24. ដ្បិតសត្វទាំងនោះនឹងនាំឲ្យឯងរាល់គ្នាត្រឡប់ទៅជាមិនស្អាតបាន អ្នកណាដែលប៉ះពាល់នឹងខ្មោចវា នោះទៅជាមិនស្អាតរហូតដល់ល្ងាច
25. ហើយអ្នកណាដែលចាប់កាន់ខ្មោចវា យកទៅឯណា អ្នកនោះត្រូវបោកសំលៀកបំពាក់ខ្លួនចេញ ហើយនៅជាមិនស្អាតរហូតដល់ល្ងាច
26. គ្រប់ទាំងសត្វណាដែលមានក្រចក តែមិនឆែកជា២ ក៏មិនទំពាអៀងផង នោះត្រូវរាប់ជាមិនស្អាតដល់ឯងរាល់គ្នា អស់អ្នកណាដែលប៉ះពាល់នឹងវា នោះក៏មិនស្អាតដែរ
27. ហើយសត្វណាដែលមានបាតជើងទន់ ក្នុងពួកសត្វដែលដើរជើង៤ នោះត្រូវរាប់ទាំងអស់ជាមិនស្អាតដល់ឯងរាល់គ្នា អ្នកណាដែលប៉ះពាល់ខ្មោចវា នោះទៅជាមិនស្អាតរហូតដល់ល្ងាច
28. អ្នកណាដែលចាប់កាន់ខ្មោចវាយកទៅឯណា នោះត្រូវបោកសំលៀកបំពាក់ខ្លួនចេញ ហើយនៅជាមិនស្អាតរហូតដល់ល្ងាច ដ្បិតសត្វទាំងនោះត្រូវរាប់ជាមិនស្អាតដល់ឯងរាល់គ្នា។
29. ឯក្នុងបណ្តាពួកសត្វទាំងប៉ុន្មានដែលលូនវារនៅដី សត្វទាំងនេះក៏ត្រូវរាប់ជាមិនស្អាត ដល់ឯងរាល់គ្នាដែរ គឺស្កា១ កណ្តុរ១ ថ្លែន១ តាមពូជវា
30. តុកកែ១ ទន្សង១ ជីងចក់១ បង្កួយ១ ជាស១
31. ក្នុងបណ្តាសត្វលូនវារទាំងប៉ុន្មាន ត្រូវរាប់សត្វទាំងនោះជាសត្វមិនស្អាតដល់ឯងរាល់គ្នា កាលណាវាស្លាប់ហើយ បើអ្នកណាបានប៉ះពាល់ នោះត្រូវនៅជាមិនស្អាតរហូតដល់ល្ងាច
32. បើសត្វណាមួយនោះស្លាប់ហើយ ធ្លាក់ទៅប៉ះលើរបស់អ្វី របស់នោះក៏ទៅជាមិនស្អាតហើយ ទោះបើជាប្រដាប់ដែលធ្វើពីឈើឬសំលៀកបំពាក់ ឬស្បែក ឬការុងក្តី គឺប្រដាប់ណាក៏ដោយដែលសំរាប់ប្រើ នោះត្រូវតែត្រាំចុះក្នុងទឹក ប្រដាប់នោះត្រូវរាប់ជាមិនស្អាតរហូតដល់ល្ងាច រួចទើបបានស្អាតវិញ
33. ឯគ្រប់ទាំងប្រដាប់ធ្វើពីដីដែលសត្វណាមួយនោះធ្លាក់ចូលទៅក្នុង នោះរបស់អ្វីដែលនៅក្នុងប្រដាប់នោះក៏ទៅជាមិនស្អាតហើយ ត្រូវបំបែកប្រដាប់នោះចោលចេញ
34. ឯអាហារណាសំរាប់បរិភោគដែលមានទឹកចាក់មកលើ នោះទៅជាមិនស្អាតហើយ ឬទឹកណាសំរាប់ផឹកដែលនៅក្នុងប្រដាប់ណាមួយ នោះក៏ទៅជាមិនស្អាតដែរ
35. ហើយរបស់អ្វីក៏ដោយ ដែលកំទេចខ្មោចនៃសត្វទាំងនោះ ធ្លាក់មកលើ នោះក៏ទៅជាមិនស្អាត ទោះបើជាគុកភ្លើង ឬជើងក្រាន នោះត្រូវបំបែកចោលចេញ ព្រោះបានទៅជាមិនស្អាតហើយ ក៏ត្រូវរាប់ជាមិនស្អាតដល់ឯងរាល់គ្នាផង
36. បើជារន្ធទឹក ឬអណ្តូងដែលមានទឹកដក់នៅនោះជាស្អាតទេ តែទឹកដែលនៅជុំវិញខ្មោចនោះ នឹងត្រូវរាប់ជាមិនស្អាតវិញ