2. ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា អញនេះគឺជាយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា
3. មិនត្រូវឲ្យឯងរាល់គ្នាប្រព្រឹត្តតាមអំពើដែលគេធ្វើនៅស្រុកអេស៊ីព្ទ ជាស្រុកដែលឯងរាល់គ្នាបានអាស្រ័យនោះនៅឡើយ ក៏មិនត្រូវឲ្យប្រព្រឹត្តតាមអំពើដែលគេធ្វើនៅស្រុកកាណាន ជាស្រុកដែលអញនាំឯងរាល់គ្នាទៅនៅនោះដែរ កុំឲ្យដើរតាមរបៀបរបស់គេឲ្យសោះ
4. ត្រូវឲ្យឯងរាល់គ្នារក្សាបញ្ញត្តរបស់អញ ហើយកាន់តាមអស់ទាំងច្បាប់របស់អញវិញ ដើម្បីនឹងប្រព្រឹត្តតាម អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា
5. ដូច្នេះ ត្រូវឲ្យឯងរាល់គ្នាកាន់តាមអស់ទាំងច្បាប់ និងបញ្ញត្តទាំងប៉ុន្មានរបស់អញ បើអ្នកណាកាន់តាម នោះនឹងរស់នៅដោយសារសេចក្ដីទាំងនោះឯង អញនេះគឺជាព្រះយេហូវ៉ា។
6. កុំឲ្យអ្នកណាក្នុងពួកឯងរាល់គ្នាចូលទៅជិតបើកកេរខ្មាសរបស់សាច់ញាតិដែលជិតដិតឡើយ អញនេះជាព្រះយេហូវ៉ា
7. ឯកេរខ្មាសរបស់ឪពុកឯង គឺជាកេរខ្មាសម្តាយឯង នោះកុំឲ្យបើកឲ្យសោះ ដ្បិតគាត់ជាម្តាយឯង មិនត្រូវបើកកេរខ្មាសគាត់ឡើយ
8. ឯកេរខ្មាសនៃប្រពន្ធរបស់ឪពុកឯង នោះមិនត្រូវបើកឡើយ ដ្បិតគឺជាកេរខ្មាសរបស់ឪពុកឯងហើយ
9. ឯកេរខ្មាសរបស់បង ឬប្អូនស្រីឯង ទោះបើជាកូនខាងឪពុក ឬខាងម្តាយឯង ដែលកើតនៅផ្ទះ ឬនៅឯណាទៀតក្តី នោះក៏មិនត្រូវបើកឡើយ
10. ឯកេរខ្មាសរបស់ចៅស្រីខាងកូនប្រុស ឬខាងកូនស្រីឯង នោះមិនត្រូវបើកឡើយ ដ្បិតគឺជាកេរខ្មាសរបស់ខ្លួនឯងហើយ
11. ឯកេរខ្មាសរបស់កូនស្រីនៃប្រពន្ធឪពុកឯង ដែលឪពុកឯងបង្កើតមក នោះមិនត្រូវបើកឡើយ ដ្បិតនាងនោះជាបង ឬប្អូនស្រីបង្កើតនឹងឯងហើយ
12. កុំឲ្យបើកកេរខ្មាសរបស់ម្តាយធំ ឬម្តាយមីងខាងឪពុកឯងឡើយ ដ្បិតនាងនោះជាសាច់បង្កើតនឹងឪពុកឯង
13. ក៏កុំឲ្យបើកកេរខ្មាសរបស់ម្តាយធំ ឬម្តាយមីងខាងម្តាយឯងដែរ ដ្បិតនាងជាសាច់បង្កើតនឹងម្តាយឯងហើយ
14. កុំឲ្យបើកកេរខ្មាសរបស់ឪពុកធំ ឬឪពុកមាខាងឪពុកឯង គឺមិនត្រូវចូលទៅជិតប្រពន្ធគាត់ឡើយ ដ្បិតនាងជាម្តាយធំ ឬម្តាយមីងឯងហើយ
15. កុំឲ្យបើកកេរខ្មាសរបស់កូនប្រសាស្រីឯងដែរ ដ្បិតនាងជាប្រពន្ធរបស់កូនឯងហើយ ដូច្នេះ មិនត្រូវបើកកេរខ្មាសរបស់នាងឡើយ