9. ឯអស់អ្នកណាដែលបង្អាប់ដល់ឪពុកម្តាយខ្លួន នោះត្រូវសំឡាប់ចោលជាមិនខាន ដ្បិតបានបង្អាប់ដល់ឪពុកម្តាយខ្លួនហើយ ដូច្នេះ ឈាមគេត្រូវធ្លាក់មកលើគេវិញ។
10. ឯអ្នកណាដែលសហាយស្មន់នឹងប្រពន្ធគេ គឺនឹងប្រពន្ធរបស់អ្នកជិតខាងខ្លួន នោះត្រូវសំឡាប់ចេញទាំងប្រុសទាំងស្រីជាមិនខាន
11. បើមនុស្សណារួមដំណេកនឹងប្រពន្ធរបស់ឪពុក នោះឈ្មោះថាបានបើកកេរខ្មាសរបស់ឪពុកហើយ ត្រូវសំឡាប់អ្នកទាំង២នោះជាកុំខាន ឈាមគេត្រូវធ្លាក់មកលើគេវិញ
12. បើមនុស្សណារួមដំណេកនឹងកូនប្រសាស្រីរបស់ខ្លួន នោះត្រូវឲ្យសំឡាប់ចោលទាំង២នាក់ជាកុំខាន ដ្បិតជាការប្រព្រឹត្តច្របូកច្របល់ដ៏លាមក ឈាមគេត្រូវធ្លាក់មកលើគេវិញ
13. បើមានប្រុសណារួមដំណេកនឹងប្រុស ដូចជារួមនឹងស្រី នោះអ្នកទាំង២បានប្រព្រឹត្តអំពើគួរខ្ពើមហើយ ត្រូវសំឡាប់ចេញជាមិនខាន ឈាមគេត្រូវធ្លាក់មកលើគេវិញ
14. បើមនុស្សណាយកទាំងកូនស្រី និងម្តាយផងធ្វើជាប្រពន្ធ នោះជាការអាក្រក់ជួជាតិណាស់ ត្រូវដុតទាំងអស់គ្នានឹងភ្លើង ដើម្បីកុំឲ្យមានអំពើអាក្រក់ជួជាតិយ៉ាងនោះ នៅកណ្តាលឯងរាល់គ្នាឡើយ
15. បើមនុស្សណារួមសង្វាសនឹងសត្វ នោះត្រូវឲ្យសំឡាប់ចោលជាកុំខាន ហើយទាំងសត្វនោះក៏ត្រូវសំឡាប់ដែរ
16. បើស្ត្រីណាចូលទៅជិតសត្វណា ហើយរួមសង្វាសជាមួយ នោះត្រូវសំឡាប់ស្ត្រី ព្រមទាំងសត្វនោះផង ត្រូវសំឡាប់ទាំង២ កុំខាន ឈាមគេត្រូវធ្លាក់មកលើគេវិញ។
17. បើមនុស្សណាយកបង ឬប្អូនស្រីខ្លួន ទោះបើជាកូនខាងឪពុក ឬម្តាយខ្លួនក្តី ហើយក៏ឃើញកេរខ្មាសនាង នាងក៏ឃើញកេរខ្មាសរបស់ប្រុសនោះ យ៉ាងនោះជាការគួរខ្មាសហើយ អ្នកទាំង២នឹងត្រូវកាត់កាល់ចេញនៅចំពោះមុខពួកកូនចៅសាសន៍របស់ខ្លួន ដោយព្រោះបានបើកកេរខ្មាសបង ឬប្អូនស្រីខ្លួន អ្នកនោះត្រូវទ្រាំទ្រនឹងសេចក្ដីទុច្ចរិតរបស់ខ្លួន
18. បើមនុស្សណារួមដំណេកជាមួយនឹងស្ត្រីដែលមានរដូវ ហើយបើកកេរខ្មាសនាងនោះ នោះឈ្មោះថាបានសំរាតក្បាលឈាមនាង ហើយនាងក៏បានបើកក្បាលឈាមខ្លួនដែរ អ្នកទាំង២នោះត្រូវកាត់កាល់ពីសាសន៍របស់ខ្លួនចេញ