3. នេះឯងជាសេចក្ដីស្មោកគ្រោករបស់អ្នកនោះ ក្នុងកាលដែលហូរខ្ទុះ ទោះបើកំពុងតែហូរនៅឡើយ ឬបាត់ទៅក្តី នោះគង់តែរាប់ជាស្មោកគ្រោកដែរ
4. គ្រប់ទាំងដំណេកណាដែលមនុស្សនោះបានដេកនៅ នោះត្រូវស្មោកគ្រោក ហើយរបស់អ្វីដែលអ្នកនោះអង្គុយចុះ ក៏ត្រូវស្មោកគ្រោកដែរ
5. បើអ្នកណាពាល់គ្រែរបស់អ្នកនោះ ត្រូវឲ្យបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាស្មោកគ្រោក រហូតដល់ល្ងាច
6. ហើយបើអ្នកណាអង្គុយលើរបស់អ្វី ដែលមនុស្សហូរខ្ទុះនោះបានអង្គុយនៅ នោះត្រូវបោកសំលៀកបំពាក់របស់ខ្លួន ហើយងូតទឹកចេញ រួចនៅជាស្មោកគ្រោករហូតដល់ល្ងាច
7. បើអ្នកណាពាល់សាច់មនុស្សនោះ ត្រូវឲ្យបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាស្មោកគ្រោករហូតដល់ល្ងាច
8. បើមនុស្សដែលហូរខ្ទុះនោះស្តោះទៅលើមនុស្សដែលស្អាត អ្នកនោះត្រូវបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាស្មោកគ្រោករហូតដល់ល្ងាច
9. គ្រប់ទាំងកែបណាដែលមនុស្សហូរខ្ទុះនោះនឹងជិះ នោះត្រូវស្មោកគ្រោកដែរ
10. បើអ្នកណាពាល់របស់អ្វីដែលបាននៅក្រោមអ្នកនោះ នោះត្រូវនៅជាស្មោកគ្រោករហូតដល់ល្ងាច ហើយអ្នកណាដែលចាប់លើករបស់ណាមួយនោះ ក៏ត្រូវបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាស្មោកគ្រោករហូតដល់ល្ងាច
11. បើមនុស្សហូរខ្ទុះនោះពាល់អ្នកណាឥតលាងដៃ អ្នកនោះត្រូវបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាស្មោកគ្រោករហូតដល់ល្ងាច
12. ឯប្រដាប់ណាធ្វើពីដីដែលមនុស្សហូរខ្ទុះនឹងចាប់ពាល់ នោះត្រូវបំបែកចោលចេញ ហើយគ្រប់ទាំងប្រដាប់ធ្វើពីឈើ នោះត្រូវលាងនឹងទឹកចេញដែរ។