37. បើសង្ឃមើលទៅស្មានថា រោគនៅជានឹងដដែល ហើយមានរោមខ្មៅដុះនៅត្រង់កន្លែងដំបៅ នោះរោគទឹលម៉ូវបានជាហើយ គឺជាស្អាតទេ ត្រូវឲ្យសង្ឃប្រកាសថា អ្នកនោះស្អាតពិត។
38. បើកាលណាមនុស្សប្រុស ឬស្រីណា កើតមានស្នាមភ្លឺៗ គឺជាស្នាមសភ្លឺ
39. នោះត្រូវឲ្យសង្ឃពិនិត្យមើល បើឃើញថាស្នាមភ្លឺៗនៅក្នុងស្បែកអ្នកនោះបែបសៗ នោះគឺជាស្រែងដែលបានកើតមកនៅស្បែក អ្នកនោះស្អាតទេ។
40. បើអ្នកណាជ្រុះសក់ក្បាលអស់ អ្នកនោះទំពែកហើយ តែស្អាតទេ
41. បើបានជ្រុះសក់ក្បាលត្រង់ចំហៀងខាងមុខ អ្នកនោះឆកហើយ តែស្អាតទេ
42. ប៉ុន្តែបើមានដំបៅក្រហមប្រឿងៗនៅកន្លែងទំពែកខាងលើ ឬខាងមុខ នោះគឺជាឃ្លង់ដែលចេញមកនៅកន្លែងទំពែកនោះ ទោះខាងលើ ឬពីមុខក្តី
43. ត្រូវឲ្យសង្ឃពិនិត្យមើលអ្នកនោះ បើឃើញថា ពកដំបៅនោះមានសម្បុរក្រហមប្រឿងៗនៅកន្លែងដែលទំពែកត្រង់ខាងលើ ឬពីមុខ មើលទៅដូចជាឃ្លង់ដែលកើតនៅនាស្បែកឯទៀតដែរ
44. នោះគឺជាឃ្លង់ហើយ ជាមនុស្សស្មោកគ្រោក ត្រូវឲ្យសង្ឃប្រកាសជាកុំខានថា អ្នកនោះស្មោកគ្រោកពិត ដ្បិតមានរោគនៅលើក្បាលហើយ។
45. ឯមនុស្សណាដែលកើតឃ្លង់ នោះត្រូវឲ្យស្លៀកពាក់កណ្តាច ហើយនៅក្បាលទទេ ត្រូវគ្របបបូរមាត់ខាងលើ ហើយស្រែកថា ខ្ញុំស្មោកគ្រោកៗ
46. អ្នកនោះនឹងនៅតែស្មោកគ្រោកជានិច្ច គ្រប់វេលាដែលនៅមានរោគនៅឡើយ អ្នកនោះជាមនុស្សស្មោកគ្រោកពិត ត្រូវឲ្យនៅតែឯង ហើយមានលំនៅជាខាងក្រៅទីដំឡើងត្រសាលផង។
47. ឯសំលៀកបំពាក់ដែលមានរោគឃ្លង់ ទោះបើធ្វើពីរោមចៀម ឬពីខ្លូតទេស
48. ទោះបើតាមអំបោះអន្ទង ឬអំបោះចាក់ ពីអំបោះខ្លូតទេស និងពីរោមចៀមក្តី ឬកើតនៅស្បែក ឬរបស់អ្វីធ្វើពីស្បែកក្តី
49. បើរោគនោះមានសម្បុរបៃតងខ្ចី ឬក្រហមប្រឿងនៅក្នុងសំលៀកបំពាក់នោះ ទោះតាមអំបោះអន្ទង ឬតាមអំបោះចាក់ ឬនៅស្បែកនោះ ឬរបស់អ្វីធ្វើពីស្បែកក្តី នោះគឺជារោគឃ្លង់ហើយ ត្រូវឲ្យបង្ហាញដល់សង្ឃ
50. ត្រូវឲ្យសង្ឃពិនិត្យមើល រួចយករបស់ដែលមានរោគនោះ ទៅបង្ខាំងទុកគ្រប់៧ថ្ងៃ
51. ដល់ថ្ងៃទី៧ ត្រូវពិនិត្យមើលម្តងទៀត បើឃើញថា បានរាលដាលធំឡើងនៅសំលៀកបំពាក់នោះ ទោះបើតាមអំបោះអន្ទង ឬអំបោះចាក់ ឬនៅស្បែកនោះ ដែលជាស្បែកប្រើធ្វើការអ្វីក៏ដោយ នោះគឺជារោគដែលស៊ីបង្ខូចរបស់នោះស្មោកគ្រោកហើយ