46. អ្នកនោះនឹងនៅតែស្មោកគ្រោកជានិច្ច គ្រប់វេលាដែលនៅមានរោគនៅឡើយ អ្នកនោះជាមនុស្សស្មោកគ្រោកពិត ត្រូវឲ្យនៅតែឯង ហើយមានលំនៅជាខាងក្រៅទីដំឡើងត្រសាលផង។
47. ឯសំលៀកបំពាក់ដែលមានរោគឃ្លង់ ទោះបើធ្វើពីរោមចៀម ឬពីខ្លូតទេស
48. ទោះបើតាមអំបោះអន្ទង ឬអំបោះចាក់ ពីអំបោះខ្លូតទេស និងពីរោមចៀមក្តី ឬកើតនៅស្បែក ឬរបស់អ្វីធ្វើពីស្បែកក្តី
49. បើរោគនោះមានសម្បុរបៃតងខ្ចី ឬក្រហមប្រឿងនៅក្នុងសំលៀកបំពាក់នោះ ទោះតាមអំបោះអន្ទង ឬតាមអំបោះចាក់ ឬនៅស្បែកនោះ ឬរបស់អ្វីធ្វើពីស្បែកក្តី នោះគឺជារោគឃ្លង់ហើយ ត្រូវឲ្យបង្ហាញដល់សង្ឃ
50. ត្រូវឲ្យសង្ឃពិនិត្យមើល រួចយករបស់ដែលមានរោគនោះ ទៅបង្ខាំងទុកគ្រប់៧ថ្ងៃ
51. ដល់ថ្ងៃទី៧ ត្រូវពិនិត្យមើលម្តងទៀត បើឃើញថា បានរាលដាលធំឡើងនៅសំលៀកបំពាក់នោះ ទោះបើតាមអំបោះអន្ទង ឬអំបោះចាក់ ឬនៅស្បែកនោះ ដែលជាស្បែកប្រើធ្វើការអ្វីក៏ដោយ នោះគឺជារោគដែលស៊ីបង្ខូចរបស់នោះស្មោកគ្រោកហើយ
52. ត្រូវដុតសំលៀកបំពាក់នោះចោល ទោះបើធ្វើពីរោមចៀម ឬពីខ្លូតទេស ដែលកើតតាមអំបោះអន្ទង ឬអំបោះចាក់ក្តី ព្រមទាំងរបស់អ្វីធ្វើពីស្បែកដែលមានរោគនោះផង ដ្បិតរោគនោះ គឺជាឃ្លង់ដែលស៊ីបង្ខូច ត្រូវដុតនឹងភ្លើងទៅ។
53. តែបើសង្ឃពិនិត្យមើលទៅឃើញថា រោគនោះមិនបានរាលដាលឡើងនៅសំលៀកបំពាក់នោះទេ ទោះបើតាមអំបោះអន្ទង ឬតាមអំបោះចាក់ក្តី ឬនៅរបស់អ្វីដែលធ្វើពីស្បែកនោះដែរ
54. នោះត្រូវឲ្យសង្ឃបង្គាប់ឲ្យលាងរបស់ដែលមានរោគនោះចេញ រួចត្រូវយកទៅបង្ខាំងទុក៧ថ្ងៃទៀត
55. ក្រោយដែលបានលាងរួចហើយ នោះត្រូវឲ្យសង្ឃពិនិត្យមើលទៀត បើឃើញថា រោគនោះមិនបានប្រែសម្បុរទេ ក៏មិនបានរាលដាលឡើងផង របស់នោះស្មោកគ្រោកហើយ ត្រូវដុតចោលក្នុងភ្លើងទៅ ដ្បិតជារោគស៊ីបង្ខូចពិត ទោះបើខាងក្នុង ឬខាងក្រៅក្តី
56. បើសង្ឃពិនិត្យមើលឃើញថា រោគនោះចង់ស្រអាប់ហើយ ក្នុងពេលក្រោយដែលបានលាងចេញ នោះត្រូវហែកត្រង់ដុំនោះពីសំលៀកបំពាក់ ឬពីស្បែកនោះ ពីអំបោះអន្ទង ឬពីអំបោះចាក់យកចេញ
57. រួចបើចេះតែលេចមកនៅសំលៀកបំពាក់នោះទៀត ទោះតាមអំបោះអន្ទង ឬតាមអំបោះចាក់ ឬនៅរបស់អ្វីធ្វើពីស្បែកក្តី នោះគឺជាដំណួចរោគឃ្លង់ហើយ ត្រូវតែយករបស់ដែលមានរោគនោះទៅដុតនឹងភ្លើងទៅ
58. តែសំលៀកបំពាក់ណា ទោះតាមអំបោះអន្ទង ឬតាមអំបោះចាក់ក្តី ឬរបស់អ្វីធ្វើពីស្បែកដែលបានលាងហើយ បើសិនជារោគនោះចេញជ្រះស្រឡះ នោះត្រូវលាងម្តងទៀត រួចនឹងបានស្អាត