លូកា 9:39-56 ព្រះគម្ពីរបរិសុទ្ធ (KHOV)

39. ហើយ​មើល​មាន​វិញ្ញាណ​អារក្ស​ចេះ​តែ​ជាន់​វា ហើយ​លោ​តែ​វា​ស្រែក​ឡើង ធ្វើ​ឲ្យ​ប្រកាច់​បែក​ពពុះ​មាត់ និង​ហើម​ជាំ​អស់​ទាំង​ខ្លួន រួច​ចេញ​ពី​វា​ទៅ​ដោយ​ពិបាក

40. ខ្ញុំ​បាន​សូម​អង្វរ​ឲ្យ​ពួក​សិស្ស​លោក​ដេញ​ចេញ​ដែរ តែ​គេ​ដេញ​មិន​បាន​សោះ

41. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ឱ​ដំណ​មនុស្ស​ដែល​មិន​ជឿ ហើយ​មាន​ចិត្ត​វៀច​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​នៅ​ជា​មួយ ហើយ​ទ្រាំ​នឹង​អ្នក​រាល់​គ្នា​ដល់​កាល​ណា​ទៀត ចូរ​នាំ​កូន​អ្នក​មក​ឯ​ណេះ

42. កាល​វា​កំពុង​តែ​ដើរ​ចូល​មក នោះ​អារក្ស​បាន​ផ្តួល​វា ហើយ​ធ្វើ​ឲ្យ​ប្រកាច់‌ប្រកិន​ជា​ខ្លាំង តែ​ព្រះ‌យេស៊ូវ​ទ្រង់​កំហែង​ទៅ​វិញ្ញាណ​អសោច ហើយ​ប្រោស​ក្មេង​នោះ​ឲ្យ​ជា រួច​ប្រគល់​ដល់​ឪពុក​វិញ ឯ​មនុស្ស​ទាំង‌ឡាយ ក៏​អស្ចារ្យ​ចំពោះ​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ​ទាំង​អស់​គ្នា។

43. កាល​មនុស្ស​ទាំង​អស់ កំពុង​តែ​នឹក​ប្លែក​ក្នុង​ចិត្ត ពី​អស់​ទាំង​ការ​ដែល​ព្រះ‌យេស៊ូវ​ទ្រង់​ធ្វើ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា

44. ចូរ​អ្នក​រាល់​គ្នា​ចាំ​ពាក្យ​ទាំង​នេះ ទុក​នៅ​ក្នុង​ត្រចៀក​ចុះ ដ្បិត​បន្តិច​ទៀត កូន​មនុស្ស​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​លោក​ហើយ

45. ប៉ុន្តែ គេ​មិន​បាន​យល់​សេចក្ដី​នោះ​ទេ ព្រោះ​ជា​សេចក្ដី​លាក់​កំបាំង​ដល់​គេ ដើម្បី​មិន​ឲ្យ​គេ​គិត​ឃើញ ហើយ​គេ​ក៏​ខ្លាច​មិន​ហ៊ាន​ទូល​សួរ​ទ្រង់​ពី​សេចក្ដី​នោះ​ដែរ។

46. ខណៈ​នោះ គេ​កើត​មាន​សេចក្ដី​ជជែក​គ្នា ពី​អ្នក​ណា​ដែល​ធំ​ជាង​ក្នុង​ពួក​គេ​វិញ

47. កាល​ព្រះ‌យេស៊ូវ​បាន​ជ្រាប​គំនិត​ក្នុង​ចិត្ត​គេ​ហើយ នោះ​ទ្រង់​យក​ក្មេង​តូច​១​មក​ដាក់​នៅ​ជិត​ទ្រង់

48. រួច​មាន​ព្រះ‌បន្ទូល​ថា អ្នក​ណា​ដែល​ទទួល​ក្មេង​តូច​នេះ ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ឈ្មោះ​ថា​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ដែល​ទទួល​ខ្ញុំ នោះ​ឈ្មោះ​ថា​ទទួល​ព្រះ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ ព្រោះ​អ្នក​ណា​ដែល​តូច​ជាង​គេ ក្នុង​ពួក​អ្នក​រាល់​គ្នា គឺ​អ្នក​នោះ​ហើយ ជា​អ្នក​ធំ​វិញ

49. យ៉ូហាន​ទូល​ឆ្លើយ​ថា លោក​គ្រូ យើង​ខ្ញុំ​បាន​ឃើញ​មនុស្ស​ម្នាក់​កំពុង​តែ​ដេញ​អារក្ស ដោយ​ឈ្មោះ​លោក តែ​យើង​ខ្ញុំ​បាន​ឃាត់​ដល់​អ្នក​នោះ ដោយ​ព្រោះ​គេ​មិន​តាម​យើង​រាល់​គ្នា

50. នោះ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា កុំ​ឃាត់​គេ​ឡើយ ដ្បិត​អ្នក​ណា​ដែល​មិន​ទាស់​នឹង​យើង នោះ​កាន់​ខាង​យើង​ហើយ។

51. កាល​ជិត​ដល់​កំណត់ ដែល​ទ្រង់​ត្រូវ​ឡើង​ទៅ​ស្ថាន‌សួគ៌ នោះ​ទ្រង់​ដំរង់​ព្រះ‌ភក្ត្រ យាង​ឆ្ពោះ​ត្រង់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​តែ​ម្តង

52. ទ្រង់​ចាត់​ប្រើ​អ្នក​ខ្លះ​ឲ្យ​ទៅ​ជា​មុន គេ​ក៏​ទៅ ហើយ​បាន​ចូល​ទៅ​ក្នុង​ភូមិ​១​របស់​សាសន៍​សាម៉ារី ដើម្បី​នឹង​រៀប‌ចំ​ថ្វាយ​ទ្រង់

53. តែ​ពួក​ភូមិ​នោះ​មិន​ទទួល​ទ្រង់​ទេ ពី​ព្រោះ​ទ្រង់​ដូច​ជា​មាន​ព្រះ‌ភក្ត្រ​ឆ្ពោះ​ត្រង់​យាង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម

54. កាល​យ៉ាកុប និង​យ៉ូហាន ជា​សិស្ស​ទ្រង់ បាន​ឃើញ​ដូច្នោះ នោះ​ក៏​ទូល​ថា ព្រះ‌អម្ចាស់​អើយ តើ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ ឲ្យ​យើង​ខ្ញុំ​ហៅ​ភ្លើង​ឲ្យ​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​គេ ដូច​ជា​លោក​អេលីយ៉ា​បាន​ធ្វើ​ដែរ​ឬ​អី

55. តែ​ទ្រង់​បែរ​ទៅ​បន្ទោស​គេ​ថា អ្នក​រាល់​គ្នា​មិន​ដឹង​ជា​មាន​វិញ្ញាណ​បែប​យ៉ាង​ណា​ទេ

56. ពី​ព្រោះ​កូន​មនុស្ស​មិន​មែន​មក ប៉ង​នឹង​បំផ្លាញ​ជីវិត​មនុស្ស​ទេ គឺ​មក ដើម្បី​នឹង​ជួយ​សង្គ្រោះ​វិញ រួច​ក៏​នាំ​គ្នា​ទៅ​ឯ​ភូមិ​មួយ​ទៀត​ទៅ។

លូកា 9