1. ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងម៉ូសេ ក្នុងពេលក្រោយដែលកូនអើរ៉ុនទាំង២បានត្រូវស្លាប់ ដោយព្រោះបានចូលទៅចំពោះទ្រង់
2. គឺទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរហាមដល់អើរ៉ុនបងឯង កុំឲ្យចូលជារាល់ពេលមកក្នុងទីបរិសុទ្ធខាងក្នុងវាំងនន នៅមុខទីសន្តោសប្រោសដែលនៅលើហឹបនោះឡើយ ក្រែងលោត្រូវស្លាប់ ដ្បិតអញនឹងលេចមកក្នុងពពកនៅលើទីសន្តោសប្រោស
3. នេះហើយជាច្បាប់ ដែលអើរ៉ុនចូលទៅក្នុងទីបរិសុទ្ធបាន គឺដោយយកគោឈ្មោលស្ទាវ១មក សំរាប់ជាដង្វាយលោះបាប និងចៀមឈ្មោល១សំរាប់ជាដង្វាយដុត
4. ត្រូវឲ្យពាក់អាវខ្លូតទេសបរិសុទ្ធ និងស្លៀកខោស្នាប់ភ្លៅខ្លូតទេស ព្រមទាំងក្រវាត់ខ្សែក្រវាត់ខ្លូតទេស ហើយពាក់មួកខ្លូតទេសនៅក្បាល នោះជាសំលៀកបំពាក់បរិសុទ្ធ បានជាត្រូវឲ្យងូតទឹកសិន រួចសឹមស្លៀកពាក់របស់ទាំងនោះជាខាងក្រោយ
5. រួចត្រូវយកពពែឈ្មោល២ សំរាប់ជាដង្វាយលោះបាប និងចៀមឈ្មោល១ សំរាប់ជាដង្វាយដុត ពីពួកជំនុំកូនចៅអ៊ីស្រាអែល។
6. អើរ៉ុនត្រូវថ្វាយគោឈ្មោល ដែលសំរាប់ជាដង្វាយលោះបាបនោះ ទុកជាដង្វាយថ្វាយដោយព្រោះខ្លួន ដើម្បីឲ្យបានធួននឹងខ្លួន ហើយនឹងពូជពង្សផង
7. រួចត្រូវយកពពែឈ្មោលទាំង២នោះ ទៅដាក់នៅចំពោះព្រះយេហូវ៉ា ត្រង់មាត់ទ្វារត្រសាលជំនុំ
8. ហើយចាប់ឆ្នោតពពែទាំង២នោះ ១សំរាប់ព្រះយេហូវ៉ា ១ទៀតសំរាប់បំបរបង់ទៅ
9. អើរ៉ុនត្រូវយកពពែ ដែលចាប់ឆ្នោតត្រូវសំរាប់ព្រះយេហូវ៉ា មកថ្វាយទុកជាដង្វាយលោះបាប