរាកត្រូវឲ្យលោកដំរៀបនំនោះនៅចំពោះព្រះយេហូវ៉ាជានិច្ច ទុកជាដង្វាយនៃពួកកូនចៅអ៊ីស្រាអែល នេះហើយជាសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច
9. នំទាំងនោះត្រូវបានជាចំណែកអើរ៉ុន និងពួកកូនលោក គេត្រូវបរិភោគនៅទីកន្លែងបរិសុទ្ធ ដ្បិតជារបស់បរិសុទ្ធបំផុត សំរាប់ពួកលោក ពីក្នុងអស់ទាំងដង្វាយដែលដុតថ្វាយដល់ព្រះយេហូវ៉ា តាមច្បាប់ដ៏នៅអស់កល្បជានិច្ច។
10. នៅគ្រានោះ មានកូនប្រុសរបស់ស្ត្រីសាសន៍អ៊ីស្រាអែលម្នាក់ ដែលឪពុកជាសាសន៍អេស៊ីព្ទ បានចេញទៅកណ្តាលជំនុំពួកកូនចៅអ៊ីស្រាអែល ឈ្លោះគ្នានឹងមនុស្សសាសន៍អ៊ីស្រាអែលម្នាក់នៅក្នុងទីដំឡើងត្រសាល
11. កូនរបស់ស្ត្រីសាសន៍អ៊ីស្រាអែលនោះក៏ប្រមាថដល់ព្រះនាមនៃព្រះ ព្រមទាំងជេរប្រទេចផង ដូច្នេះ គេនាំមកឯម៉ូសេ (ឯម្តាយរបស់អ្នកនោះ ឈ្មោះសឡូមិត ជាកូនឌីបរី ក្នុងពូជអំបូរដាន់)
12. ហើយគេឃុំទុក ទាល់តែព្រះយេហូវ៉ាបានមានព្រះបន្ទូលសំរេចពីដំណើរនោះ។
13. ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
14. ចូរនាំអ្នក ដែលបានជេរប្រទេចនោះ ចេញទៅឯក្រៅទីដំឡើងត្រសាល ហើយអស់អ្នកដែលបានឮ នោះត្រូវដាក់ដៃលើក្បាលវា រួចត្រូវឲ្យពួកជំនុំទាំងអស់គ្នាចោលវានឹងថ្មទៅ
15. ត្រូវឲ្យឯងប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា អស់អ្នកណាដែលនឹងត្រូវជេរប្រទេចដល់ព្រះនៃខ្លួន នោះត្រូវទ្រាំទ្រនឹងអំពើបាបរបស់ខ្លួនទៅ