8. តែឯងរាល់គ្នាត្រូវថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ាគ្រប់៧ថ្ងៃ ដល់ថ្ងៃទី៧ នោះជាថ្ងៃប្រជុំជំនុំបរិសុទ្ធ មិនត្រូវធ្វើការរកស៊ីឡើយ។
9. ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
10. ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាឯងរាល់គ្នាបានចូលទៅក្នុងស្រុកដែលអញឲ្យដល់ឯង ហើយបានច្រូតចំរូតនៅស្រុកនោះ នោះត្រូវយកកណ្តាប់ដែលជាផលដំបូងពីចំរូតឯងមកឯសង្ឃ
11. ត្រូវឲ្យសង្ឃគ្រវីថ្វាយកណ្តាប់នោះនៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យទ្រង់បានទទួលស្នងឯងរាល់គ្នា គឺនឹងគ្រវីថ្វាយនៅថ្ងៃក្រោយនៃថ្ងៃឈប់សំរាក
12. ហើយនៅថ្ងៃដែលឯងរាល់គ្នាគ្រវី ថ្វាយកណ្តាប់នោះ នោះត្រូវយកកូនចៀមឈ្មោល១ឥតខ្ចោះ អាយុ១ខួបមកថ្វាយជាដង្វាយដុត ដល់ព្រះយេហូវ៉ា
13. ឯដង្វាយម្សៅដែលសំរាប់ថ្វាយជាមួយ នោះត្រូវជាម្សៅយ៉ាងម៉ដ្ត២ខ្ញឹងលាយនឹងប្រេង ទុកជាដង្វាយដុត សំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា ហើយដង្វាយច្រួច នោះត្រូវជាស្រាទំពាំងបាយជូរ២កំប៉ុង
14. ឯឯងរាល់គ្នា មិនត្រូវបរិភោគនំបុ័ង ឬស្រូវលីង ឬអង្ករថ្មី ដរាបដល់ថ្ងៃនេះឯង ទាល់តែបានយកដង្វាយមកថ្វាយព្រះនៃឯងសិន នេះហើយជាច្បាប់ សំរាប់ឯងរាល់គ្នា នៅគ្រប់ទីកន្លែងដែលនឹងតាំងទីលំនៅ នៅអស់កល្បជានិច្ច ដល់អស់ទាំងដំណតរៀងទៅ។
15. រួចចាប់តាំងពីថ្ងៃក្រោយថ្ងៃឈប់សំរាកនោះ គឺពីថ្ងៃដែលឯងរាល់គ្នាបានយកកណ្តាប់ មកថ្វាយជាដង្វាយគ្រវី នោះត្រូវរាប់ពេញជា៧ថ្ងៃឈប់សំរាក
16. ត្រូវតែរាប់ទៅដល់ថ្ងៃក្រោយថ្ងៃឈប់សំរាកទី៧នោះ គឺទាំងអស់ត្រូវជា៥០ថ្ងៃ នោះត្រូវឲ្យឯងរាល់គ្នាថ្វាយដង្វាយម្សៅជាថ្មីទៀតដល់ព្រះយេហូវ៉ា
17. ត្រូវយកនំបុ័ង២ធ្វើពីម្សៅយ៉ាងម៉ដ្ត២ខ្ញឹងពីផ្ទះឯង មកថ្វាយជាដង្វាយគ្រវី នំបុ័ងនោះត្រូវធ្វើដោយលាយដំបែសំរាប់ជាដង្វាយនៃផលដំបូងថ្វាយព្រះយេហូវ៉ា
18. ហើយត្រូវយកកូនចៀម៧ឥតខ្ចោះអាយុ១ខួប និងគោឈ្មោលស្ទាវ១ ហើយនឹងចៀមឈ្មោល២ មកថ្វាយព្រមគ្នានឹងនំបុ័ងនោះ គឺត្រូវដុតសត្វទាំងនោះថ្វាយដល់ព្រះយេហូវ៉ា ព្រមទាំងដង្វាយម្សៅ និងដង្វាយច្រួចផង ជាដង្វាយដុតសំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា
19. ក៏ត្រូវថ្វាយពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាប និងកូនចៀមឈ្មោល២អាយុ១ខួប សំរាប់ជាយញ្ញបូជានៃដង្វាយមេត្រីដែរ
20. ត្រូវឲ្យសង្ឃគ្រវីសត្វទាំងនោះថ្វាយជាមួយនឹងនំបុ័ងដែលជាផលដំបូង ទុកជាដង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា ព្រមទាំងកូនចៀម២នោះដែរ ដង្វាយទាំងនោះ សុទ្ធតែបរិសុទ្ធ ដល់ព្រះយេហូវ៉ា ទុកសំរាប់ពួកសង្ឃ
21. នៅថ្ងៃនោះឯង ត្រូវប្រកាសប្រាប់ថាជាថ្ងៃប្រជុំជំនុំបរិសុទ្ធ មិនត្រូវធ្វើការរកស៊ីឡើយ នេះហើយជាច្បាប់សំរាប់គ្រប់ទីកន្លែង ដែលនឹងតាំងទីលំនៅ នៅអស់កល្បជានិច្ច ដល់អស់ទាំងដំណតរៀងទៅ។