38. ហើយមើលមានម្នាក់ស្រែកឡើងពីក្នុងពួកមនុស្សទាំងនោះថា លោកគ្រូអើយ សូមអាណិតកូនខ្ញុំផង ដ្បិតជាកូនតែ១របស់ខ្ញុំ
39. ហើយមើលមានវិញ្ញាណអារក្សចេះតែជាន់វា ហើយលោតែវាស្រែកឡើង ធ្វើឲ្យប្រកាច់បែកពពុះមាត់ និងហើមជាំអស់ទាំងខ្លួន រួចចេញពីវាទៅដោយពិបាក
40. ខ្ញុំបានសូមអង្វរឲ្យពួកសិស្សលោកដេញចេញដែរ តែគេដេញមិនបានសោះ
41. ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា ឱដំណមនុស្សដែលមិនជឿ ហើយមានចិត្តវៀចអើយ តើត្រូវឲ្យខ្ញុំនៅជាមួយ ហើយទ្រាំនឹងអ្នករាល់គ្នាដល់កាលណាទៀត ចូរនាំកូនអ្នកមកឯណេះ
42. កាលវាកំពុងតែដើរចូលមក នោះអារក្សបានផ្តួលវា ហើយធ្វើឲ្យប្រកាច់ប្រកិនជាខ្លាំង តែព្រះយេស៊ូវទ្រង់កំហែងទៅវិញ្ញាណអសោច ហើយប្រោសក្មេងនោះឲ្យជា រួចប្រគល់ដល់ឪពុកវិញ ឯមនុស្សទាំងឡាយ ក៏អស្ចារ្យចំពោះឥទ្ធិឫទ្ធិរបស់ព្រះទាំងអស់គ្នា។
43. កាលមនុស្សទាំងអស់ កំពុងតែនឹកប្លែកក្នុងចិត្ត ពីអស់ទាំងការដែលព្រះយេស៊ូវទ្រង់ធ្វើ នោះទ្រង់មានព្រះបន្ទូលទៅពួកសិស្សថា
44. ចូរអ្នករាល់គ្នាចាំពាក្យទាំងនេះ ទុកនៅក្នុងត្រចៀកចុះ ដ្បិតបន្តិចទៀត កូនមនុស្សត្រូវបញ្ជូនទៅក្នុងកណ្តាប់ដៃនៃមនុស្សលោកហើយ
45. ប៉ុន្តែ គេមិនបានយល់សេចក្ដីនោះទេ ព្រោះជាសេចក្ដីលាក់កំបាំងដល់គេ ដើម្បីមិនឲ្យគេគិតឃើញ ហើយគេក៏ខ្លាចមិនហ៊ានទូលសួរទ្រង់ពីសេចក្ដីនោះដែរ។
46. ខណៈនោះ គេកើតមានសេចក្ដីជជែកគ្នា ពីអ្នកណាដែលធំជាងក្នុងពួកគេវិញ
47. កាលព្រះយេស៊ូវបានជ្រាបគំនិតក្នុងចិត្តគេហើយ នោះទ្រង់យកក្មេងតូច១មកដាក់នៅជិតទ្រង់
48. រួចមានព្រះបន្ទូលថា អ្នកណាដែលទទួលក្មេងតូចនេះ ដោយនូវឈ្មោះខ្ញុំ នោះឈ្មោះថាទទួលខ្ញុំ ហើយអ្នកណាដែលទទួលខ្ញុំ នោះឈ្មោះថាទទួលព្រះដែលចាត់ឲ្យខ្ញុំមកដែរ ព្រោះអ្នកណាដែលតូចជាងគេ ក្នុងពួកអ្នករាល់គ្នា គឺអ្នកនោះហើយ ជាអ្នកធំវិញ
49. យ៉ូហានទូលឆ្លើយថា លោកគ្រូ យើងខ្ញុំបានឃើញមនុស្សម្នាក់កំពុងតែដេញអារក្ស ដោយឈ្មោះលោក តែយើងខ្ញុំបានឃាត់ដល់អ្នកនោះ ដោយព្រោះគេមិនតាមយើងរាល់គ្នា
50. នោះព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា កុំឃាត់គេឡើយ ដ្បិតអ្នកណាដែលមិនទាស់នឹងយើង នោះកាន់ខាងយើងហើយ។