10. ហើយក៏មិនត្រូវសន្សំបេះផ្លែទំពាំងបាយជូរ ឬរើសផ្លែដែលជ្រុះនៅចំការរបស់ឯងដែរ ត្រូវទុកសំរាប់ឲ្យពួកអ្នកក្រ និងពួកអ្នកស្នាក់វិញ អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។
11. មិនត្រូវឲ្យឯងរាល់គ្នាលួច ឬប្រព្រឹត្តឆបោក ឬកុហកគ្នាទៅវិញទៅមកឡើយ
12. ហើយមិនត្រូវស្បថបំពានដោយនូវឈ្មោះអញ ទាំងបង្អាប់ដល់ព្រះនាមព្រះនៃឯងឡើយ អញនេះជាព្រះយេហូវ៉ា
13. មិនត្រូវឲ្យឯងសង្កត់សង្កិនអ្នកជិតខាង ឬរឹបជាន់គេឡើយ ក៏មិនត្រូវទុកឈ្នួលរបស់ជើងឈ្នួលឯងឲ្យនៅដល់ព្រឹកដែរ
14. មិនត្រូវជេរប្រមាថចំពោះមនុស្សថ្លង់ ឬធ្វើអ្វីឲ្យមនុស្សខ្វាក់ដួលនោះឡើយ គឺត្រូវឲ្យកោតខ្លាចដល់ព្រះនៃឯងវិញ អញនេះជាព្រះយេហូវ៉ា។
15. មិនត្រូវឲ្យឯងរាល់គ្នាប្រព្រឹត្តទុច្ចរិត ក្នុងរឿងក្តីឡើយ ក៏មិនត្រូវយល់មុខខាងឯអ្នកតូច ឬខ្លាចអ្នកធំដែរ គឺត្រូវឲ្យជំនុំជំរះអ្នកជិតខាងឯងដោយសុចរិតវិញ
16. មិនត្រូវដើរចុះឡើងនិយាយដើមពីគេក្នុងពួកសាសន៍ឯងឡើយ មិនត្រូវឈរទាស់នឹងឈាមអ្នកជិតខាងឯងដែរ អញនេះជាព្រះយេហូវ៉ា
17. មិនត្រូវមានចិត្តស្អប់ដល់បងប្អូនឯងឡើយ ក៏កុំឲ្យខាននឹងបន្ទោសដល់អ្នកជិតខាងឯងដែរ ដើម្បីកុំឲ្យជាប់មានបាបដោយព្រោះគេ
18. មិនត្រូវសងសឹក ឬចងគំនុំគុំគួននឹងពួកកូនចៅរបស់សាសន៍ឯងឡើយ គឺត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯងវិញ អញនេះជាព្រះយេហូវ៉ា។
19. ត្រូវឲ្យឯងរាល់គ្នាកាន់តាមអស់ទាំងច្បាប់របស់អញ មិនត្រូវឲ្យសត្វឯងជាន់សត្វញីណាខុសពូជគ្នាឡើយ ក៏មិនត្រូវព្រោះពូជ២យ៉ាងនៅស្រែចំការឯងដែរ ហើយមិនត្រូវស្លៀកពាក់អ្វី ដែលលាយដោយអំបោះ២យ៉ាងឡើយ
20. បើអ្នកណាសេពសម្ភពនឹងស្រីជាបាវបំរើដែលមានគេដណ្តឹងហើយ តែមិនទាន់បានលោះចេញ ឬដែលចៅហ្វាយមិនទាន់លែងឲ្យទៅ នោះគេត្រូវមានទោស តែមិនត្រូវដាក់ទោសដល់ស្លាប់ទេ ពីព្រោះមិនសំរេចនឹងចិត្តនាងទេ