39. ដល់ថ្ងៃទី៧ ត្រូវត្រឡប់មកពិនិត្យមើលវិញ បើឃើញថា រោគមិនបានរាលដាល ទៅក្នុងជញ្ជាំងទៀតទេ
40. នោះត្រូវបង្គាប់គេឲ្យយកថ្ម ដែលមានរោគនោះ ចេញទៅចោលឯក្រៅទីក្រុង ត្រង់កន្លែងស្មោកគ្រោកទៅ
41. រួចត្រូវឲ្យគេកោសផ្ទះនៅខាងក្នុងជុំវិញ ឯផង់ដែលគេកោសចេញនោះត្រូវឲ្យនាំយកទៅចាក់ឯកន្លែងស្មោកគ្រោក នៅខាងក្រៅទីក្រុង
42. ហើយត្រូវយកថ្មឯទៀតមកប៉ះជំនួសថ្មចាស់ រួចយកបាយអឯទៀតមកបូកវិញ។
43. បើរោគកើតឡើងនៅក្នុងផ្ទះនោះម្តងទៀត ក្នុងពេលក្រោយដែលបានយកថ្មទាំងនោះចេញ ព្រមទាំងកោសជញ្ជាំង និងបូកជាថ្មីហើយ
44. នោះត្រូវឲ្យសង្ឃចូលទៅពិនិត្យមើល បើឃើញថារោគនោះបានរាលដាលឡើងនៅក្នុងផ្ទះមែន នោះគឺជាឃ្លង់ស៊ីបង្ខូចហើយ ផ្ទះនោះស្មោកគ្រោកពិត
45. ត្រូវឲ្យគេរំលំផ្ទះនោះ ព្រមទាំងថ្ម និងឈើ ហើយនឹងបាយអទាំងអស់ចេញ ហើយនាំយកទាំងអស់ទៅចាក់ឯក្រៅទីក្រុង ត្រង់កន្លែងស្មោកគ្រោកទៅ
46. ឯអ្នកណាដែលចូលទៅក្នុងផ្ទះនោះក្នុងវេលាដែលកំពុងបិទ នោះត្រូវរាប់ជាមិនស្អាតរហូតដល់ល្ងាច
47. បើអ្នកណាដែលដេកក្នុងផ្ទះនោះ ត្រូវឲ្យអ្នកនោះបោកសំលៀកបំពាក់ខ្លួនចេញ ហើយអ្នកណាដែលបរិភោគនៅក្នុង ផ្ទះនោះ ក៏ត្រូវបោកសំលៀកបំពាក់ខ្លួនដែរ
48. តែបើសង្ឃចូលទៅពិនិត្យមើល ឃើញថា រោគមិនបានរាលដាលឡើងក្នុងផ្ទះ ក្រោយដែលបានបូកជាថ្មីហើយនោះទេ នោះត្រូវប្រកាសថា ផ្ទះនោះស្អាតវិញ ដ្បិតរោគនោះបាត់ហើយ។
49. ដូច្នេះ ត្រូវឲ្យយកសត្វស្លាប២ ឈើតាត្រៅ សំពត់ក្រហម ហើយនឹងមែកហ៊ីសុបមកសំរាប់នឹងញែកផ្ទះនោះជាស្អាត
50. ត្រូវសំឡាប់សត្វ១នៅក្នុងផើងពីលើទឹកហូរ
51. រួចយកឈើតាត្រៅ មែកហ៊ីសុប និងសំពត់ក្រហម ជាមួយនឹងសត្វ១ដែលរស់នៅ ជ្រលក់ទាំងអស់ទៅក្នុងឈាមរបស់សត្វដែលបានសំឡាប់ ហើយក្នុងទឹកហូរនោះដែរ រួចប្រោះទៅលើផ្ទះ៧ដង