31. អារក្សទាំងនោះក៏សូមអង្វរ កុំឲ្យទ្រង់បង្គាប់វា ឲ្យចុះទៅក្នុងជង្ហុកធំឡើយ
32. នៅទីនោះ មានហ្វូងជ្រូកយ៉ាងធំ កំពុងតែរកស៊ីនៅលើភ្នំ ហើយអារក្សទាំងនោះក៏សូមអង្វរទ្រង់ ឲ្យបើកឲ្យវាចូលទៅក្នុងជ្រូកទាំងនោះ ទ្រង់ក៏បើកឲ្យ
33. រួចវាចេញពីមនុស្សនោះ ចូលទៅក្នុងហ្វូងជ្រូកៗក៏បោលម្នីម្នា តាមភ្នំចោតធ្លាក់ទៅក្នុងសមុទ្រ លង់ទឹកស្លាប់ទាំងអស់ទៅ
34. កាលពួកអ្នកគង្វាលជ្រូកបានឃើញដូច្នោះ ក៏នាំគ្នារត់ទៅប្រាប់ដល់ជនក្នុងក្រុង ហើយនឹងស្រុកស្រែ
35. រួចមនុស្សទាំងឡាយក៏ចេញមកមើលការដែលកើតមកនោះ គេមកដល់ព្រះយេស៊ូវ ឃើញមនុស្សដែលអារក្សទាំងនោះបានចេញ កំពុងតែអង្គុយទៀបព្រះបាទទ្រង់ ទាំងស្លៀកពាក់ ហើយដឹងខ្លួន នោះគេមានសេចក្ដីភ័យខ្លាចគ្រប់គ្នា
36. ពួកអ្នកដែលបានឃើញការនោះ ក៏ប្រាប់គេពីបែបយ៉ាងណាដែលមនុស្សអារក្សចូលនោះបានជា
37. រួចមនុស្សទាំងប៉ុន្មាន ដែលនៅជុំវិញស្រុកគេរ៉ាស៊ីន គេសូមឲ្យទ្រង់ថយចេញពីគេទៅ ដ្បិតគេកើតមានសេចក្ដីស្ញែងខ្លាចជាខ្លាំង នោះទ្រង់យាងចុះទូកត្រឡប់វិលវិញទៅ
38. ឯមនុស្សដែលអារក្សបានចេញនោះ គាត់សូមអង្វរទ្រង់ ឲ្យបានទៅជាមួយដែរ ប៉ុន្តែ ព្រះយេស៊ូវឲ្យគាត់ទៅវិញ ដោយប្រាប់ថា
39. ចូរវិលទៅឯផ្ទះអ្នកទៅ ហើយប្រាប់ពីគ្រប់ទាំងការដែលព្រះបានប្រោសដល់អ្នកវិញ គាត់ក៏ទៅផ្សាយប្រាប់ពេញក្នុងទីក្រុង ពីគ្រប់ទាំងការដែលព្រះយេស៊ូវបានប្រោសដល់ខ្លួន។
40. កាលព្រះយេស៊ូវបានត្រឡប់ទៅវិញហើយ នោះបណ្តាមនុស្សក៏ទទួលទ្រង់ដោយអំណរ ដ្បិតគេទន្ទឹងមើលតែផ្លូវទ្រង់ទាំងអស់គ្នា
41. នោះឃើញមានមនុស្សម្នាក់ឈ្មោះយ៉ៃរ៉ុស ជាមេសាលាប្រជុំ គាត់មកទំលាក់ខ្លួនក្រាបនៅទៀបព្រះបាទព្រះយេស៊ូវ សូមអង្វរទ្រង់ ឲ្យយាងទៅផ្ទះគាត់
42. ព្រោះគាត់មានកូនស្រីតែ១ អាយុប្រហែល១២ឆ្នាំ មានជំងឺឈឺជិតស្លាប់ កាលទ្រង់កំពុងតែយាងទៅ នោះបណ្តាមនុស្សប្រជ្រៀតគ្នាលើទ្រង់។
43. ហើយមានស្ត្រីម្នាក់ មានជំងឺធ្លាក់ឈាម១២ឆ្នាំមកហើយ នាងបានចំណាយទ្រព្យខ្លួនទាំងអស់ ដោយរកគ្រូពេទ្យ តែគ្មានគ្រូណាមួយមើលឲ្យជាបានទេ
44. នាងមកពីក្រោយ ចាប់ពាល់ជាយព្រះពស្ត្រទ្រង់ នោះឈាមក៏បាត់ធ្លាក់មកក្នុងខណៈ១រំពេចនោះ
45. ព្រះយេស៊ូវមានព្រះបន្ទូលសួរថា តើអ្នកណាពាល់ខ្ញុំ កាលមនុស្សទាំងអស់កំពុងតែប្រកែក នោះពេត្រុស និងពួកអ្នកដែលនៅជាមួយទូលថា លោកគ្រូ បណ្តាមនុស្សកំពុងប្រជ្រៀតគ្នាត្បៀតទ្រង់ ដូច្នេះ ទ្រង់មានព្រះបន្ទូលថា អ្នកណាពាល់ទ្រង់ធ្វើអី
46. ព្រះយេស៊ូវមានព្រះបន្ទូលថា ច្បាស់ជាមានអ្នកណាពាល់ខ្ញុំពិត ដ្បិតខ្ញុំដឹងថា មានឫទ្ធិផ្សាយចេញពីខ្ញុំទៅហើយ
47. កាលស្ត្រីនោះបានឃើញថា លាក់ខ្លួនមិនកំបាំងទេ នោះក៏ចូលមកទាំងញ័ររន្ធត់ ផ្តួលខ្លួននៅចំពោះទ្រង់ ទូលនៅមុខមនុស្សទាំងអស់ ពីហេតុដែលនាងពាល់ទ្រង់ ហើយពីបែបដែលនាងបានជាភ្លាម១រំពេចផង
48. ទ្រង់មានព្រះបន្ទូលទៅនាងថា ចូរសង្ឃឹមឡើង កូនស្រីអើយ ដ្បិតសេចក្ដីជំនឿនាងបានសង្គ្រោះនាងហើយ ចូរទៅដោយសុខសាន្តចុះ។