លេវីវិន័យ 22:9-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. ដូច្នេះ គេ​ត្រូវ​រក្សា​បញ្ញើ​របស់​អញ ក្រែង​គេ​ធ្វើ​ឲ្យ​បញ្ញើ​នោះ​ទៅ​ជា​អាប់‌ឱន ហើយ​គេ​ជាប់​មាន​បាប រួច​ត្រូវ​ស្លាប់ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ដែល​ញែក​គេ​ចេញ​ជា​បរិសុទ្ធ។

10. មិន​ត្រូវ​ឲ្យ​អ្នក​ដទៃ​ណា បរិភោគ​ដង្វាយ​បរិសុទ្ធ​ឡើយ ឯ​អ្នក​ណា​ដែល​ស្នាក់​នៅ​ផ្ទះ​សង្ឃ ឬ​អ្នក​ស៊ី​ឈ្នួល ក៏​មិន​ត្រូវ​បរិភោគ​ដង្វាយ​បរិសុទ្ធ​នោះ​ដែរ

11. ប៉ុន្តែ បើ​សង្ឃ​ណា​បាន​យក​ប្រាក់​ទៅ​ទិញ​បាវ​មក បាវ​នោះ​នឹង​បរិភោគ​បាន ហើយ​អស់​អ្នក​ដែល​កើត​ក្នុង​ផ្ទះ​នោះ​ផង គេ​នឹង​បរិភោគ​អាហារ​របស់​សង្ឃ​បាន

12. បើ​កូន​ស្រី​របស់​សង្ឃ​ណា​បាន​យក​ប្ដី​ជា​អ្នក​ក្រៅ នាង​នោះ​មិន​ត្រូវ​បរិភោគ​ដង្វាយ​បរិសុទ្ធ​ដែល​លើក​ថ្វាយ​ចុះ​ឡើង​ទៀត​ឡើយ

13. តែ​បើ​កូន​ស្រី​របស់​សង្ឃ​ណា​ជា​មេម៉ាយ ឬ​ដែល​ប្ដី​លែង​ឥត​មាន​កូន ហើយ​បាន​ត្រឡប់​មក​នៅ​ផ្ទះ​ឪពុក​ខ្លួន ដូច​កាល​នៅ​ក្រមុំ​វិញ នាង​នោះ​នឹង​បរិភោគ​អាហារ​របស់​ឪពុក​បាន តែ​មិន​ត្រូវ​ឲ្យ​អ្នក​ដទៃ​ណា​បរិភោគ​ទេ

14. បើ​អ្នក​ដទៃ​ណា​បរិភោគ​អ្វី​ពី​ដង្វាយ​បរិសុទ្ធ​ដោយ​ឥត​ដឹង ត្រូវ​ឲ្យ​អ្នក​នោះ​សង​របស់​បរិសុទ្ធ​ដល់​សង្ឃ​វិញ ព្រម​ទាំង​ថែម​១​ភាគ​ក្នុង​៥​ផង

15. គេ​មិន​ត្រូវ​ធ្វើ​ឲ្យ​ដង្វាយ​បរិសុទ្ធ​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​បាន​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ទៅ​ជា​អាប់‌ឱន​ឡើយ

16. យ៉ាង​នោះ​ជា​ហេតុ​នាំ​ឲ្យ​គេ​មាន​សេចក្ដី​ទុច្ចរិត ដែល​នាំ​ឲ្យ​មាន​ទោស ដោយ​បាន​បរិភោគ​ដង្វាយ​បរិសុទ្ធ​របស់​គេ​ដូច្នេះ ដ្បិត​អញ​នេះ​ជា​ព្រះ‌យេហូវ៉ា ដែល​ញែក​ចេញ​ជា​បរិសុទ្ធ។

17. ព្រះ‌យេហូវ៉ា​ទ្រប់​បង្គាប់​ម៉ូសេ

18. ឲ្យ​ប្រាប់​ដល់​អើរ៉ុន និង​ពួក​កូន​លោក ព្រម​ទាំង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ថា ឯ​អស់​អ្នក​ណា​ក្នុង​ពួក​វង្ស​អ៊ីស្រា‌អែល ឬ​ក្នុង​ពួក​អ្នក​សំណាក់​នៅ​ជា​មួយ ដែល​គេ​នឹង​ថ្វាយ​ដង្វាយ​របស់​ខ្លួន ទោះ​ជា​ដង្វាយ​លា​បំណន់ ឬ​ដង្វាយ​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត​ក្តី ដែល​គេ​នឹង​នាំ​មក​ថ្វាយ​ជា​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា

19. នោះ​បើ​គេ​ចង់​ឲ្យ​ទ្រង់​ទទួល ត្រូវ​ឲ្យ​គេ​ថ្វាយ​សត្វ​ឈ្មោល​ដ៏​ឥត‌ខ្ចោះ​ពី​ហ្វូង​គោ ហ្វូង​ចៀម ឬ​ហ្វូង​ពពែ​ក្តី

20. តែ​សត្វ​ណា​ដែល​វិកល‌វិការ នោះ​មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ថ្វាយ​ឡើយ ដ្បិត​ទ្រង់​មិន​ទទួល​សត្វ​យ៉ាង​នោះ​ស្នង​ឯង​រាល់​គ្នា​ទេ

21. ហើយ​អ្នក​ណា​ដែល​ថ្វាយ​យញ្ញ‌បូជា ជា​ដង្វាយ​មេត្រី​ដល់​ព្រះ‌យេហូវ៉ា សំរាប់​លា​បំណន់ ឬ​ជា​ដង្វាយ​ស្ម័គ្រ​ពី​ចិត្ត ទោះ​បើ​គោ​ឬ​ចៀម​ក្តី សត្វ​នោះ​ត្រូវ​តែ​បាន​ពេញ​ខ្នាត ទើប​ទ្រង់​ទទួល មិន​ត្រូវ​ឲ្យ​មាន​វិកល‌វិការ​អ្វី​ឡើយ

លេវីវិន័យ 22