2. ត្រូវឲ្យយកទៅឯពួកកូនអើរ៉ុនដ៏ជាសង្ឃ ហើយត្រូវឲ្យសង្ឃយកម្សៅយ៉ាងម៉ដ្តនោះ១ក្តាប់ជាមួយនឹងប្រេងខ្លះ ព្រមទាំងកំញានទាំងអស់ទៅដុត ទុកជាទីរំឭកនៅលើអាសនា គឺជាដង្វាយដែលដុតសំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា
3. ឯចំណែកដង្វាយម្សៅដែលសល់នៅ នោះគឺសំរាប់អើរ៉ុន និងពួកកូនលោក ជារបស់បរិសុទ្ធបំផុត ក្នុងអស់ទាំងដង្វាយ ដែលដុតថ្វាយព្រះយេហូវ៉ា។
4. ហើយបើថ្វាយដង្វាយម្សៅ ដែលចំអិននៅក្នុងឡ នោះត្រូវថ្វាយជានំឥតដំបែ ធ្វើពីម្សៅយ៉ាងម៉ដ្ត លាយនឹងប្រេង ឬជានំក្រៀបឥតដំបែលាបដោយប្រេងក៏បាន។
5. ឬបើថ្វាយដង្វាយម្សៅដែលបានចំអិនក្នុងពុម្ព នោះត្រូវឲ្យធ្វើពីម្សៅយ៉ាងម៉ដ្តឥតដំបែលាយដោយប្រេង
6. ត្រូវបេះនំនោះជាដុំៗ ហើយចាក់ប្រេងពីលើ នេះហើយជាដង្វាយម្សៅ។
7. បើថ្វាយម្សៅដែលចៀននឹងខ្ទះ នោះត្រូវឲ្យធ្វើពីម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង
8. ឯដង្វាយម្សៅដែលបានធ្វើបែបយ៉ាងនេះ នោះត្រូវនាំយកទៅឯព្រះយេហូវ៉ា ត្រូវប្រគល់ដល់សង្ឃម្នាក់ ហើយត្រូវឲ្យសង្ឃនោះយកទៅឯអាសនា
9. រួចត្រូវយក១ចំណែកនៃដង្វាយម្សៅនោះទុកជាទីរំឭក ទៅដុតលើអាសនា គឺជាដង្វាយដុតសំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា
10. ឯចំណែកដង្វាយម្សៅដែលនៅសល់ នោះនឹងបានជារបស់សំរាប់អើរ៉ុន និងពួកកូនលោកវិញ ជារបស់បរិសុទ្ធបំផុត ក្នុងអស់ទាំងដង្វាយ ដែលដុតថ្វាយព្រះយេហូវ៉ា។
11. រីឯដង្វាយម្សៅណាដែលឯងរាល់គ្នានឹងថ្វាយដល់ព្រះយេហូវ៉ា នោះមិនត្រូវឲ្យលាយដោយដំបែឡើយ ដ្បិតមិនត្រូវដុតដំបែ ឬទឹកឃ្មុំ ទុកជាដង្វាយថ្វាយដល់ព្រះយេហូវ៉ាទេ
12. របស់ទាំង២នោះ ត្រូវថ្វាយដល់ព្រះយេហូវ៉ាទុកជាផលដំបូងវិញ តែមិនត្រូវដុតនៅលើអាសនា សំរាប់ជាក្លិនឈ្ងុយឡើយ