5. នេះដើម្បីឲ្យពួកកូនចៅអ៊ីស្រាអែលបាននាំអស់ទាំងយញ្ញបូជានៃគេ ដែលតែងថ្វាយនៅវាល មកថ្វាយដល់ព្រះយេហូវ៉ានៅមាត់ទ្វារត្រសាលជំនុំវិញ គឺមកឯសង្ឃ ដើម្បីនឹងថ្វាយទុកជាយញ្ញបូជានៃដង្វាយមេត្រីដល់ព្រះយេហូវ៉ា
6. នោះសង្ឃនឹងប្រោះឈាមនៅលើអាសនានៃព្រះយេហូវ៉ាត្រង់មាត់ទ្វារត្រសាលជំនុំ ហើយនឹងដុតខ្លាញ់ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ាដែរ
7. ដូច្នេះ គេនឹងមិនថ្វាយយញ្ញបូជារបស់គេចំពោះរូបសត្វដែលគេផិតទៅតាមនោះទៀតឡើយ នេះហើយជាច្បាប់នៅអស់កល្បជានិច្ច សំរាប់គ្រប់ទាំងដំណគេតរៀងទៅ
8. ត្រូវឲ្យប្រាប់គេថា អស់អ្នកណាក្នុងពួកវង្សអ៊ីស្រាអែល ឬអ្នកប្រទេសក្រៅណានៅកណ្តាលគេ ដែលថ្វាយដង្វាយដុត ឬយញ្ញបូជា
9. ឥតនាំមកឯទ្វារត្រសាលជំនុំ ដើម្បីនឹងថ្វាយដល់ព្រះយេហូវ៉ា អ្នកនោះត្រូវកាត់កាល់ពីសាសន៍របស់ខ្លួនចេញ។
10. ឯអ្នកណាក្នុងពួកវង្សអ៊ីស្រាអែល ឬអ្នកប្រទេសក្រៅណានៅកណ្តាលគេ ដែលនឹងបរិភោគឈាមអ្វីក៏ដោយ នោះអញនឹងតាំងមុខទាស់នឹងអ្នកដែលបរិភោគឈាមនោះ ហើយនឹងកាត់គេចេញពីសាសន៍របស់ខ្លួន
11. ដ្បិតជីវិតនៃរូបសាច់ នោះនៅក្នុងឈាម ហើយអញបានឲ្យឈាមដល់ឯងរាល់គ្នា សំរាប់នឹងថ្វាយនៅលើអាសនា ដើម្បីឲ្យបានធួននឹងជីវិតឯង ដ្បិតគឺជាឈាមនោះឯងដែលធួននឹងព្រលឹងបាន
12. ដោយហេតុនោះបានជាអញហាមដល់ពួកកូនចៅអ៊ីស្រាអែលថា កុំឲ្យអ្នកណាក្នុងពួកឯងរាល់គ្នាបរិភោគឈាមឲ្យសោះ ក៏មិនត្រូវឲ្យពួកប្រទេសក្រៅ ដែលនៅកណ្តាលឯងរាល់គ្នាបរិភោគដែរ