5. «មានអ្នកព្រោះពូជម្នាក់ចេញទៅព្រោះ កំពុងដែលគាត់ព្រោះ នោះមានខ្លះធ្លាក់ចុះតាមផ្លូវ ត្រូវគេដើរជាន់ ហើយសត្វហើរលើអាកាសក៏មកចឹកស៊ី
6. ខ្លះទៀតធ្លាក់ទៅលើថ្ម កាលពន្លកឡើង នោះក៏ក្រៀមស្វិតទៅ ពីព្រោះគ្មានធាតុសើមសោះ
7. មានខ្លះទៀតធ្លាក់ទៅកណ្តាលបន្លា បន្លាក៏ដុះឡើងជាមួយ ហើយរួបខ្ទប់វា
8. មានខ្លះទៀតធ្លាក់ទៅក្នុងដីល្អ ក៏ពន្លកដុះឡើង បង្កើតផលផ្លែបាន១ជា១រយភាគ» កាលទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនោះស្រេចហើយ នោះក៏បន្លឺវាចាថា «អ្នកណាដែលមានត្រចៀកសំរាប់ស្តាប់ ឲ្យស្តាប់ចុះ»។
9. ពួកសិស្សទូលសួរទ្រង់ថា ពាក្យប្រៀបនេះមានន័យដូចម្តេច
10. ទ្រង់ឆ្លើយថា ឯអ្នករាល់គ្នា ព្រះបានប្រទានឲ្យស្គាល់អស់ទាំងការអាថ៌កំបាំងរបស់នគរទ្រង់ហើយ តែបានសំដែងដល់អ្នកឯទៀត ដោយពាក្យប្រៀបប្រដូចវិញ ដើម្បីកាលណាគេឃើញ នោះមិនឃើញវិញ ហើយកាលណាគេឮ នោះមិនយល់ឡើយ
11. រីឯពាក្យប្រៀបប្រដូចនេះ គឺស្រាយយ៉ាងនេះថា ពូជនោះ គឺព្រះបន្ទូល
12. ឯពួកអ្នកដែលទទួលតាមផ្លូវ គឺជាអស់អ្នកដែលបានឮ រួចអារក្សមកឆក់យកព្រះបន្ទូលពីចិត្តគេចេញទៅ ក្រែងគេជឿ ហើយបានសង្គ្រោះ
13. ឯពួកអ្នកដែលទទួលនៅលើថ្ម គឺអស់អ្នកដែលកាលណាឮព្រះបន្ទូលហើយ នោះក៏ទទួលដោយអំណរ តែគ្មានចាក់ឫសសោះ គេជឿនៅតែ១ស្របក់ប៉ុណ្ណោះ លុះកើតមានសេចក្ដីល្បួង នោះគេរសាយចិត្តទៅវិញ