49. យ៉ូហានទូលឆ្លើយថា លោកគ្រូ យើងខ្ញុំបានឃើញមនុស្សម្នាក់កំពុងតែដេញអារក្ស ដោយឈ្មោះលោក តែយើងខ្ញុំបានឃាត់ដល់អ្នកនោះ ដោយព្រោះគេមិនតាមយើងរាល់គ្នា
50. នោះព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា កុំឃាត់គេឡើយ ដ្បិតអ្នកណាដែលមិនទាស់នឹងយើង នោះកាន់ខាងយើងហើយ។
51. កាលជិតដល់កំណត់ ដែលទ្រង់ត្រូវឡើងទៅស្ថានសួគ៌ នោះទ្រង់ដំរង់ព្រះភក្ត្រ យាងឆ្ពោះត្រង់ទៅឯក្រុងយេរូសាឡិមតែម្តង
52. ទ្រង់ចាត់ប្រើអ្នកខ្លះឲ្យទៅជាមុន គេក៏ទៅ ហើយបានចូលទៅក្នុងភូមិ១របស់សាសន៍សាម៉ារី ដើម្បីនឹងរៀបចំថ្វាយទ្រង់
53. តែពួកភូមិនោះមិនទទួលទ្រង់ទេ ពីព្រោះទ្រង់ដូចជាមានព្រះភក្ត្រឆ្ពោះត្រង់យាងទៅឯក្រុងយេរូសាឡិម
54. កាលយ៉ាកុប និងយ៉ូហាន ជាសិស្សទ្រង់ បានឃើញដូច្នោះ នោះក៏ទូលថា ព្រះអម្ចាស់អើយ តើទ្រង់សព្វព្រះហឫទ័យ ឲ្យយើងខ្ញុំហៅភ្លើងឲ្យធ្លាក់ពីលើមេឃមកបញ្ឆេះគេ ដូចជាលោកអេលីយ៉ាបានធ្វើដែរឬអី
55. តែទ្រង់បែរទៅបន្ទោសគេថា អ្នករាល់គ្នាមិនដឹងជាមានវិញ្ញាណបែបយ៉ាងណាទេ
56. ពីព្រោះកូនមនុស្សមិនមែនមក ប៉ងនឹងបំផ្លាញជីវិតមនុស្សទេ គឺមក ដើម្បីនឹងជួយសង្គ្រោះវិញ រួចក៏នាំគ្នាទៅឯភូមិមួយទៀតទៅ។
57. កាលកំពុងតែទៅតាមផ្លូវ នោះមានម្នាក់ទូលទ្រង់ថា ព្រះអម្ចាស់អើយ ទូលបង្គំនឹងតាមទ្រង់ ទោះបើទ្រង់យាងទៅក្នុងទីណាក៏ដោយ
58. ព្រះយេស៊ូវមានព្រះបន្ទូលតបថា កញ្ជ្រោងមានរូងវា ហើយសត្វហើរលើអាកាសក៏មានសំបុកដែរ តែកូនមនុស្សគ្មានកន្លែងណានឹងកើយក្បាលទេ
59. ទ្រង់មានព្រះបន្ទូលទៅម្នាក់ទៀតថា ចូរមកតាមខ្ញុំ អ្នកនោះទូលឆ្លើយថា ព្រះអម្ចាស់អើយ សូមទ្រង់អនុញ្ញាតឲ្យទូលបង្គំទៅកប់ខ្មោចឪពុកទូលបង្គំសិន
60. តែទ្រង់មានព្រះបន្ទូលទៅអ្នកនោះថា ទុកឲ្យពួកមនុស្សស្លាប់កប់ខ្មោចពួកគេចុះ ឯអ្នក ចូរទៅផ្សាយដំណឹងពីនគរព្រះវិញ
61. មានម្នាក់ទៀតទូលថា ព្រះអម្ចាស់អើយ ទូលបង្គំនឹងតាមទ្រង់ទៅដែរ តែសូមអនុញ្ញាតឲ្យទូលបង្គំទៅលាពួកផ្ទះទូលបង្គំសិន
62. ទ្រង់មានព្រះបន្ទូលទៅអ្នកនោះថា អ្នកណាដែលដាក់ដៃកាន់នង្គ័ល ហើយងាកបែរទៅមើលក្រោយ អ្នកនោះមិនគួរនឹងនគរព្រះទេ។