18. ឲ្យប្រាប់ដល់អើរ៉ុន និងពួកកូនលោក ព្រមទាំងពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នាថា ឯអស់អ្នកណាក្នុងពួកវង្សអ៊ីស្រាអែល ឬក្នុងពួកអ្នកសំណាក់នៅជាមួយ ដែលគេនឹងថ្វាយដង្វាយរបស់ខ្លួន ទោះជាដង្វាយលាបំណន់ ឬដង្វាយថ្វាយដោយស្ម័គ្រពីចិត្តក្តី ដែលគេនឹងនាំមកថ្វាយជាដង្វាយដុតដល់ព្រះយេហូវ៉ា
19. នោះបើគេចង់ឲ្យទ្រង់ទទួល ត្រូវឲ្យគេថ្វាយសត្វឈ្មោលដ៏ឥតខ្ចោះពីហ្វូងគោ ហ្វូងចៀម ឬហ្វូងពពែក្តី
20. តែសត្វណាដែលវិកលវិការ នោះមិនត្រូវឲ្យឯងរាល់គ្នាថ្វាយឡើយ ដ្បិតទ្រង់មិនទទួលសត្វយ៉ាងនោះស្នងឯងរាល់គ្នាទេ
21. ហើយអ្នកណាដែលថ្វាយយញ្ញបូជា ជាដង្វាយមេត្រីដល់ព្រះយេហូវ៉ា សំរាប់លាបំណន់ ឬជាដង្វាយស្ម័គ្រពីចិត្ត ទោះបើគោឬចៀមក្តី សត្វនោះត្រូវតែបានពេញខ្នាត ទើបទ្រង់ទទួល មិនត្រូវឲ្យមានវិកលវិការអ្វីឡើយ
22. ឯសត្វដែលខ្វាក់ បាក់ជើង កំបុតជើង ឬកើតដំបៅ អង្គែ ឬមានក្រមរ នោះមិនត្រូវថ្វាយដល់ព្រះយេហូវ៉ា ឬថ្វាយជាដង្វាយដុតដល់ទ្រង់នៅលើអាសនាឡើយ
23. បើគោឬចៀម មានអវយវៈខ្វះខាតមិនខានពេញលេញ នោះឯងនឹងថ្វាយជាដង្វាយស្ម័គ្រពីចិត្តបាន តែទ្រង់មិនទទួលសត្វនោះសំរាប់ជាដង្វាយលាបំណន់ទេ
24. បើសត្វណាមានពងខូច ឬខ្ទាំ ឬបែក ឬក្រៀវ នោះមិនត្រូវឲ្យឯងរាល់គ្នាថ្វាយដល់ព្រះយេហូវ៉ាឡើយ ក៏មិនត្រូវធ្វើដូច្នោះនៅក្នុងស្រុកឯងដែរ
25. មិនត្រូវឲ្យឯងរាល់គ្នាទទួលសត្វណាយ៉ាងនោះ ពីអ្នកប្រទេសក្រៅ សំរាប់នឹងថ្វាយជាព្រះស្ងោយរបស់ព្រះនៃឯងឡើយ ពីព្រោះសត្វយ៉ាងនោះមិនពេញខ្នាតទេ គឺមានវិកលវិការហើយ ទ្រង់មិនទទួលស្នងឯងរាល់គ្នាឡើយ។
26. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
27. កាលណាកូនគោ ឬកូនចៀម ឬកូនពពែកើតមក នោះត្រូវឲ្យវានៅជាមួយនឹងមេអស់៧ថ្ងៃ រួចតាំងពីថ្ងៃទី៨ទៅមុខ នោះនឹងទទួល សំរាប់ជាដង្វាយដុត ថ្វាយព្រះយេហូវ៉ាបាន
28. តែទោះបើគោ ឬចៀមក្តី នោះមិនត្រូវសំឡាប់ទាំងមេទាំងកូននៅថ្ងៃដដែលទេ
29. បើកាលណាឯងរាល់គ្នាថ្វាយយញ្ញបូជា ទុកជាដង្វាយអរព្រះគុណដល់ព្រះយេហូវ៉ា នោះត្រូវថ្វាយបែបឲ្យទ្រង់បានទទួលឯងចុះ
30. រួចត្រូវតែបរិភោគដង្វាយនោះនៅថ្ងៃនោះឯង មិនត្រូវទុកអ្វីឲ្យនៅដល់ព្រឹកឡើយ អញនេះជាព្រះយេហូវ៉ា