3. នេះហើយជាច្បាប់ ដែលអើរ៉ុនចូលទៅក្នុងទីបរិសុទ្ធបាន គឺដោយយកគោឈ្មោលស្ទាវ១មក សំរាប់ជាដង្វាយលោះបាប និងចៀមឈ្មោល១សំរាប់ជាដង្វាយដុត
4. ត្រូវឲ្យពាក់អាវខ្លូតទេសបរិសុទ្ធ និងស្លៀកខោស្នាប់ភ្លៅខ្លូតទេស ព្រមទាំងក្រវាត់ខ្សែក្រវាត់ខ្លូតទេស ហើយពាក់មួកខ្លូតទេសនៅក្បាល នោះជាសំលៀកបំពាក់បរិសុទ្ធ បានជាត្រូវឲ្យងូតទឹកសិន រួចសឹមស្លៀកពាក់របស់ទាំងនោះជាខាងក្រោយ
5. រួចត្រូវយកពពែឈ្មោល២ សំរាប់ជាដង្វាយលោះបាប និងចៀមឈ្មោល១ សំរាប់ជាដង្វាយដុត ពីពួកជំនុំកូនចៅអ៊ីស្រាអែល។
6. អើរ៉ុនត្រូវថ្វាយគោឈ្មោល ដែលសំរាប់ជាដង្វាយលោះបាបនោះ ទុកជាដង្វាយថ្វាយដោយព្រោះខ្លួន ដើម្បីឲ្យបានធួននឹងខ្លួន ហើយនឹងពូជពង្សផង
7. រួចត្រូវយកពពែឈ្មោលទាំង២នោះ ទៅដាក់នៅចំពោះព្រះយេហូវ៉ា ត្រង់មាត់ទ្វារត្រសាលជំនុំ
8. ហើយចាប់ឆ្នោតពពែទាំង២នោះ ១សំរាប់ព្រះយេហូវ៉ា ១ទៀតសំរាប់បំបរបង់ទៅ
9. អើរ៉ុនត្រូវយកពពែ ដែលចាប់ឆ្នោតត្រូវសំរាប់ព្រះយេហូវ៉ា មកថ្វាយទុកជាដង្វាយលោះបាប
10. តែឯពពែដែលចាប់ឆ្នោតត្រូវសំរាប់បំបរបង់ទៅ នោះត្រូវយកមកដាក់ទាំងរស់នៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យបានធួននឹងបាប រួចចាត់គេឲ្យនាំយកទៅលែងឯទីរហោស្ថាន។
11. ត្រូវឲ្យអើរ៉ុននាំគោឈ្មោលនៃដង្វាយលោះបាប ដែលសំរាប់ខ្លួនមកឲ្យធួននឹងខ្លួន ហើយនឹងពូជពង្សដែរ រួចសំឡាប់គោនោះថ្វាយដោយព្រោះបាបខ្លួន
12. ត្រូវឲ្យយកជើងពានដាក់ពេញដោយរងើកភ្លើង ពីលើអាសនាដែលនៅចំពោះព្រះយេហូវ៉ា ហើយយកគ្រឿងក្រអូបដែលបុកយ៉ាងម៉ដ្ត ចំនួន២ក្តាប់ នាំចូលទៅខាងក្នុងវាំងនន
13. រួចរោយចុះនៅលើភ្លើងចំពោះព្រះយេហូវ៉ា ដើម្បីឲ្យផ្សែងនៃគ្រឿងក្រអូបនោះហុយឡើង ទៅបាំងទីសន្តោសប្រោសដែលនៅលើហឹបនៃសេចក្ដីបន្ទាល់ ក្រែងលោត្រូវស្លាប់
14. ហើយត្រូវយកឈាមគោនោះ ទៅប្រោះដោយម្រាមដៃលើប៉ែកខាងកើត នៃទីសន្តោសប្រោស ឯខាងមុខទីសន្តោសប្រោស ក៏ត្រូវប្រោះឈាមដោយម្រាមដៃអស់៧ដងដែរ។
15. រួចអើរ៉ុនត្រូវសំឡាប់ពពែឈ្មោលនៃដង្វាយលោះបាបដែលថ្វាយសំរាប់ពួកជន ហើយយកឈាមនាំចូលទៅខាងក្នុងវាំងនន ទាំងប្រោះឈាមពពែនោះដូចជាបានប្រោះឈាមគោឈ្មោលដែរ គឺត្រូវប្រោះឈាមនៅលើទីសន្តោសប្រោស ហើយនៅខាងមុខដែរ
16. ដូច្នេះ នឹងបានធ្វើឲ្យធួននឹងទីបរិសុទ្ធ ដោយព្រោះសេចក្ដីស្មោកគ្រោករបស់ពួកកូនចៅអ៊ីស្រាអែល និងអស់ទាំងសេចក្ដីរំលងរបស់គេ គឺអស់ទាំងបាបដែលគេបានប្រព្រឹត្តទាំងប៉ុន្មាន ត្រូវឲ្យធ្វើដូច្នោះឲ្យបានធួននឹងត្រសាលជំនុំ ដែលនៅជាមួយនឹងគេ គឺនៅកណ្តាលអស់ទាំងសេចក្ដីស្មោកគ្រោករបស់គេ