1. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
2. ចូរប្រាប់ដល់អើរ៉ុន និងពួកកូនលោក ឲ្យគេរក្សាខ្លួនចំពោះដង្វាយបរិសុទ្ធ ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយដល់អញ ដើម្បីកុំឲ្យបង្អាប់ដល់ឈ្មោះបរិសុទ្ធរបស់អញឡើយ អញនេះជាព្រះយេហូវ៉ា
3. ចូរប្រាប់គេថា អ្នកណាក្នុងពូជឯងរាល់គ្នា នៅអស់ទាំងដំណតរៀងទៅ ដែលជាប់មានសេចក្ដីមិនស្អាតណា ក៏ចូលមកឯដង្វាយបរិសុទ្ធ ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយដល់ព្រះយេហូវ៉ា អ្នកនោះនឹងត្រូវកាត់ចេញពីមុខអញទៅ អញនេះជាព្រះយេហូវ៉ា
4. បើមនុស្សណាក្នុងពូជអើរ៉ុនកើតឃ្លង់ ឬហូរខ្ទុះ នោះមិនត្រូវបរិភោគរបស់បរិសុទ្ធឡើយ ដរាបដល់បានជាស្អាតសិន ឯអ្នកណាដែលពាល់ដល់មនុស្ស ដែលមិនស្អាតដោយសារខ្មោចស្លាប់ ឬមនុស្សណាដែលមានទឹកកាមចេញពីខ្លួនមក
5. ឬអ្នកណាដែលពាល់ដល់សត្វលូនវារណា ដែលនាំឲ្យខ្លួនមិនស្អាត ឬដល់មនុស្សណាដែលសេចក្ដីមិនស្អាតរបស់អ្នកនោះឆ្លងមកលើខ្លួនបាន ទោះបើមានសេចក្ដីមិនស្អាតយ៉ាងណាក៏ដោយ
6. អ្នកដែលពាល់មនុស្សយ៉ាងនោះ នឹងត្រូវនៅជាមិនស្អាតរហូតដល់ល្ងាច ហើយមិនត្រូវបរិភោគរបស់បរិសុទ្ធឡើយ ដរាបដល់បានងូតទឹកជាមុនសិន
7. រួចកាលណាថ្ងៃលិចហើយ នោះទើបនឹងបានស្អាត ហើយនឹងបរិភោគរបស់បរិសុទ្ធបាន ដ្បិតនោះជាអាហាររបស់ផងអ្នកនោះ
8. គេមិនត្រូវបរិភោគសត្វដែលស្លាប់ដោយខ្លួនឯង ឬដែលសត្វអ្វីបានហែកហួរ ជាការដែលនាំឲ្យខ្លួនមិនស្អាតនោះឡើយ អញនេះជាព្រះយេហូវ៉ា
9. ដូច្នេះ គេត្រូវរក្សាបញ្ញើរបស់អញ ក្រែងគេធ្វើឲ្យបញ្ញើនោះទៅជាអាប់ឱន ហើយគេជាប់មានបាប រួចត្រូវស្លាប់ អញនេះជាព្រះយេហូវ៉ាដែលញែកគេចេញជាបរិសុទ្ធ។
10. មិនត្រូវឲ្យអ្នកដទៃណា បរិភោគដង្វាយបរិសុទ្ធឡើយ ឯអ្នកណាដែលស្នាក់នៅផ្ទះសង្ឃ ឬអ្នកស៊ីឈ្នួល ក៏មិនត្រូវបរិភោគដង្វាយបរិសុទ្ធនោះដែរ
11. ប៉ុន្តែ បើសង្ឃណាបានយកប្រាក់ទៅទិញបាវមក បាវនោះនឹងបរិភោគបាន ហើយអស់អ្នកដែលកើតក្នុងផ្ទះនោះផង គេនឹងបរិភោគអាហាររបស់សង្ឃបាន