21. ហើយប្រុសនោះត្រូវយកដង្វាយដោយព្រោះការរំលងមកថ្វាយព្រះយេហូវ៉ា ត្រង់មាត់ទ្វារត្រសាលជំនុំ គឺជាចៀមឈ្មោល១ សំរាប់ជាដង្វាយដោយព្រោះការរំលង
22. នោះត្រូវឲ្យសង្ឃថ្វាយចៀមឈ្មោលនៃដង្វាយ ដោយព្រោះការរំលងនោះនៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យបានធួននឹងបាបរបស់អ្នកនោះ រួចទ្រង់នឹងអត់ទោសចំពោះបាបដែលអ្នកនោះបានប្រព្រឹត្ត។
23. កាលណាឯងរាល់គ្នាបានចូលទៅនៅក្នុងស្រុក ហើយបានដាំដើមឈើគ្រប់មុខឲ្យមានផ្លែបរិភោគ នោះត្រូវឲ្យរាប់ផ្លែឈើនោះ ទុកដូចជាមនុស្ស ដែលមិនកាត់ស្បែក គឺត្រូវរាប់ទុកដូចជាមិនបានកាត់ស្បែកអស់រវាង៣ឆ្នាំ មិនត្រូវបរិភោគផ្លែនោះឡើយ
24. តែដល់ឆ្នាំទី៤ ផ្លែឈើទាំងនោះនឹងបានបរិសុទ្ធវិញ សំរាប់នឹងថ្វាយដល់ព្រះយេហូវ៉ាដោយអរសប្បាយ
25. លុះដល់ឆ្នាំទី៥ នោះនឹងបរិភោគបាន នេះដើម្បីដើមឈើទាំងនោះបានចំរើនផលផ្លែឲ្យឯងរាល់គ្នា អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។
26. មិនត្រូវឲ្យឯងរាល់គ្នាបរិភោគសាច់ណាដែលជាប់មានទាំងឈាមផងនោះឡើយ មិនត្រូវប្រើរបៀនរបស់គ្រូអង្គុយធម៌ ឬមើលនក្ខត្តឫក្សផង
27. មិនត្រូវកោរក្រឡឹងសក់ក្បាលជុំវិញ ឬកាត់ដំរឹមពុកចង្ការបស់ឯងឡើយ
28. ក៏មិនត្រូវឆូតស្បែកដោយកាន់ទុក្ខមនុស្សស្លាប់ ឬសាក់ខ្លួនផងដែរ អញនេះជាព្រះយេហូវ៉ា។
29. កុំឲ្យបង្ខូចកូនស្រីឯង ដោយធ្វើឲ្យទៅជាស្រីសំផឹងឡើយ ក្រែងស្រុកឯងទៅជាសហាយស្មន់គ្រប់គ្នា ហើយបានពេញជាសេចក្ដីអាក្រក់ជួជាតិ
30. ត្រូវឲ្យរក្សាថ្ងៃឈប់សំរាករបស់អញ ហើយត្រូវកោតខ្លាចដល់ទីបរិសុទ្ធរបស់អញផង អញនេះជាព្រះយេហូវ៉ា។
31. កុំឲ្យឯងរាល់គ្នាបែរទៅតាមពួកគ្រូខាប ឬគ្រូមន្តគាថាឡើយ កុំឲ្យពឹងរកគេឲ្យសោះ ក្រែងឯងទៅជាស្មោកគ្រោកដោយសារគេដែរ អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។
32. ត្រូវឲ្យឯងក្រោកឡើងឈរនៅមុខមនុស្សចាស់សក់ស ត្រូវគោរពដល់មនុស្សមានវ័យចំរើន ហើយត្រូវកោតខ្លាចដល់ព្រះនៃឯងដែរ អញនេះជាព្រះយេហូវ៉ា
33. បើមានមនុស្សប្រទេសក្រៅណាមកស្នាក់នៅក្នុងស្រុកជាមួយនឹងឯង នោះកុំឲ្យធ្វើបាបគេឡើយ