9. ដូច្នេះ គេត្រូវរក្សាបញ្ញើរបស់អញ ក្រែងគេធ្វើឲ្យបញ្ញើនោះទៅជាអាប់ឱន ហើយគេជាប់មានបាប រួចត្រូវស្លាប់ អញនេះជាព្រះយេហូវ៉ាដែលញែកគេចេញជាបរិសុទ្ធ។
10. មិនត្រូវឲ្យអ្នកដទៃណា បរិភោគដង្វាយបរិសុទ្ធឡើយ ឯអ្នកណាដែលស្នាក់នៅផ្ទះសង្ឃ ឬអ្នកស៊ីឈ្នួល ក៏មិនត្រូវបរិភោគដង្វាយបរិសុទ្ធនោះដែរ
11. ប៉ុន្តែ បើសង្ឃណាបានយកប្រាក់ទៅទិញបាវមក បាវនោះនឹងបរិភោគបាន ហើយអស់អ្នកដែលកើតក្នុងផ្ទះនោះផង គេនឹងបរិភោគអាហាររបស់សង្ឃបាន
12. បើកូនស្រីរបស់សង្ឃណាបានយកប្ដីជាអ្នកក្រៅ នាងនោះមិនត្រូវបរិភោគដង្វាយបរិសុទ្ធដែលលើកថ្វាយចុះឡើងទៀតឡើយ
13. តែបើកូនស្រីរបស់សង្ឃណាជាមេម៉ាយ ឬដែលប្ដីលែងឥតមានកូន ហើយបានត្រឡប់មកនៅផ្ទះឪពុកខ្លួន ដូចកាលនៅក្រមុំវិញ នាងនោះនឹងបរិភោគអាហាររបស់ឪពុកបាន តែមិនត្រូវឲ្យអ្នកដទៃណាបរិភោគទេ
14. បើអ្នកដទៃណាបរិភោគអ្វីពីដង្វាយបរិសុទ្ធដោយឥតដឹង ត្រូវឲ្យអ្នកនោះសងរបស់បរិសុទ្ធដល់សង្ឃវិញ ព្រមទាំងថែម១ភាគក្នុង៥ផង
15. គេមិនត្រូវធ្វើឲ្យដង្វាយបរិសុទ្ធរបស់ពួកកូនចៅអ៊ីស្រាអែល ដែលបានថ្វាយដល់ព្រះយេហូវ៉ាទៅជាអាប់ឱនឡើយ
16. យ៉ាងនោះជាហេតុនាំឲ្យគេមានសេចក្ដីទុច្ចរិត ដែលនាំឲ្យមានទោស ដោយបានបរិភោគដង្វាយបរិសុទ្ធរបស់គេដូច្នេះ ដ្បិតអញនេះជាព្រះយេហូវ៉ា ដែលញែកចេញជាបរិសុទ្ធ។
17. ព្រះយេហូវ៉ាទ្រប់បង្គាប់ម៉ូសេ
18. ឲ្យប្រាប់ដល់អើរ៉ុន និងពួកកូនលោក ព្រមទាំងពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នាថា ឯអស់អ្នកណាក្នុងពួកវង្សអ៊ីស្រាអែល ឬក្នុងពួកអ្នកសំណាក់នៅជាមួយ ដែលគេនឹងថ្វាយដង្វាយរបស់ខ្លួន ទោះជាដង្វាយលាបំណន់ ឬដង្វាយថ្វាយដោយស្ម័គ្រពីចិត្តក្តី ដែលគេនឹងនាំមកថ្វាយជាដង្វាយដុតដល់ព្រះយេហូវ៉ា
19. នោះបើគេចង់ឲ្យទ្រង់ទទួល ត្រូវឲ្យគេថ្វាយសត្វឈ្មោលដ៏ឥតខ្ចោះពីហ្វូងគោ ហ្វូងចៀម ឬហ្វូងពពែក្តី
20. តែសត្វណាដែលវិកលវិការ នោះមិនត្រូវឲ្យឯងរាល់គ្នាថ្វាយឡើយ ដ្បិតទ្រង់មិនទទួលសត្វយ៉ាងនោះស្នងឯងរាល់គ្នាទេ
21. ហើយអ្នកណាដែលថ្វាយយញ្ញបូជា ជាដង្វាយមេត្រីដល់ព្រះយេហូវ៉ា សំរាប់លាបំណន់ ឬជាដង្វាយស្ម័គ្រពីចិត្ត ទោះបើគោឬចៀមក្តី សត្វនោះត្រូវតែបានពេញខ្នាត ទើបទ្រង់ទទួល មិនត្រូវឲ្យមានវិកលវិការអ្វីឡើយ
22. ឯសត្វដែលខ្វាក់ បាក់ជើង កំបុតជើង ឬកើតដំបៅ អង្គែ ឬមានក្រមរ នោះមិនត្រូវថ្វាយដល់ព្រះយេហូវ៉ា ឬថ្វាយជាដង្វាយដុតដល់ទ្រង់នៅលើអាសនាឡើយ
23. បើគោឬចៀម មានអវយវៈខ្វះខាតមិនខានពេញលេញ នោះឯងនឹងថ្វាយជាដង្វាយស្ម័គ្រពីចិត្តបាន តែទ្រង់មិនទទួលសត្វនោះសំរាប់ជាដង្វាយលាបំណន់ទេ
24. បើសត្វណាមានពងខូច ឬខ្ទាំ ឬបែក ឬក្រៀវ នោះមិនត្រូវឲ្យឯងរាល់គ្នាថ្វាយដល់ព្រះយេហូវ៉ាឡើយ ក៏មិនត្រូវធ្វើដូច្នោះនៅក្នុងស្រុកឯងដែរ
25. មិនត្រូវឲ្យឯងរាល់គ្នាទទួលសត្វណាយ៉ាងនោះ ពីអ្នកប្រទេសក្រៅ សំរាប់នឹងថ្វាយជាព្រះស្ងោយរបស់ព្រះនៃឯងឡើយ ពីព្រោះសត្វយ៉ាងនោះមិនពេញខ្នាតទេ គឺមានវិកលវិការហើយ ទ្រង់មិនទទួលស្នងឯងរាល់គ្នាឡើយ។
26. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា