1. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេ ហើយនឹងអើរ៉ុនថា
2. ចូរប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ក្នុងបណ្តាសត្វទាំងប៉ុន្មានដែលនៅលើផែនដី នោះឯងរាល់គ្នាត្រូវបរិភោគសត្វយ៉ាងនេះបាន
3. គឺសត្វណាដែលមានក្រចកឆែកជា២ ហើយដែលទំពាអៀងផង នោះត្រូវបរិភោគបាន
4. ប៉ុន្តែក្នុងបណ្តាពួកសត្វដែលទំពាអៀង និងពួកសត្វដែលមានក្រចកឆែក នោះមិនត្រូវឲ្យឯងរាល់គ្នាបរិភោគសត្វទាំងនេះឡើយ គឺសត្វអូដ្ឋ១ ដ្បិតវាទំពាអៀង តែគ្មានក្រចកឆែកទេ ជាសត្វដែលរាប់ជាមិនស្អាតដល់ឯងរាល់គ្នា
5. ទន្សាយថ្ម១ ដ្បិតវាទំពាអៀង តែគ្មានក្រចកឆែកទេ ជាសត្វដែលរាប់ជាមិនស្អាតដល់ឯងរាល់គ្នា
6. ទន្សាយគល់១ ដ្បិតវាទំពាអៀង តែគ្មានក្រចកឆែកទេ ជាសត្វដែលរាប់ជាមិនស្អាតដល់ឯងរាល់គ្នា
7. ហើយជ្រូក១ ដ្បិតវាក៏មានក្រចកឆែកជា២ តែមិនទំពាអៀងទេ ជាសត្វដែលរាប់ជាមិនស្អាតដល់ឯងរាល់គ្នាដែរ
8. មិនត្រូវឲ្យបរិភោគសាច់នៃសត្វទាំងនោះឡើយ ក៏មិនត្រូវទាំងពាល់ខ្មោចវាផង ដ្បិតជាសត្វដែលរាប់ជាមិនស្អាតដល់ឯងរាល់គ្នាហើយ។
9. ឯបណ្តាត្រីទាំងប៉ុន្មាននៅក្នុងទឹក ដែលឯងរាល់គ្នាបរិភោគបាន នោះគឺអស់ទាំងត្រីណាមានព្រុយ ហើយនឹងស្រកាដែលអាស្រ័យនៅក្នុងទឹក ទោះក្នុងសមុទ្រ ឬក្នុងទន្លេក្តី ត្រីទាំងនោះត្រូវបរិភោគបាន
10. តែក្នុងបណ្តាត្រីដែលកំរើកក្នុងទឹក និងអស់ទាំងសត្វដែលអាស្រ័យនៅក្នុងទឹក នោះសត្វណាដែលឥតមានព្រុយ និងស្រកា សត្វនោះត្រូវរាប់ជារបស់គួរខ្ពើមដល់ឯងរាល់គ្នាវិញ
11. ត្រូវឲ្យខ្ពើមឆ្អើមចំពោះសត្វទាំងនោះ ហើយមិនត្រូវបរិភោគសាច់វាឡើយ ក៏ត្រូវរាប់ខ្មោចវាទុកជារបស់គួរខ្ពើមដែរ