លូកា 9:32-47 ព្រះគម្ពីរបរិសុទ្ធ (KHOV)

32. ឯ​ពេត្រុស និង​អ្នក​ទាំង​២​ដែល​នៅ​ជា​មួយ​នឹង​គាត់ គេ​ងងុយ​ជា​ខ្លាំង លុះ​កាល​ភ្ញាក់​ដឹង​ខ្លួន​ឡើង នោះ​ស្រាប់​តែ​ឃើញ​សិរី‌ល្អ​ទ្រង់ និង​មនុស្ស​២​នាក់ ដែល​ឈរ​នៅ​ជា​មួយ​នឹង​ទ្រង់​ដែរ

33. កាល​មនុស្ស​ទាំង​២​នោះ​កំពុង​តែ​ថយ​ចេញ​ពី​ទ្រង់​ទៅ នោះ​ពេត្រុស​ទូល​ថា លោក​គ្រូ​អើយ ដែល​យើង​ខ្ញុំ​នៅ​ទី​នេះ​បាន​ល្អ​ណាស់​ហើយ សូម​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ត្រសាល​៣ គឺ​១​សំរាប់​លោក ១​សំរាប់​លោក​ម៉ូសេ ហើយ​១​សំរាប់​លោក​អេលីយ៉ា ដោយ​មិន​ដឹង​ខ្លួន​ជា​ថា​ដូច​ម្តេច​ទេ

34. កំពុង​ដែល​ទូល​សេចក្ដី​ទាំង​នេះ​នៅ​ឡើយ នោះ​មាន​ពពក​មក​គ្រប​បាំង​គេ គេ​ក៏​ភ័យ​ខ្លាច​ទាំង​អស់​គ្នា ដោយ​ចូល​ខ្លួន​ក្នុង​ពពក​នោះ

35. ហើយ​មាន​សំឡេង​ចេញ​ពី​ពពក​មក​ថា នេះ​ជា​កូន​ស្ងួនភ្ងា​អញ ចូរ​ឲ្យ​ស្តាប់​តាម​ចុះ

36. ក្រោយ​សំឡេង​នោះ​មក ក៏​ឃើញ​មាន​តែ​ព្រះ‌យេស៊ូវ​១​អង្គ​ទ្រង់​ប៉ុណ្ណោះ ក្នុង​គ្រា​នោះ​គេ​នៅ​តែ​ស្ងៀម ឥត​មាន​ប្រាប់​ដល់​អ្នក​ណា ពី​ការ​អ្វី​ដែល​គេ​ឃើញ​នោះ​ឡើយ។

37. ដល់​ថ្ងៃ​ក្រោយ កាល​ចុះ​ពី​ភ្នំ​មក នោះ​មាន​មនុស្ស​សន្ធឹក​មក​ជួប​នឹង​ទ្រង់

38. ហើយ​មើល​មាន​ម្នាក់​ស្រែក​ឡើង​ពី​ក្នុង​ពួក​មនុស្ស​ទាំង​នោះ​ថា លោក​គ្រូ​អើយ សូម​អាណិត​កូន​ខ្ញុំ​ផង ដ្បិត​ជា​កូន​តែ​១​របស់​ខ្ញុំ

39. ហើយ​មើល​មាន​វិញ្ញាណ​អារក្ស​ចេះ​តែ​ជាន់​វា ហើយ​លោ​តែ​វា​ស្រែក​ឡើង ធ្វើ​ឲ្យ​ប្រកាច់​បែក​ពពុះ​មាត់ និង​ហើម​ជាំ​អស់​ទាំង​ខ្លួន រួច​ចេញ​ពី​វា​ទៅ​ដោយ​ពិបាក

40. ខ្ញុំ​បាន​សូម​អង្វរ​ឲ្យ​ពួក​សិស្ស​លោក​ដេញ​ចេញ​ដែរ តែ​គេ​ដេញ​មិន​បាន​សោះ

41. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ឱ​ដំណ​មនុស្ស​ដែល​មិន​ជឿ ហើយ​មាន​ចិត្ត​វៀច​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​នៅ​ជា​មួយ ហើយ​ទ្រាំ​នឹង​អ្នក​រាល់​គ្នា​ដល់​កាល​ណា​ទៀត ចូរ​នាំ​កូន​អ្នក​មក​ឯ​ណេះ

42. កាល​វា​កំពុង​តែ​ដើរ​ចូល​មក នោះ​អារក្ស​បាន​ផ្តួល​វា ហើយ​ធ្វើ​ឲ្យ​ប្រកាច់‌ប្រកិន​ជា​ខ្លាំង តែ​ព្រះ‌យេស៊ូវ​ទ្រង់​កំហែង​ទៅ​វិញ្ញាណ​អសោច ហើយ​ប្រោស​ក្មេង​នោះ​ឲ្យ​ជា រួច​ប្រគល់​ដល់​ឪពុក​វិញ ឯ​មនុស្ស​ទាំង‌ឡាយ ក៏​អស្ចារ្យ​ចំពោះ​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ​ទាំង​អស់​គ្នា។

43. កាល​មនុស្ស​ទាំង​អស់ កំពុង​តែ​នឹក​ប្លែក​ក្នុង​ចិត្ត ពី​អស់​ទាំង​ការ​ដែល​ព្រះ‌យេស៊ូវ​ទ្រង់​ធ្វើ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា

44. ចូរ​អ្នក​រាល់​គ្នា​ចាំ​ពាក្យ​ទាំង​នេះ ទុក​នៅ​ក្នុង​ត្រចៀក​ចុះ ដ្បិត​បន្តិច​ទៀត កូន​មនុស្ស​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​លោក​ហើយ

45. ប៉ុន្តែ គេ​មិន​បាន​យល់​សេចក្ដី​នោះ​ទេ ព្រោះ​ជា​សេចក្ដី​លាក់​កំបាំង​ដល់​គេ ដើម្បី​មិន​ឲ្យ​គេ​គិត​ឃើញ ហើយ​គេ​ក៏​ខ្លាច​មិន​ហ៊ាន​ទូល​សួរ​ទ្រង់​ពី​សេចក្ដី​នោះ​ដែរ។

46. ខណៈ​នោះ គេ​កើត​មាន​សេចក្ដី​ជជែក​គ្នា ពី​អ្នក​ណា​ដែល​ធំ​ជាង​ក្នុង​ពួក​គេ​វិញ

47. កាល​ព្រះ‌យេស៊ូវ​បាន​ជ្រាប​គំនិត​ក្នុង​ចិត្ត​គេ​ហើយ នោះ​ទ្រង់​យក​ក្មេង​តូច​១​មក​ដាក់​នៅ​ជិត​ទ្រង់

លូកា 9