25. បើស្ត្រីណាធ្លាក់ឈាមជាយូរថ្ងៃខុសរដូវ ឬបើធ្លាក់ឈាមមកហួសរដូវ នោះនាងត្រូវជាមិនស្អាតរាល់តែថ្ងៃដែលធ្លាក់ឈាមស្មោកគ្រោកនោះមក ដូចជានៅវេលាដែលមានរដូវដែរ ដ្បិតនាងមិនស្អាតហើយ
26. គ្រប់ទាំងដំណេកណាដែលនាងដេកនៅ ក្នុងវេលាដែលធ្លាក់ឈាម នោះត្រូវទុកដូចជាដំណេក ដែលនាងដេក ក្នុងកាលដែលមានរដូវដែរ ហើយគ្រប់ទាំងរបស់អ្វីដែលនាងអង្គុយចុះ នោះត្រូវជាមិនស្អាត ដូចជាសេចក្ដីស្មោកគ្រោកនៅរដូវនាងដែរ
27. បើអ្នកណាប៉ះពាល់នឹងរបស់ណាមួយនោះ អ្នកនោះក៏មិនស្អាតដែរ ត្រូវឲ្យបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាច
28. បើកាលណានាងបានស្អាតខ្លួន ពីឈាមនោះហើយ នោះនាងត្រូវរាប់ឲ្យគ្រប់៧ថ្ងៃ រួចមកនឹងបានស្អាតវិញ
29. លុះដល់ថ្ងៃទី៨ ត្រូវឲ្យនាងយកលលក២ ឬព្រាបជំទើរ២ មកប្រគល់ដល់សង្ឃនៅមាត់ទ្វារត្រសាលជំនុំ
30. ត្រូវឲ្យសង្ឃថ្វាយ១ជាដង្វាយលោះបាប ១ទៀតជាដង្វាយដុត ហើយត្រូវធ្វើឲ្យធួននឹងនាងនៅចំពោះព្រះយេហូវ៉ា ដោយព្រោះធ្លាក់ឈាមស្មោកគ្រោកនោះ។