29. ឯប្រេងដែលនៅសល់ក្នុងបាតដៃ នោះត្រូវចាក់ទៅលើក្បាលនៃអ្នកដែលត្រូវញែកជាស្អាត ដើម្បីឲ្យធួននឹងខ្លួនអ្នកនោះនៅចំពោះព្រះយេហូវ៉ា
30. រួចត្រូវឲ្យសង្ឃថ្វាយលលក១ ឬព្រាបជំទើរ១ តាមកំឡាំងដែលអ្នកនោះនាំយកមកបាន
31. គឺ១សំរាប់ជាដង្វាយលោះបាប ហើយ១សំរាប់ជាដង្វាយដុតជាមួយនឹងដង្វាយម្សៅផង រួចត្រូវឲ្យសង្ឃថ្វាយ ឲ្យធួននឹងអ្នក ដែលត្រូវញែកជាស្អាតនោះ នៅចំពោះព្រះយេហូវ៉ា
32. នេះហើយជាច្បាប់ខាងឯអ្នកដែលកើតរោគឃ្លង់ ដែលមិនអាចនឹងលូកឈោងដល់ដង្វាយ សំរាប់ការញែកខ្លួនចេញជាស្អាតបាន។
33. ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងម៉ូសេ ហើយនឹងអើរ៉ុនថា
34. កាលណាឯងរាល់គ្នាបានចូលទៅក្នុងស្រុកកាណាន ជាស្រុកដែលអញនឹងឲ្យជាកេរអាករ ដល់ឯងរាល់គ្នា បើអញធ្វើឲ្យមានរោគឃ្លង់ក្នុងផ្ទះណាមួយនៅស្រុករបស់ផងឯង
35. នោះត្រូវឲ្យម្ចាស់ផ្ទះមកប្រាប់ដល់សង្ឃថា មើលទៅដូចជាមានរោគនៅក្នុងផ្ទះរបស់ខ្ញុំហើយ
36. ដូច្នេះ ត្រូវឲ្យសង្ឃបង្គាប់ឲ្យរើអីវ៉ាន់ចេញពីផ្ទះទៅ មុនដែលចូលទៅពិនិត្យមើលរោគ ដើម្បីកុំឲ្យរបស់ទាំងអស់ដែលនៅក្នុងផ្ទះបានទៅជាស្មោកគ្រោកដែរ រួចហើយត្រូវចូលទៅពិនិត្យមើលជាខាងក្រោយ
37. ត្រូវឲ្យសង្ឃពិនិត្យមើល បើឃើញថា រោគដែលនៅក្នុងជញ្ជាំងផ្ទះនោះមានកន្លែងខូង ពណ៌បៃតងស្ទើរ ឬក្រហមប្រឿង មើលទៅទាបជាងសាច់ជញ្ជាំងហើយ
38. នោះត្រូវចេញទៅឯមាត់ទ្វារ ហើយបិទខ្ទប់ផ្ទះនោះគ្រប់៧ថ្ងៃ
39. ដល់ថ្ងៃទី៧ ត្រូវត្រឡប់មកពិនិត្យមើលវិញ បើឃើញថា រោគមិនបានរាលដាល ទៅក្នុងជញ្ជាំងទៀតទេ
40. នោះត្រូវបង្គាប់គេឲ្យយកថ្ម ដែលមានរោគនោះ ចេញទៅចោលឯក្រៅទីក្រុង ត្រង់កន្លែងស្មោកគ្រោកទៅ
41. រួចត្រូវឲ្យគេកោសផ្ទះនៅខាងក្នុងជុំវិញ ឯផង់ដែលគេកោសចេញនោះត្រូវឲ្យនាំយកទៅចាក់ឯកន្លែងស្មោកគ្រោក នៅខាងក្រៅទីក្រុង
42. ហើយត្រូវយកថ្មឯទៀតមកប៉ះជំនួសថ្មចាស់ រួចយកបាយអឯទៀតមកបូកវិញ។
43. បើរោគកើតឡើងនៅក្នុងផ្ទះនោះម្តងទៀត ក្នុងពេលក្រោយដែលបានយកថ្មទាំងនោះចេញ ព្រមទាំងកោសជញ្ជាំង និងបូកជាថ្មីហើយ
44. នោះត្រូវឲ្យសង្ឃចូលទៅពិនិត្យមើល បើឃើញថារោគនោះបានរាលដាលឡើងនៅក្នុងផ្ទះមែន នោះគឺជាឃ្លង់ស៊ីបង្ខូចហើយ ផ្ទះនោះស្មោកគ្រោកពិត
45. ត្រូវឲ្យគេរំលំផ្ទះនោះ ព្រមទាំងថ្ម និងឈើ ហើយនឹងបាយអទាំងអស់ចេញ ហើយនាំយកទាំងអស់ទៅចាក់ឯក្រៅទីក្រុង ត្រង់កន្លែងស្មោកគ្រោកទៅ