21. ទ្រង់ហាមផ្តាច់ មិនឲ្យគេប្រាប់ដល់អ្នកណា ពីសេចក្ដីនេះឡើយ
22. ដោយមានព្រះបន្ទូលថា ត្រូវឲ្យកូនមនុស្សរងទុក្ខជាច្រើន ត្រូវពួកចាស់ទុំ ពួកសង្គ្រាជ និងពួកអាចារ្យបោះបង់ចោល ត្រូវគេសំឡាប់ ហើយ៣ថ្ងៃក្រោយមកនឹងរស់ឡើងវិញ
23. រួចទ្រង់មានព្រះបន្ទូលទៅមនុស្សទាំងអស់ថា បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯង ទាំងផ្ទុកឈើឆ្កាងខ្លួនរាល់តែថ្ងៃ ហើយមកតាមខ្ញុំចុះ
24. ដ្បិតអ្នកណាដែលចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយព្រោះខ្ញុំ នោះនឹងបានជីវិតវិញ
25. ដ្បិតបើសិនជាមនុស្សណានឹងបានលោកីយ៍ទាំងមូល ប៉ុន្តែ ធ្វើឲ្យខ្លួនឯងវិនាស ឬឲ្យបាត់បង់ នោះតើមានប្រយោជន៍អ្វីដល់អ្នកនោះ
26. ដ្បិតអ្នកណាដែលមានសេចក្ដីខ្មាស ដោយព្រោះខ្ញុំ និងពាក្យខ្ញុំ នោះកូនមនុស្សនឹងមានសេចក្ដីខ្មាស ដោយព្រោះអ្នកនោះដែរ ក្នុងកាលដែលលោកមកក្នុងសិរីល្អរបស់លោក របស់ព្រះវរបិតា ហើយនឹងពួកទេវតាបរិសុទ្ធ
27. ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងពួកអ្នកដែលឈរនៅទីនេះ មានអ្នកខ្លះដែលមិនត្រូវភ្លក់សេចក្ដីស្លាប់ ទាល់តែបានឃើញនគរព្រះ។
28. ប្រហែលជា៨ថ្ងៃ ក្រោយដែលមានព្រះបន្ទូលសេចក្ដីទាំងនោះមក នោះទ្រង់យកពេត្រុស យ៉ូហាន និងយ៉ាកុបឡើងទៅលើភ្នំ ដើម្បីអធិស្ឋាន
29. កាលទ្រង់កំពុងតែអធិស្ឋាន នោះបែបភាពព្រះភក្ត្រទ្រង់ក៏ផ្លាស់ប្រែ ហើយព្រះពស្ត្រត្រឡប់ជាសព្រាត
30. នោះឃើញមានមនុស្ស២នាក់កំពុងតែទូលនឹងទ្រង់ គឺលោកម៉ូសេ និងលោកអេលីយ៉ា
31. ដែលលេចមកក្នុងសិរីល្អ ទូលពីដំណើរទ្រង់សុគត ដែលត្រូវសំរេចនៅក្រុងយេរូសាឡិម
32. ឯពេត្រុស និងអ្នកទាំង២ដែលនៅជាមួយនឹងគាត់ គេងងុយជាខ្លាំង លុះកាលភ្ញាក់ដឹងខ្លួនឡើង នោះស្រាប់តែឃើញសិរីល្អទ្រង់ និងមនុស្ស២នាក់ ដែលឈរនៅជាមួយនឹងទ្រង់ដែរ
33. កាលមនុស្សទាំង២នោះកំពុងតែថយចេញពីទ្រង់ទៅ នោះពេត្រុសទូលថា លោកគ្រូអើយ ដែលយើងខ្ញុំនៅទីនេះបានល្អណាស់ហើយ សូមឲ្យយើងខ្ញុំធ្វើត្រសាល៣ គឺ១សំរាប់លោក ១សំរាប់លោកម៉ូសេ ហើយ១សំរាប់លោកអេលីយ៉ា ដោយមិនដឹងខ្លួនជាថាដូចម្តេចទេ