1. ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
2. នេះជាច្បាប់ខាងឯមនុស្សឃ្លង់ នៅថ្ងៃណាដែលញែកគេចេញជាស្អាត ត្រូវតែនាំអ្នកនោះទៅឯសង្ឃ
3. រួចត្រូវឲ្យសង្ឃចេញទៅខាងក្រៅទីដំឡើងត្រសាលពិនិត្យមើល បើឃើញថា មនុស្សឃ្លង់នោះបានជាពិត
4. នោះត្រូវឲ្យសង្ឃបង្គាប់ ឲ្យយកសត្វហើរ២ ដែលរស់ ហើយស្អាត មកសំរាប់អ្នកនោះ ដែលត្រូវញែកជាស្អាត ព្រមទាំងឈើតាត្រៅ សំពត់ក្រហម និងមែកហ៊ីសុបផង
5. រួចត្រូវបង្គាប់ឲ្យសំឡាប់សត្វហើរ១ នៅក្នុងផើងពីលើទឹកហូរ
6. ឯសត្វដែលរស់នៅ នោះត្រូវឲ្យសង្ឃជ្រលក់ទៅក្នុងឈាមនៃសត្វដែលបានសំឡាប់ពីលើទឹកហូរនោះ ជាមួយនឹងឈើតាត្រៅ សំពត់ក្រហម ហើយនឹងមែកហ៊ីសុប
7. ទៅប្រោះ៧ដងលើអ្នកដែលត្រូវញែកចេញជាស្អាតពីរោគឃ្លង់ រួចប្រកាសថាជាស្អាតហើយ ឯសត្វដែលរស់នៅ នោះត្រូវលែងនៅឯវាលទៅ
8. រួចអ្នកដែលត្រូវបានញែកជាស្អាត ត្រូវបោកសំលៀកបំពាក់ខ្លួន ព្រមទាំងកោរសក់ ហើយងូតទឹកចេញ រួចនឹងបានស្អាត ហើយនឹងចូលទៅក្នុងទីដំឡើងត្រសាលបាន តែត្រូវនៅខាងក្រៅត្រសាលរបស់ខ្លួនអស់៧ថ្ងៃ
9. ដល់ថ្ងៃទី៧ អ្នកនោះត្រូវកោរសក់ កោរពុកមាត់ និងចិញ្ចើម ហើយរោមខ្លួនទាំងអស់ចេញ ព្រមទាំងបោកសំលៀកបំពាក់ ហើយងូតទឹកផង នោះនឹងបានស្អាតហើយ។
10. លុះដល់ថ្ងៃទី៨ ត្រូវយកកូនចៀមឈ្មោល២ឥតខ្ចោះ និងចៀមញី១ឥតខ្ចោះអាយុ១ខួបមក ព្រមទាំងម្សៅយ៉ាងម៉ដ្ត៣ខ្ញឹងលាយនឹងប្រេង សំរាប់ជាដង្វាយម្សៅ ហើយនឹងប្រេង១កំប៉ុង
11. រួចត្រូវឲ្យសង្ឃដែលញែកអ្នកនោះចេញជាស្អាត នាំអ្នកនោះមកដាក់ជាមួយនឹងដង្វាយនៅចំពោះព្រះយេហូវ៉ា ត្រង់មាត់ទ្វារត្រសាលជំនុំ
12. ត្រូវឲ្យសង្ឃយកកូនចៀមឈ្មោល១ទៅថ្វាយជាដង្វាយដោយព្រោះការរំលង ព្រមទាំងប្រេង១កំប៉ុងផង រួចគ្រវីរបស់ទាំងនោះ ទុកជាដង្វាយគ្រវី នៅចំពោះព្រះយេហូវ៉ា
13. ត្រូវសំឡាប់កូនចៀមឈ្មោលនៅកន្លែងដែលគេសំឡាប់ដង្វាយលោះបាប ហើយនឹងដង្វាយដុត គឺនៅក្នុងទីបរិសុទ្ធ ដ្បិតដង្វាយដែលថ្វាយ ដោយព្រោះការរំលង ជារបស់ផងសង្ឃ ដូចជាដង្វាយលោះបាបដែរ ដង្វាយនេះជារបស់បរិសុទ្ធបំផុត