លេវីវិន័យ 11:26-43 ព្រះគម្ពីរបរិសុទ្ធ (KHOV)

26. គ្រប់​ទាំង​សត្វ​ណា​ដែល​មាន​ក្រចក តែ​មិន​ឆែក​ជា​២ ក៏​មិន​ទំពា‌អៀង​ផង នោះ​ត្រូវ​រាប់​ជា​មិន​ស្អាត​ដល់​ឯង​រាល់​គ្នា អស់​អ្នក​ណា​ដែល​ប៉ះពាល់​នឹង​វា នោះ​ក៏​មិន​ស្អាត​ដែរ

27. ហើយ​សត្វ​ណា​ដែល​មាន​បាត​ជើង​ទន់ ក្នុង​ពួក​សត្វ​ដែល​ដើរ​ជើង​៤ នោះ​ត្រូវ​រាប់​ទាំង​អស់​ជា​មិន​ស្អាត​ដល់​ឯង​រាល់​គ្នា អ្នក​ណា​ដែល​ប៉ះពាល់​ខ្មោច​វា នោះ​ទៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច

28. អ្នក​ណា​ដែល​ចាប់​កាន់​ខ្មោច​វា​យក​ទៅ​ឯ​ណា នោះ​ត្រូវ​បោក​សំលៀក‌បំពាក់​ខ្លួន​ចេញ ហើយ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច ដ្បិត​សត្វ​ទាំង​នោះ​ត្រូវ​រាប់​ជា​មិន​ស្អាត​ដល់​ឯង​រាល់​គ្នា។

29. ឯ​ក្នុង​បណ្តា​ពួក​សត្វ​ទាំង​ប៉ុន្មាន​ដែល​លូន​វារ​នៅ​ដី សត្វ​ទាំង​នេះ​ក៏​ត្រូវ​រាប់​ជា​មិន​ស្អាត ដល់​ឯង​រាល់​គ្នា​ដែរ គឺ​ស្កា​១ កណ្តុរ​១ ថ្លែន​១ តាម​ពូជ​វា

30. តុកកែ​១ ទន្សង​១ ជីង‌ចក់​១ បង្កួយ​១ ជាស​១

31. ក្នុង​បណ្តា​សត្វ​លូន​វារ​ទាំង​ប៉ុន្មាន ត្រូវ​រាប់​សត្វ​ទាំង​នោះ​ជា​សត្វ​មិន​ស្អាត​ដល់​ឯង​រាល់​គ្នា កាល​ណា​វា​ស្លាប់​ហើយ បើ​អ្នក​ណា​បាន​ប៉ះពាល់ នោះ​ត្រូវ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច

32. បើ​សត្វ​ណា​មួយ​នោះ​ស្លាប់​ហើយ ធ្លាក់​ទៅ​ប៉ះ​លើ​របស់​អ្វី របស់​នោះ​ក៏​ទៅ​ជា​មិន​ស្អាត​ហើយ ទោះ​បើ​ជា​ប្រដាប់​ដែល​ធ្វើ​ពី​ឈើ​ឬ​សំលៀក‌បំពាក់ ឬ​ស្បែក ឬ​ការុង​ក្តី គឺ​ប្រដាប់​ណា​ក៏​ដោយ​ដែល​សំរាប់​ប្រើ នោះ​ត្រូវ​តែ​ត្រាំ​ចុះ​ក្នុង​ទឹក ប្រដាប់​នោះ​ត្រូវ​រាប់​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច រួច​ទើប​បាន​ស្អាត​វិញ

33. ឯ​គ្រប់​ទាំង​ប្រដាប់​ធ្វើ​ពី​ដី​ដែល​សត្វ​ណា​មួយ​នោះ​ធ្លាក់​ចូល​ទៅ​ក្នុង នោះ​របស់​អ្វី​ដែល​នៅ​ក្នុង​ប្រដាប់​នោះ​ក៏​ទៅ​ជា​មិន​ស្អាត​ហើយ ត្រូវ​បំបែក​ប្រដាប់​នោះ​ចោល​ចេញ

34. ឯ​អាហារ​ណា​សំរាប់​បរិភោគ​ដែល​មាន​ទឹក​ចាក់​មក​លើ នោះ​ទៅ​ជា​មិន​ស្អាត​ហើយ ឬ​ទឹក​ណា​សំរាប់​ផឹក​ដែល​នៅ​ក្នុង​ប្រដាប់​ណា​មួយ នោះ​ក៏​ទៅ​ជា​មិន​ស្អាត​ដែរ

