35. រួចមនុស្សទាំងឡាយក៏ចេញមកមើលការដែលកើតមកនោះ គេមកដល់ព្រះយេស៊ូវ ឃើញមនុស្សដែលអារក្សទាំងនោះបានចេញ កំពុងតែអង្គុយទៀបព្រះបាទទ្រង់ ទាំងស្លៀកពាក់ ហើយដឹងខ្លួន នោះគេមានសេចក្ដីភ័យខ្លាចគ្រប់គ្នា
36. ពួកអ្នកដែលបានឃើញការនោះ ក៏ប្រាប់គេពីបែបយ៉ាងណាដែលមនុស្សអារក្សចូលនោះបានជា
37. រួចមនុស្សទាំងប៉ុន្មាន ដែលនៅជុំវិញស្រុកគេរ៉ាស៊ីន គេសូមឲ្យទ្រង់ថយចេញពីគេទៅ ដ្បិតគេកើតមានសេចក្ដីស្ញែងខ្លាចជាខ្លាំង នោះទ្រង់យាងចុះទូកត្រឡប់វិលវិញទៅ
38. ឯមនុស្សដែលអារក្សបានចេញនោះ គាត់សូមអង្វរទ្រង់ ឲ្យបានទៅជាមួយដែរ ប៉ុន្តែ ព្រះយេស៊ូវឲ្យគាត់ទៅវិញ ដោយប្រាប់ថា
39. ចូរវិលទៅឯផ្ទះអ្នកទៅ ហើយប្រាប់ពីគ្រប់ទាំងការដែលព្រះបានប្រោសដល់អ្នកវិញ គាត់ក៏ទៅផ្សាយប្រាប់ពេញក្នុងទីក្រុង ពីគ្រប់ទាំងការដែលព្រះយេស៊ូវបានប្រោសដល់ខ្លួន។
40. កាលព្រះយេស៊ូវបានត្រឡប់ទៅវិញហើយ នោះបណ្តាមនុស្សក៏ទទួលទ្រង់ដោយអំណរ ដ្បិតគេទន្ទឹងមើលតែផ្លូវទ្រង់ទាំងអស់គ្នា
41. នោះឃើញមានមនុស្សម្នាក់ឈ្មោះយ៉ៃរ៉ុស ជាមេសាលាប្រជុំ គាត់មកទំលាក់ខ្លួនក្រាបនៅទៀបព្រះបាទព្រះយេស៊ូវ សូមអង្វរទ្រង់ ឲ្យយាងទៅផ្ទះគាត់
42. ព្រោះគាត់មានកូនស្រីតែ១ អាយុប្រហែល១២ឆ្នាំ មានជំងឺឈឺជិតស្លាប់ កាលទ្រង់កំពុងតែយាងទៅ នោះបណ្តាមនុស្សប្រជ្រៀតគ្នាលើទ្រង់។
43. ហើយមានស្ត្រីម្នាក់ មានជំងឺធ្លាក់ឈាម១២ឆ្នាំមកហើយ នាងបានចំណាយទ្រព្យខ្លួនទាំងអស់ ដោយរកគ្រូពេទ្យ តែគ្មានគ្រូណាមួយមើលឲ្យជាបានទេ
44. នាងមកពីក្រោយ ចាប់ពាល់ជាយព្រះពស្ត្រទ្រង់ នោះឈាមក៏បាត់ធ្លាក់មកក្នុងខណៈ១រំពេចនោះ
45. ព្រះយេស៊ូវមានព្រះបន្ទូលសួរថា តើអ្នកណាពាល់ខ្ញុំ កាលមនុស្សទាំងអស់កំពុងតែប្រកែក នោះពេត្រុស និងពួកអ្នកដែលនៅជាមួយទូលថា លោកគ្រូ បណ្តាមនុស្សកំពុងប្រជ្រៀតគ្នាត្បៀតទ្រង់ ដូច្នេះ ទ្រង់មានព្រះបន្ទូលថា អ្នកណាពាល់ទ្រង់ធ្វើអី
46. ព្រះយេស៊ូវមានព្រះបន្ទូលថា ច្បាស់ជាមានអ្នកណាពាល់ខ្ញុំពិត ដ្បិតខ្ញុំដឹងថា មានឫទ្ធិផ្សាយចេញពីខ្ញុំទៅហើយ
47. កាលស្ត្រីនោះបានឃើញថា លាក់ខ្លួនមិនកំបាំងទេ នោះក៏ចូលមកទាំងញ័ររន្ធត់ ផ្តួលខ្លួននៅចំពោះទ្រង់ ទូលនៅមុខមនុស្សទាំងអស់ ពីហេតុដែលនាងពាល់ទ្រង់ ហើយពីបែបដែលនាងបានជាភ្លាម១រំពេចផង
48. ទ្រង់មានព្រះបន្ទូលទៅនាងថា ចូរសង្ឃឹមឡើង កូនស្រីអើយ ដ្បិតសេចក្ដីជំនឿនាងបានសង្គ្រោះនាងហើយ ចូរទៅដោយសុខសាន្តចុះ។
49. កាលទ្រង់កំពុងតែមានព្រះបន្ទូលនៅឡើយ នោះមានម្នាក់មកពីផ្ទះមេសាលាប្រជុំ ជំរាបគាត់ថា កូនលោកស្លាប់ហើយ កុំនៅរំខានចិត្តលោកគ្រូទៀត
50. ព្រះយេស៊ូវក៏ឮ ហើយមានព្រះបន្ទូលទៅគាត់ថា កុំខ្លាចឡើយ ឲ្យគ្រាន់តែជឿប៉ុណ្ណោះ នោះនាងនឹងបានរស់វិញ
51. រួចទ្រង់យាងចូលទៅក្នុងផ្ទះ មិនឲ្យអ្នកណាទៅជាមួយឡើយ លើកតែពេត្រុស យ៉ាកុប និងយ៉ូហាន ហើយឪពុកម្តាយរបស់កូននោះប៉ុណ្ណោះ
52. ឯមនុស្សទាំងអស់ គេកំពុងតែយំសោកសង្រេងនឹងនាង តែទ្រង់មានព្រះបន្ទូលថា កុំយំអី នាងមិនមែនស្លាប់ទេ គឺនាងដេកលក់ទេតើ