6. កាលគេចេញទៅ នោះក៏ដើរទៅសព្វពេញអស់ទាំងភូមិ ព្រមទាំងផ្សាយដំណឹងល្អ ហើយបានមើលគេឲ្យជានៅគ្រប់កន្លែងដែរ។
7. ឯហេរ៉ូឌ ជាស្តេចអនុរាជ បានឮនិយាយពីការដែលទ្រង់ធ្វើទាំងប៉ុន្មាន ក៏មានព្រះទ័យអល់អែក ពីព្រោះខ្លះនិយាយថា លោកយ៉ូហានបានរស់ពីស្លាប់ឡើងវិញ
8. ខ្លះថា លោកអេលីយ៉ាបានលេចមកហើយ ខ្លះទៀតថា មានហោរាណាមួយពីចាស់បុរាណ បានរស់ឡើងវិញដូច្នេះ
9. តែហេរ៉ូឌមានព្រះបន្ទូលថា យើងបានកាត់ក្បាលយ៉ូហានហើយ ដូច្នេះ តើអ្នកណាហ្ន៎ ដែលអញឮថា ធ្វើការប្លែកទាំងម៉្លេះនេះ ហើយក៏រកចង់ឃើញទ្រង់។
10. កាលពួកសាវកបានត្រឡប់មកវិញ ក៏រ៉ាយរឿងទូលព្រះយេស៊ូវ ពីការដែលគេបានធ្វើទាំងប៉ុន្មាន នោះទ្រង់នាំគេទៅដោយឡែកនៅទីស្ងាត់ ជិតភូមិ១ឈ្មោះបេតសៃដា
11. កាលបណ្តាមនុស្សបានដឹង ក៏តាមទ្រង់ទៅ ទ្រង់រាក់ទាក់ទទួលគេ ហើយមានព្រះបន្ទូលប្រាប់ពីនគរព្រះ ទាំងប្រោសដល់អស់អ្នកដែលត្រូវការ ឲ្យគេបានជាផង
12. វេលានោះ ថ្ងៃកាន់តែទាបហើយ នោះពួក១២នាក់មកទូលទ្រង់ថា សូមឲ្យមនុស្សទាំងឡាយទៅ ដើម្បីឲ្យទៅរកទីស្នាក់ និងស្បៀងអាហារ នៅក្នុងភូមិ និងស្រុកស្រែជុំវិញ ដ្បិតទីនេះស្ងាត់ណាស់
13. តែទ្រង់មានព្រះបន្ទូលថា ចូរអ្នករាល់គ្នាឲ្យគេបរិភោគទៅ ពួកសិស្សទូលថា យើងខ្ញុំមានតែនំបុ័ង៥ដុំ និងត្រី២ទេ លើកតែយើងខ្ញុំទៅទិញស្បៀងអាហារទៀត សំរាប់មនុស្សទាំងនេះវិញ
14. (រីឯពួកមនុស្សទាំងនោះ មានប្រុសៗចំនួន៥ពាន់នាក់) តែទ្រង់មានព្រះបន្ទូលទៅពួកសិស្សថា ចូរឲ្យគេអង្គុយដោយជួរៗទៅ ក្នុង១ជួរ៥០នាក់
15. ពួកសិស្សក៏ឲ្យមនុស្សទាំងអស់អង្គុយដូច្នោះ
16. នោះទ្រង់យកនំបុ័ង៥ និងត្រី២ ងើបទតទៅលើមេឃ ហើយប្រទានពរ រួចកាច់ប្រទានដល់ពួកសិស្ស ឲ្យលើកទៅឲ្យបណ្តាមនុស្ស