12. ត្រូវឲ្យយកជើងពានដាក់ពេញដោយរងើកភ្លើង ពីលើអាសនាដែលនៅចំពោះព្រះយេហូវ៉ា ហើយយកគ្រឿងក្រអូបដែលបុកយ៉ាងម៉ដ្ត ចំនួន២ក្តាប់ នាំចូលទៅខាងក្នុងវាំងនន
13. រួចរោយចុះនៅលើភ្លើងចំពោះព្រះយេហូវ៉ា ដើម្បីឲ្យផ្សែងនៃគ្រឿងក្រអូបនោះហុយឡើង ទៅបាំងទីសន្តោសប្រោសដែលនៅលើហឹបនៃសេចក្ដីបន្ទាល់ ក្រែងលោត្រូវស្លាប់
14. ហើយត្រូវយកឈាមគោនោះ ទៅប្រោះដោយម្រាមដៃលើប៉ែកខាងកើត នៃទីសន្តោសប្រោស ឯខាងមុខទីសន្តោសប្រោស ក៏ត្រូវប្រោះឈាមដោយម្រាមដៃអស់៧ដងដែរ។
15. រួចអើរ៉ុនត្រូវសំឡាប់ពពែឈ្មោលនៃដង្វាយលោះបាបដែលថ្វាយសំរាប់ពួកជន ហើយយកឈាមនាំចូលទៅខាងក្នុងវាំងនន ទាំងប្រោះឈាមពពែនោះដូចជាបានប្រោះឈាមគោឈ្មោលដែរ គឺត្រូវប្រោះឈាមនៅលើទីសន្តោសប្រោស ហើយនៅខាងមុខដែរ
16. ដូច្នេះ នឹងបានធ្វើឲ្យធួននឹងទីបរិសុទ្ធ ដោយព្រោះសេចក្ដីស្មោកគ្រោករបស់ពួកកូនចៅអ៊ីស្រាអែល និងអស់ទាំងសេចក្ដីរំលងរបស់គេ គឺអស់ទាំងបាបដែលគេបានប្រព្រឹត្តទាំងប៉ុន្មាន ត្រូវឲ្យធ្វើដូច្នោះឲ្យបានធួននឹងត្រសាលជំនុំ ដែលនៅជាមួយនឹងគេ គឺនៅកណ្តាលអស់ទាំងសេចក្ដីស្មោកគ្រោករបស់គេ
17. មិនត្រូវឲ្យមានអ្នកណាមួយនៅក្នុងត្រសាលជំនុំ ក្នុងកាលដែលលោកចូលទៅ ធ្វើឲ្យធួននឹងបាបនៅក្នុងទីបរិសុទ្ធឡើយ ដរាបដល់ចេញមកវិញ ហើយបានធ្វើឲ្យធួននឹងខ្លួន ព្រមទាំងពូជពង្ស ហើយនឹងពួកជំនុំនៃសាសន៍អ៊ីស្រាអែលទាំងអស់គ្នាផង
18. រួចត្រូវឲ្យលោកចេញទៅឯអាសនា ដែលនៅចំពោះព្រះយេហូវ៉ា ដើម្បីនឹងធ្វើឲ្យធួននឹងអាសនានោះ ដោយយកឈាមគោឈ្មោល និងឈាមពពែនោះ ទៅប្រឡាក់នៅស្នែងអាសនាជុំវិញ
19. ត្រូវប្រោះឈាមនោះដោយម្រាមដៃអស់៧ដងទៅលើអាសនា ព្រមទាំងញែកចេញជាស្អាត ឲ្យបានបរិសុទ្ធ រួចពីអស់ទាំងសេចក្ដីស្មោកគ្រោករបស់ពួកកូនចៅអ៊ីស្រាអែល។
20. កាលអើរ៉ុនបានធ្វើឲ្យធួននឹងទីបរិសុទ្ធ ព្រមទាំងត្រសាលជំនុំ និងអាសនារួចហើយ នោះត្រូវនាំពពែ១ដែលនៅរស់នោះមក
21. រួចដាក់ដៃទាំង២នៅលើក្បាលពពែនោះ លន់តួពីអស់ទាំងសេចក្ដីទុច្ចរិត និងអស់ទាំងសេចក្ដីរំលងរបស់ពួកកូនចៅអ៊ីស្រាអែល ពីលើពពែនោះ គឺអំពើបាបរបស់គេទាំងអស់ ត្រូវដាក់ទាំងអស់លើក្បាលពពែនោះ រួចប្រគល់ដល់មនុស្សម្នាក់ដែលប្រុងជាស្រេច ដើម្បីដឹកវាទៅឯទីរហោស្ថាន