16. បើសិនជាមនុស្សណាចេញទឹកកាម នោះត្រូវឲ្យងូតទឹកដុសលាងសាច់ទាំងអស់ចេញ ហើយនៅជាមិនស្អាតរហូតដល់ល្ងាច
17. ហើយសំលៀកបំពាក់ ឬកន្ទេលណាដែលប្រឡាក់ដោយទឹកកាមនោះ ក៏ត្រូវលាងចេញ ហើយនៅជាមិនស្អាតរហូត ដល់ល្ងាចដែរ
18. ឯស្ត្រី និងបុរសណាដែលបានសេពសម្ភពគ្នាហើយ នោះត្រូវឲ្យងូតទឹកចេញទាំង២នាក់ ហើយនៅជាមិនស្អាតរហូតដល់ល្ងាច។
19. បើស្ត្រីណាធ្លាក់ឈាមដោយមានរដូវ នោះត្រូវនៅជាមិនស្អាតអស់៧ថ្ងៃ អ្នកណាដែលពាល់នាង នោះត្រូវនៅជាមិនស្អាតរហូតដល់ល្ងាច
20. គ្រប់ទាំងដំណេកណាដែលនាងដេកនៅក្នុងកាលដែលមិនស្អាត ហើយគ្រប់របស់អ្វីនាងបានអង្គុយចុះ ក៏ត្រូវរាប់ជាមិនស្អាតដែរ
21. ឯអ្នកណាដែលពាល់គ្រែរបស់នាង នោះត្រូវឲ្យបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាច
22. ហើយអ្នកណាដែលពាល់របស់អ្វីដែលនាងបានអង្គុយ នោះត្រូវឲ្យបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាច
23. បើមានអ្វីនៅលើគ្រែ ឬនៅលើរបស់ណាដែលនាងបានអង្គុយ ហើយអ្នកណាទៅប៉ះពាល់ នោះត្រូវនៅជាមិនស្អាតរហូតដល់ល្ងាច
24. បើមានបុរសណាទៅរួមដំណេកនឹងនាង ហើយសេចក្ដីស្មោកគ្រោករបស់នាងក៏សៅហ្មងដល់ខ្លួន អ្នកនោះត្រូវស្មោកគ្រោកអស់៧ថ្ងៃ ហើយគ្រប់ទាំងដំណេកដែលបុរសនោះដេកនៅ ក៏ស្មោកគ្រោកដែរ។
25. បើស្ត្រីណាធ្លាក់ឈាមជាយូរថ្ងៃខុសរដូវ ឬបើធ្លាក់ឈាមមកហួសរដូវ នោះនាងត្រូវជាមិនស្អាតរាល់តែថ្ងៃដែលធ្លាក់ឈាមស្មោកគ្រោកនោះមក ដូចជានៅវេលាដែលមានរដូវដែរ ដ្បិតនាងមិនស្អាតហើយ
26. គ្រប់ទាំងដំណេកណាដែលនាងដេកនៅ ក្នុងវេលាដែលធ្លាក់ឈាម នោះត្រូវទុកដូចជាដំណេក ដែលនាងដេក ក្នុងកាលដែលមានរដូវដែរ ហើយគ្រប់ទាំងរបស់អ្វីដែលនាងអង្គុយចុះ នោះត្រូវជាមិនស្អាត ដូចជាសេចក្ដីស្មោកគ្រោកនៅរដូវនាងដែរ
27. បើអ្នកណាប៉ះពាល់នឹងរបស់ណាមួយនោះ អ្នកនោះក៏មិនស្អាតដែរ ត្រូវឲ្យបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាច