17. មិនត្រូវឲ្យមានអ្នកណាមួយនៅក្នុងត្រសាលជំនុំ ក្នុងកាលដែលលោកចូលទៅ ធ្វើឲ្យធួននឹងបាបនៅក្នុងទីបរិសុទ្ធឡើយ ដរាបដល់ចេញមកវិញ ហើយបានធ្វើឲ្យធួននឹងខ្លួន ព្រមទាំងពូជពង្ស ហើយនឹងពួកជំនុំនៃសាសន៍អ៊ីស្រាអែលទាំងអស់គ្នាផង
18. រួចត្រូវឲ្យលោកចេញទៅឯអាសនា ដែលនៅចំពោះព្រះយេហូវ៉ា ដើម្បីនឹងធ្វើឲ្យធួននឹងអាសនានោះ ដោយយកឈាមគោឈ្មោល និងឈាមពពែនោះ ទៅប្រឡាក់នៅស្នែងអាសនាជុំវិញ
19. ត្រូវប្រោះឈាមនោះដោយម្រាមដៃអស់៧ដងទៅលើអាសនា ព្រមទាំងញែកចេញជាស្អាត ឲ្យបានបរិសុទ្ធ រួចពីអស់ទាំងសេចក្ដីស្មោកគ្រោករបស់ពួកកូនចៅអ៊ីស្រាអែល។
20. កាលអើរ៉ុនបានធ្វើឲ្យធួននឹងទីបរិសុទ្ធ ព្រមទាំងត្រសាលជំនុំ និងអាសនារួចហើយ នោះត្រូវនាំពពែ១ដែលនៅរស់នោះមក
21. រួចដាក់ដៃទាំង២នៅលើក្បាលពពែនោះ លន់តួពីអស់ទាំងសេចក្ដីទុច្ចរិត និងអស់ទាំងសេចក្ដីរំលងរបស់ពួកកូនចៅអ៊ីស្រាអែល ពីលើពពែនោះ គឺអំពើបាបរបស់គេទាំងអស់ ត្រូវដាក់ទាំងអស់លើក្បាលពពែនោះ រួចប្រគល់ដល់មនុស្សម្នាក់ដែលប្រុងជាស្រេច ដើម្បីដឹកវាទៅឯទីរហោស្ថាន
22. ឯពពែនោះត្រូវផ្ទុកអស់ទាំងសេចក្ដីទុច្ចរិតរបស់គេ លើខ្លួនចេញទៅឯទីតំបន់សូន្យស្ងាត់ រួចអ្នកនោះត្រូវលែងវានៅទីរហោស្ថាននោះ។
23. រួចអើរ៉ុនត្រូវចូលទៅក្នុងត្រសាលជំនុំវិញ ដោះសំលៀកបំពាក់ខ្លូតទេសដែលបានស្លៀកពាក់ ក្នុងកាលដែលចូលទៅក្នុងទីបរិសុទ្ធនោះចេញទុកនៅទីនោះ
24. រួចមកត្រូវងូតទឹកត្រង់កន្លែងបរិសុទ្ធ ហើយស្លៀកពាក់ឡើងវិញ ចេញមកថ្វាយដង្វាយដុតរបស់ខ្លួន និងដង្វាយដុតរបស់ពួកជន ដើម្បីឲ្យបានធួននឹងខ្លួន ហើយនឹងពួកជនផង
25. ឯខ្លាញ់នៃដង្វាយលោះបាប នោះត្រូវដុតនៅលើអាសនា
26. ចំណែកអ្នកដែលដឹកពពែទៅបំបរបង់នោះ ត្រូវឲ្យបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ ទើបនឹងចូលមកក្នុងទីដំឡើងត្រសាលបាន
27. ឯគោឈ្មោលនៃដង្វាយលោះបាប និងពពែនៃដង្វាយលោះបាបនោះ ដែលបានយកឈាមចូលទៅក្នុងទីបរិសុទ្ធ ឲ្យធួននឹងបាប នោះត្រូវលើកយកចេញទៅខាងក្រៅទីដំឡើងត្រសាល រួចត្រូវដុតទាំងស្បែកទាំងសាច់ និងលាមកទៅ