35. ហើយ​របស់​អ្វី​ក៏​ដោយ ដែល​កំទេច​ខ្មោច​នៃ​សត្វ​ទាំង​នោះ ធ្លាក់​មក​លើ នោះ​ក៏​ទៅ​ជា​មិន​ស្អាត ទោះ​បើ​ជា​គុក​ភ្លើង ឬ​ជើង‌ក្រាន នោះ​ត្រូវ​បំបែក​ចោល​ចេញ ព្រោះ​បាន​ទៅ​ជា​មិន​ស្អាត​ហើយ ក៏​ត្រូវ​រាប់​ជា​មិន​ស្អាត​ដល់​ឯង​រាល់​គ្នា​ផង

36. បើ​ជា​រន្ធ​ទឹក ឬ​អណ្តូង​ដែល​មាន​ទឹក​ដក់​នៅ​នោះ​ជា​ស្អាត​ទេ តែ​ទឹក​ដែល​នៅ​ជុំវិញ​ខ្មោច​នោះ នឹង​ត្រូវ​រាប់​ជា​មិន​ស្អាត​វិញ

37. បើ​មាន​អ្វី​របស់​ខ្មោច​នៃ​សត្វ​ទាំង​នោះ​ធ្លាក់​មក​លើ​ពូជ​អ្វី​ដែល​សំរាប់​ដាំ​ព្រោះ ពូជ​នោះ​នៅ​ជា​ស្អាត​ទេ

38. តែ​បើ​គេ​បាន​ត្រាំ​ក្នុង​ទឹក​ហើយ ស្រាប់​តែ​មាន​អ្វី​របស់​ខ្មោច​នោះ​ធ្លាក់​មក​លើ ពូជ​នោះ​ត្រូវ​រាប់​ជា​ស្មោក‌គ្រោក​ដល់​ឯង​រាល់​គ្នា​វិញ។

39. បើ​សត្វ​ណា ដែល​សំរាប់​ជា​អាហារ ដល់​ឯង​រាល់​គ្នា​បាន​ស្លាប់​ទៅ ហើយ​មាន​អ្នក​ណា​ប៉ះពាល់​នឹង​ខ្មោច​វា អ្នក​នោះ​ត្រូវ​នៅ​មិន​ស្អាត​រហូត​ដល់​ល្ងាច

40. ឯ​អ្នក​ណា​ដែល​បរិភោគ​សាច់​នៃ​ខ្មោច​វា នោះ​ត្រូវ​បោក​សំលៀក‌បំពាក់​ចេញ រួច​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច ហើយ​អ្នក​ណា​ដែល​លើក​ខ្មោច​នោះ​យក​ទៅ​ឯ​ណា នោះ​ក៏​ត្រូវ​បោក​សំលៀក‌បំពាក់​ចេញ រួច​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច​ដែរ។

41. ឯ​សត្វ​ទាំង​ប៉ុន្មាន​ដែល​លូន​វារ​នៅ​ដី នោះ​ជា​សត្វ​គួរ​ខ្ពើម​ឆ្អើម មិន​ត្រូវ​ឲ្យ​បរិភោគ​ឡើយ

42. គឺ​សត្វ​ណា​ដែល​លូន​នឹង​ពោះ ឬ​វារ​នឹង​ជើង​៤ ឬ​ដែល​មាន​ជើង​ច្រើន​ជា​ពួក​សត្វ​ដែល​លូន​វារ​នៅ​ដី នោះ​មិន​ត្រូវ​បរិភោគ​ឡើយ ដ្បិត​សត្វ​ទាំង​នោះ​ជា​ទី​គួរ​ខ្ពើម​ឆ្អើម​ហើយ

43. មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​នាំ​ខ្លួន​ឲ្យ​ទៅ​ជា​គួរ​ខ្ពើម​ឆ្អើម ដោយ‌សារ​សត្វ​លូន​វារ​ណា​មួយ​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​ប្រឡាក់​នឹង​វា​ដែរ ដើម្បី​កុំ​ឲ្យ​ទៅ​ជា​មិន​ស្អាត​ដោយ‌សារ​វា

លេវីវិន័យ 11