លូកា 9:15-33 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. ពួក​សិស្ស​ក៏​ឲ្យ​មនុស្ស​ទាំង​អស់​អង្គុយ​ដូច្នោះ

16. នោះ​ទ្រង់​យក​នំបុ័ង​៥ និង​ត្រី​២ ងើប​ទត​ទៅ​លើ​មេឃ ហើយ​ប្រទាន​ពរ រួច​កាច់​ប្រទាន​ដល់​ពួក​សិស្ស ឲ្យ​លើក​ទៅ​ឲ្យ​បណ្តា​មនុស្ស

17. គេ​ក៏​បរិភោគ​ឆ្អែត​ទាំង​អស់​គ្នា រួច​ប្រមូល​ចំណិត​ដែល​នៅ​សល់ បាន​១២​កន្ត្រក។

18. គ្រា​មួយ កាល​ទ្រង់​កំពុង​តែ​អធិស្ឋាន​ដោយ‌ឡែក ហើយ​ពួក​សិស្ស​ក៏​នៅ​ជា​មួយ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​ហ្វូង​មនុស្ស​ទាំង‌ឡាយ​ថា​ខ្ញុំ​ជា​អ្នក​ណា

19. គេ​ទូល​ឆ្លើយ​ថា ជា​យ៉ូហាន-បាទីស្ទ ខ្លះ​ថា​ជា​អេលីយ៉ា ខ្លះ​ទៀត​ថា​ជា​ហោរា​ណា​មួយ​ពី​ចាស់​បុរាណ បាន​រស់​ឡើង​វិញ

20. ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា ចុះ​ឯ​អ្នក​រាល់​គ្នា​វិញ តើ​ថា​ខ្ញុំ​ជា​អ្នក​ណា នោះ​ពេត្រុស​ទូល​ឆ្លើយ​ថា ទ្រង់​ជា​ព្រះ‌គ្រីស្ទ​នៃ​ព្រះ

21. ទ្រង់​ហាម​ផ្តាច់ មិន​ឲ្យ​គេ​ប្រាប់​ដល់​អ្នក​ណា ពី​សេចក្ដី​នេះ​ឡើយ

22. ដោយ​មាន​ព្រះ‌បន្ទូល​ថា ត្រូវ​ឲ្យ​កូន​មនុស្ស​រង​ទុក្ខ​ជា​ច្រើន ត្រូវ​ពួក​ចាស់‌ទុំ ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​បោះ​បង់​ចោល ត្រូវ​គេ​សំឡាប់ ហើយ​៣​ថ្ងៃ​ក្រោយ​មក​នឹង​រស់​ឡើង​វិញ

23. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​មនុស្ស​ទាំង​អស់​ថា បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់​ចិត្ត​ខ្លួន​ឯង ទាំង​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​រាល់​តែ​ថ្ងៃ ហើយ​មក​តាម​ខ្ញុំ​ចុះ

24. ដ្បិត​អ្នក​ណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត ដោយ​ព្រោះ​ខ្ញុំ នោះ​នឹង​បាន​ជីវិត​វិញ

25. ដ្បិត​បើ​សិន​ជា​មនុស្ស​ណា​នឹង​បាន​លោកីយ៍​ទាំង​មូល ប៉ុន្តែ ធ្វើ​ឲ្យ​ខ្លួន​ឯង​វិនាស ឬ​ឲ្យ​បាត់‌បង់ នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ

26. ដ្បិត​អ្នក​ណា​ដែល​មាន​សេចក្ដី​ខ្មាស ដោយ​ព្រោះ​ខ្ញុំ និង​ពាក្យ​ខ្ញុំ នោះ​កូន​មនុស្ស​នឹង​មាន​សេចក្ដី​ខ្មាស ដោយ​ព្រោះ​អ្នក​នោះ​ដែរ ក្នុង​កាល​ដែល​លោក​មក​ក្នុង​សិរី‌ល្អ​របស់​លោក របស់​ព្រះ‌វរ‌បិតា ហើយ​នឹង​ពួក​ទេវតា​បរិសុទ្ធ

27. ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ពួក​អ្នក​ដែល​ឈរ​នៅ​ទី​នេះ មាន​អ្នក​ខ្លះ​ដែល​មិន​ត្រូវ​ភ្លក់​សេចក្ដី​ស្លាប់ ទាល់​តែ​បាន​ឃើញ​នគរ​ព្រះ។

28. ប្រហែល​ជា​៨​ថ្ងៃ ក្រោយ​ដែល​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នោះ​មក នោះ​ទ្រង់​យក​ពេត្រុស យ៉ូហាន និង​យ៉ាកុប​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​អធិស្ឋាន

29. កាល​ទ្រង់​កំពុង​តែ​អធិស្ឋាន នោះ​បែប​ភាព​ព្រះ‌ភក្ត្រ​ទ្រង់​ក៏​ផ្លាស់​ប្រែ ហើយ​ព្រះ‌ពស្ត្រ​ត្រឡប់​ជា​ស​ព្រាត

30. នោះ​ឃើញ​មាន​មនុស្ស​២​នាក់​កំពុង​តែ​ទូល​នឹង​ទ្រង់ គឺ​លោក​ម៉ូសេ និង​លោក​អេលីយ៉ា

31. ដែល​លេច​មក​ក្នុង​សិរី‌ល្អ ទូល​ពី​ដំណើរ​ទ្រង់​សុគត ដែល​ត្រូវ​សំរេច​នៅ​ក្រុង​យេរូ‌សាឡិម

32. ឯ​ពេត្រុស និង​អ្នក​ទាំង​២​ដែល​នៅ​ជា​មួយ​នឹង​គាត់ គេ​ងងុយ​ជា​ខ្លាំង លុះ​កាល​ភ្ញាក់​ដឹង​ខ្លួន​ឡើង នោះ​ស្រាប់​តែ​ឃើញ​សិរី‌ល្អ​ទ្រង់ និង​មនុស្ស​២​នាក់ ដែល​ឈរ​នៅ​ជា​មួយ​នឹង​ទ្រង់​ដែរ

33. កាល​មនុស្ស​ទាំង​២​នោះ​កំពុង​តែ​ថយ​ចេញ​ពី​ទ្រង់​ទៅ នោះ​ពេត្រុស​ទូល​ថា លោក​គ្រូ​អើយ ដែល​យើង​ខ្ញុំ​នៅ​ទី​នេះ​បាន​ល្អ​ណាស់​ហើយ សូម​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ត្រសាល​៣ គឺ​១​សំរាប់​លោក ១​សំរាប់​លោក​ម៉ូសេ ហើយ​១​សំរាប់​លោក​អេលីយ៉ា ដោយ​មិន​ដឹង​ខ្លួន​ជា​ថា​ដូច​ម្តេច​ទេ

លូកា 9