លេវីវិន័យ 22:1-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

2. ចូរ​ប្រាប់​ដល់​អើរ៉ុន និង​ពួក​កូន​លោក ឲ្យ​គេ​រក្សា​ខ្លួន​ចំពោះ​ដង្វាយ​បរិសុទ្ធ ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថ្វាយ​ដល់​អញ ដើម្បី​កុំ​ឲ្យ​បង្អាប់​ដល់​ឈ្មោះ​បរិសុទ្ធ​របស់​អញ​ឡើយ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា

3. ចូរ​ប្រាប់​គេ​ថា អ្នក​ណា​ក្នុង​ពូជ​ឯង​រាល់​គ្នា នៅ​អស់​ទាំង​ដំណ​ត​រៀង​ទៅ ដែល​ជាប់​មាន​សេចក្ដី​មិន​ស្អាត​ណា ក៏​ចូល​មក​ឯ​ដង្វាយ​បរិសុទ្ធ ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា អ្នក​នោះ​នឹង​ត្រូវ​កាត់​ចេញ​ពី​មុខ​អញ​ទៅ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា

4. បើ​មនុស្ស​ណា​ក្នុង​ពូជ​អើរ៉ុន​កើត​ឃ្លង់ ឬ​ហូរ​ខ្ទុះ នោះ​មិន​ត្រូវ​បរិភោគ​របស់​បរិសុទ្ធ​ឡើយ ដរាប​ដល់​បាន​ជា​ស្អាត​សិន ឯ​អ្នក​ណា​ដែល​ពាល់​ដល់​មនុស្ស ដែល​មិន​ស្អាត​ដោយ‌សារ​ខ្មោច​ស្លាប់ ឬ​មនុស្ស​ណា​ដែល​មាន​ទឹក​កាម​ចេញ​ពី​ខ្លួន​មក

5. ឬ​អ្នក​ណា​ដែល​ពាល់​ដល់​សត្វ​លូន​វារ​ណា ដែល​នាំ​ឲ្យ​ខ្លួន​មិន​ស្អាត ឬ​ដល់​មនុស្ស​ណា​ដែល​សេចក្ដី​មិន​ស្អាត​របស់​អ្នក​នោះ​ឆ្លង​មក​លើ​ខ្លួន​បាន ទោះ​បើ​មាន​សេចក្ដី​មិន​ស្អាត​យ៉ាង​ណា​ក៏​ដោយ

6. អ្នក​ដែល​ពាល់​មនុស្ស​យ៉ាង​នោះ នឹង​ត្រូវ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច ហើយ​មិន​ត្រូវ​បរិភោគ​របស់​បរិសុទ្ធ​ឡើយ ដរាប​ដល់​បាន​ងូត​ទឹក​ជា​មុន​សិន

7. រួច​កាល​ណា​ថ្ងៃ​លិច​ហើយ នោះ​ទើប​នឹង​បាន​ស្អាត ហើយ​នឹង​បរិភោគ​របស់​បរិសុទ្ធ​បាន ដ្បិត​នោះ​ជា​អាហារ​របស់​ផង​អ្នក​នោះ

8. គេ​មិន​ត្រូវ​បរិភោគ​សត្វ​ដែល​ស្លាប់​ដោយ​ខ្លួន​ឯង ឬ​ដែល​សត្វ​អ្វី​បាន​ហែក‌ហួរ ជា​ការ​ដែល​នាំ​ឲ្យ​ខ្លួន​មិន​ស្អាត​នោះ​ឡើយ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា

9. ដូច្នេះ គេ​ត្រូវ​រក្សា​បញ្ញើ​របស់​អញ ក្រែង​គេ​ធ្វើ​ឲ្យ​បញ្ញើ​នោះ​ទៅ​ជា​អាប់‌ឱន ហើយ​គេ​ជាប់​មាន​បាប រួច​ត្រូវ​ស្លាប់ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ដែល​ញែក​គេ​ចេញ​ជា​បរិសុទ្ធ។

10. មិន​ត្រូវ​ឲ្យ​អ្នក​ដទៃ​ណា បរិភោគ​ដង្វាយ​បរិសុទ្ធ​ឡើយ ឯ​អ្នក​ណា​ដែល​ស្នាក់​នៅ​ផ្ទះ​សង្ឃ ឬ​អ្នក​ស៊ី​ឈ្នួល ក៏​មិន​ត្រូវ​បរិភោគ​ដង្វាយ​បរិសុទ្ធ​នោះ​ដែរ

11. ប៉ុន្តែ បើ​សង្ឃ​ណា​បាន​យក​ប្រាក់​ទៅ​ទិញ​បាវ​មក បាវ​នោះ​នឹង​បរិភោគ​បាន ហើយ​អស់​អ្នក​ដែល​កើត​ក្នុង​ផ្ទះ​នោះ​ផង គេ​នឹង​បរិភោគ​អាហារ​របស់​សង្ឃ​បាន

12. បើ​កូន​ស្រី​របស់​សង្ឃ​ណា​បាន​យក​ប្ដី​ជា​អ្នក​ក្រៅ នាង​នោះ​មិន​ត្រូវ​បរិភោគ​ដង្វាយ​បរិសុទ្ធ​ដែល​លើក​ថ្វាយ​ចុះ​ឡើង​ទៀត​ឡើយ

13. តែ​បើ​កូន​ស្រី​របស់​សង្ឃ​ណា​ជា​មេម៉ាយ ឬ​ដែល​ប្ដី​លែង​ឥត​មាន​កូន ហើយ​បាន​ត្រឡប់​មក​នៅ​ផ្ទះ​ឪពុក​ខ្លួន ដូច​កាល​នៅ​ក្រមុំ​វិញ នាង​នោះ​នឹង​បរិភោគ​អាហារ​របស់​ឪពុក​បាន តែ​មិន​ត្រូវ​ឲ្យ​អ្នក​ដទៃ​ណា​បរិភោគ​ទេ

លេវីវិន័យ 22