19. ត្រូវប្រោះឈាមនោះដោយម្រាមដៃអស់៧ដងទៅលើអាសនា ព្រមទាំងញែកចេញជាស្អាត ឲ្យបានបរិសុទ្ធ រួចពីអស់ទាំងសេចក្ដីស្មោកគ្រោករបស់ពួកកូនចៅអ៊ីស្រាអែល។
20. កាលអើរ៉ុនបានធ្វើឲ្យធួននឹងទីបរិសុទ្ធ ព្រមទាំងត្រសាលជំនុំ និងអាសនារួចហើយ នោះត្រូវនាំពពែ១ដែលនៅរស់នោះមក
21. រួចដាក់ដៃទាំង២នៅលើក្បាលពពែនោះ លន់តួពីអស់ទាំងសេចក្ដីទុច្ចរិត និងអស់ទាំងសេចក្ដីរំលងរបស់ពួកកូនចៅអ៊ីស្រាអែល ពីលើពពែនោះ គឺអំពើបាបរបស់គេទាំងអស់ ត្រូវដាក់ទាំងអស់លើក្បាលពពែនោះ រួចប្រគល់ដល់មនុស្សម្នាក់ដែលប្រុងជាស្រេច ដើម្បីដឹកវាទៅឯទីរហោស្ថាន
22. ឯពពែនោះត្រូវផ្ទុកអស់ទាំងសេចក្ដីទុច្ចរិតរបស់គេ លើខ្លួនចេញទៅឯទីតំបន់សូន្យស្ងាត់ រួចអ្នកនោះត្រូវលែងវានៅទីរហោស្ថាននោះ។
23. រួចអើរ៉ុនត្រូវចូលទៅក្នុងត្រសាលជំនុំវិញ ដោះសំលៀកបំពាក់ខ្លូតទេសដែលបានស្លៀកពាក់ ក្នុងកាលដែលចូលទៅក្នុងទីបរិសុទ្ធនោះចេញទុកនៅទីនោះ
24. រួចមកត្រូវងូតទឹកត្រង់កន្លែងបរិសុទ្ធ ហើយស្លៀកពាក់ឡើងវិញ ចេញមកថ្វាយដង្វាយដុតរបស់ខ្លួន និងដង្វាយដុតរបស់ពួកជន ដើម្បីឲ្យបានធួននឹងខ្លួន ហើយនឹងពួកជនផង