10. កាលពួកសាវកបានត្រឡប់មកវិញ ក៏រ៉ាយរឿងទូលព្រះយេស៊ូវ ពីការដែលគេបានធ្វើទាំងប៉ុន្មាន នោះទ្រង់នាំគេទៅដោយឡែកនៅទីស្ងាត់ ជិតភូមិ១ឈ្មោះបេតសៃដា
11. កាលបណ្តាមនុស្សបានដឹង ក៏តាមទ្រង់ទៅ ទ្រង់រាក់ទាក់ទទួលគេ ហើយមានព្រះបន្ទូលប្រាប់ពីនគរព្រះ ទាំងប្រោសដល់អស់អ្នកដែលត្រូវការ ឲ្យគេបានជាផង
12. វេលានោះ ថ្ងៃកាន់តែទាបហើយ នោះពួក១២នាក់មកទូលទ្រង់ថា សូមឲ្យមនុស្សទាំងឡាយទៅ ដើម្បីឲ្យទៅរកទីស្នាក់ និងស្បៀងអាហារ នៅក្នុងភូមិ និងស្រុកស្រែជុំវិញ ដ្បិតទីនេះស្ងាត់ណាស់
13. តែទ្រង់មានព្រះបន្ទូលថា ចូរអ្នករាល់គ្នាឲ្យគេបរិភោគទៅ ពួកសិស្សទូលថា យើងខ្ញុំមានតែនំបុ័ង៥ដុំ និងត្រី២ទេ លើកតែយើងខ្ញុំទៅទិញស្បៀងអាហារទៀត សំរាប់មនុស្សទាំងនេះវិញ
14. (រីឯពួកមនុស្សទាំងនោះ មានប្រុសៗចំនួន៥ពាន់នាក់) តែទ្រង់មានព្រះបន្ទូលទៅពួកសិស្សថា ចូរឲ្យគេអង្គុយដោយជួរៗទៅ ក្នុង១ជួរ៥០នាក់
15. ពួកសិស្សក៏ឲ្យមនុស្សទាំងអស់អង្គុយដូច្នោះ
16. នោះទ្រង់យកនំបុ័ង៥ និងត្រី២ ងើបទតទៅលើមេឃ ហើយប្រទានពរ រួចកាច់ប្រទានដល់ពួកសិស្ស ឲ្យលើកទៅឲ្យបណ្តាមនុស្ស
17. គេក៏បរិភោគឆ្អែតទាំងអស់គ្នា រួចប្រមូលចំណិតដែលនៅសល់ បាន១២កន្ត្រក។
18. គ្រាមួយ កាលទ្រង់កំពុងតែអធិស្ឋានដោយឡែក ហើយពួកសិស្សក៏នៅជាមួយ នោះទ្រង់មានព្រះបន្ទូលសួរថា តើហ្វូងមនុស្សទាំងឡាយថាខ្ញុំជាអ្នកណា
19. គេទូលឆ្លើយថា ជាយ៉ូហាន-បាទីស្ទ ខ្លះថាជាអេលីយ៉ា ខ្លះទៀតថាជាហោរាណាមួយពីចាស់បុរាណ បានរស់ឡើងវិញ
20. ទ្រង់មានព្រះបន្ទូលសួរគេថា ចុះឯអ្នករាល់គ្នាវិញ តើថាខ្ញុំជាអ្នកណា នោះពេត្រុសទូលឆ្លើយថា ទ្រង់ជាព្រះគ្រីស្ទនៃព្រះ
21. ទ្រង់ហាមផ្តាច់ មិនឲ្យគេប្រាប់ដល់អ្នកណា ពីសេចក្ដីនេះឡើយ