11. ក៏មិនត្រូវចូលទៅជិតខ្មោចស្លាប់ណាដែរ ឬនាំឲ្យខ្លួនសៅហ្មង ដោយព្រោះឪពុក ឬម្តាយខ្លួនឡើយ
12. មិនត្រូវឲ្យលោកចេញពីទីបរិសុទ្ធ ឬបង្អាប់ទីបរិសុទ្ធរបស់ព្រះនៃខ្លួនឡើយ ដ្បិតលោកមានប្រេងចាក់លាបរបស់ព្រះនៃខ្លួន ដែលសំរាប់តាំងឡើងជាសង្ឃ នៅលើក្បាលហើយ អញនេះជាព្រះយេហូវ៉ា
13. ត្រូវឲ្យលោកយកប្រពន្ធដែលនៅជាក្រមុំនៅឡើយ
14. មិនត្រូវយកស្រីមេម៉ាយ ស្រីប្ដីលែង ស្រីខូចសេចក្ដីបរិសុទ្ធ ឬស្រីសំផឹងឲ្យសោះ គឺត្រូវយកស្រីក្រមុំពីពួកសាសន៍របស់ខ្លួនធ្វើជាប្រពន្ធវិញ
15. ហើយមិនត្រូវឲ្យពូជពង្សរបស់ខ្លួនទៅជាទាបថោកក្នុងសាសន៍ខ្លួនឡើយ ដ្បិតអញនេះជាព្រះយេហូវ៉ា ដែលញែកលោកចេញជាបរិសុទ្ធ។
16. ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
17. ឲ្យប្រាប់ដល់អើរ៉ុនថា បើមានអ្នកណាក្នុងពួកកូនចៅឯងនៅអស់ទាំងដំណតរៀងទៅដែលវិកលវិការ នោះមិនត្រូវចូលមកថ្វាយព្រះស្ងោយរបស់ព្រះនៃខ្លួនឡើយ
18. ដ្បិតអ្នកណាដែលវិកលវិការ នោះមិនត្រូវចូលមកជិតឡើយ ដូចជាមនុស្សខ្វាក់ ឬខ្ញើច ឬអ្នកណាដែលមានច្រមុះក្រពិត ឬជើងដៃមិនស្មើគ្នា
19. ឬមនុស្សណាកំពួរជើងដៃ
20. ឬដែលគម ឬតឿ ឬមានស្នាមអ្វីនៅភ្នែក ឬកើតទឹលម៉ូវ ឬស្រែង ឬមានពងខូច
21. អ្នកណាដែលវិកលវិការក្នុងពូជអើរ៉ុនដ៏ជាសង្ឃ នោះមិនត្រូវចូលមកថ្វាយដង្វាយដុតនៃព្រះយេហូវ៉ាទេ អ្នកនោះវិកលវិការហើយ ដូច្នេះ មិនត្រូវចូលទៅថ្វាយព្រះស្ងោយរបស់ព្រះនៃខ្លួនឡើយ