16. បើសិនជាមនុស្សណាចេញទឹកកាម នោះត្រូវឲ្យងូតទឹកដុសលាងសាច់ទាំងអស់ចេញ ហើយនៅជាមិនស្អាតរហូតដល់ល្ងាច
17. ហើយសំលៀកបំពាក់ ឬកន្ទេលណាដែលប្រឡាក់ដោយទឹកកាមនោះ ក៏ត្រូវលាងចេញ ហើយនៅជាមិនស្អាតរហូត ដល់ល្ងាចដែរ
18. ឯស្ត្រី និងបុរសណាដែលបានសេពសម្ភពគ្នាហើយ នោះត្រូវឲ្យងូតទឹកចេញទាំង២នាក់ ហើយនៅជាមិនស្អាតរហូតដល់ល្ងាច។
19. បើស្ត្រីណាធ្លាក់ឈាមដោយមានរដូវ នោះត្រូវនៅជាមិនស្អាតអស់៧ថ្ងៃ អ្នកណាដែលពាល់នាង នោះត្រូវនៅជាមិនស្អាតរហូតដល់ល្ងាច
20. គ្រប់ទាំងដំណេកណាដែលនាងដេកនៅក្នុងកាលដែលមិនស្អាត ហើយគ្រប់របស់អ្វីនាងបានអង្គុយចុះ ក៏ត្រូវរាប់ជាមិនស្អាតដែរ
21. ឯអ្នកណាដែលពាល់គ្រែរបស់នាង នោះត្រូវឲ្យបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាច
22. ហើយអ្នកណាដែលពាល់របស់អ្វីដែលនាងបានអង្គុយ នោះត្រូវឲ្យបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាច