31. ក្នុងបណ្តាសត្វលូនវារទាំងប៉ុន្មាន ត្រូវរាប់សត្វទាំងនោះជាសត្វមិនស្អាតដល់ឯងរាល់គ្នា កាលណាវាស្លាប់ហើយ បើអ្នកណាបានប៉ះពាល់ នោះត្រូវនៅជាមិនស្អាតរហូតដល់ល្ងាច
32. បើសត្វណាមួយនោះស្លាប់ហើយ ធ្លាក់ទៅប៉ះលើរបស់អ្វី របស់នោះក៏ទៅជាមិនស្អាតហើយ ទោះបើជាប្រដាប់ដែលធ្វើពីឈើឬសំលៀកបំពាក់ ឬស្បែក ឬការុងក្តី គឺប្រដាប់ណាក៏ដោយដែលសំរាប់ប្រើ នោះត្រូវតែត្រាំចុះក្នុងទឹក ប្រដាប់នោះត្រូវរាប់ជាមិនស្អាតរហូតដល់ល្ងាច រួចទើបបានស្អាតវិញ
33. ឯគ្រប់ទាំងប្រដាប់ធ្វើពីដីដែលសត្វណាមួយនោះធ្លាក់ចូលទៅក្នុង នោះរបស់អ្វីដែលនៅក្នុងប្រដាប់នោះក៏ទៅជាមិនស្អាតហើយ ត្រូវបំបែកប្រដាប់នោះចោលចេញ
34. ឯអាហារណាសំរាប់បរិភោគដែលមានទឹកចាក់មកលើ នោះទៅជាមិនស្អាតហើយ ឬទឹកណាសំរាប់ផឹកដែលនៅក្នុងប្រដាប់ណាមួយ នោះក៏ទៅជាមិនស្អាតដែរ
35. ហើយរបស់អ្វីក៏ដោយ ដែលកំទេចខ្មោចនៃសត្វទាំងនោះ ធ្លាក់មកលើ នោះក៏ទៅជាមិនស្អាត ទោះបើជាគុកភ្លើង ឬជើងក្រាន នោះត្រូវបំបែកចោលចេញ ព្រោះបានទៅជាមិនស្អាតហើយ ក៏ត្រូវរាប់ជាមិនស្អាតដល់ឯងរាល់គ្នាផង
36. បើជារន្ធទឹក ឬអណ្តូងដែលមានទឹកដក់នៅនោះជាស្អាតទេ តែទឹកដែលនៅជុំវិញខ្មោចនោះ នឹងត្រូវរាប់ជាមិនស្អាតវិញ
37. បើមានអ្វីរបស់ខ្មោចនៃសត្វទាំងនោះធ្លាក់មកលើពូជអ្វីដែលសំរាប់ដាំព្រោះ ពូជនោះនៅជាស្អាតទេ
38. តែបើគេបានត្រាំក្នុងទឹកហើយ ស្រាប់តែមានអ្វីរបស់ខ្មោចនោះធ្លាក់មកលើ ពូជនោះត្រូវរាប់ជាស្មោកគ្រោកដល់ឯងរាល់គ្នាវិញ។
39. បើសត្វណា ដែលសំរាប់ជាអាហារ ដល់ឯងរាល់គ្នាបានស្លាប់ទៅ ហើយមានអ្នកណាប៉ះពាល់នឹងខ្មោចវា អ្នកនោះត្រូវនៅមិនស្អាតរហូតដល់ល្ងាច