33. កាលមនុស្សទាំង២នោះកំពុងតែថយចេញពីទ្រង់ទៅ នោះពេត្រុសទូលថា លោកគ្រូអើយ ដែលយើងខ្ញុំនៅទីនេះបានល្អណាស់ហើយ សូមឲ្យយើងខ្ញុំធ្វើត្រសាល៣ គឺ១សំរាប់លោក ១សំរាប់លោកម៉ូសេ ហើយ១សំរាប់លោកអេលីយ៉ា ដោយមិនដឹងខ្លួនជាថាដូចម្តេចទេ
34. កំពុងដែលទូលសេចក្ដីទាំងនេះនៅឡើយ នោះមានពពកមកគ្របបាំងគេ គេក៏ភ័យខ្លាចទាំងអស់គ្នា ដោយចូលខ្លួនក្នុងពពកនោះ
35. ហើយមានសំឡេងចេញពីពពកមកថា នេះជាកូនស្ងួនភ្ងាអញ ចូរឲ្យស្តាប់តាមចុះ
36. ក្រោយសំឡេងនោះមក ក៏ឃើញមានតែព្រះយេស៊ូវ១អង្គទ្រង់ប៉ុណ្ណោះ ក្នុងគ្រានោះគេនៅតែស្ងៀម ឥតមានប្រាប់ដល់អ្នកណា ពីការអ្វីដែលគេឃើញនោះឡើយ។
37. ដល់ថ្ងៃក្រោយ កាលចុះពីភ្នំមក នោះមានមនុស្សសន្ធឹកមកជួបនឹងទ្រង់
38. ហើយមើលមានម្នាក់ស្រែកឡើងពីក្នុងពួកមនុស្សទាំងនោះថា លោកគ្រូអើយ សូមអាណិតកូនខ្ញុំផង ដ្បិតជាកូនតែ១របស់ខ្ញុំ
39. ហើយមើលមានវិញ្ញាណអារក្សចេះតែជាន់វា ហើយលោតែវាស្រែកឡើង ធ្វើឲ្យប្រកាច់បែកពពុះមាត់ និងហើមជាំអស់ទាំងខ្លួន រួចចេញពីវាទៅដោយពិបាក
40. ខ្ញុំបានសូមអង្វរឲ្យពួកសិស្សលោកដេញចេញដែរ តែគេដេញមិនបានសោះ
41. ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា ឱដំណមនុស្សដែលមិនជឿ ហើយមានចិត្តវៀចអើយ តើត្រូវឲ្យខ្ញុំនៅជាមួយ ហើយទ្រាំនឹងអ្នករាល់គ្នាដល់កាលណាទៀត ចូរនាំកូនអ្នកមកឯណេះ