14. ឯពូជដែលធ្លាក់ទៅក្នុងបន្លា គឺអស់អ្នកដែលបានឮ រួចចេញទៅ នោះសេចក្ដីខ្វល់ខ្វាយ និងទ្រព្យសម្បត្តិ ហើយនឹងសេចក្ដីស្រើបស្រាលនៅជីវិតនេះ ក៏ចូលមកខ្ទប់ជិត មិនឲ្យបង្កើតផលផ្លែដ៏ពេញលេញបានឡើយ
15. តែពូជដែលនៅដីល្អ គឺពួកអ្នកដែលមានចិត្តទៀងត្រង់ល្អ ក៏ឮព្រះបន្ទូល ហើយយកចិត្តទុកដាក់ រួចបង្កើតផលដោយសេចក្ដីអត់ធន់វិញ។
16. គ្មានអ្នកណាអុជចង្កៀង រួចយកផើងមកគ្រប ឬយកទៅដាក់នៅក្រោមគ្រែឡើយ គេតែងដាក់លើជើងចង្កៀងវិញ ដើម្បីឲ្យអស់អ្នកណាដែលចូលមកបានឃើញពន្លឺភ្លឺ
17. ដ្បិតគ្មានអ្វីលាក់កំបាំងដែលមិនត្រូវបើកសំដែងចេញ ឬអ្វីជាសំងាត់ដែលមិនត្រូវឲ្យដឹង ហើយយកទៅដាក់នៅពន្លឺនោះឡើយ
18. ដូច្នេះ ត្រូវឲ្យប្រយ័ត្ន ដែលអ្នករាល់គ្នាឮជាយ៉ាងណា ដ្បិតអ្នកណាដែលមាន គេនឹងឲ្យដល់អ្នកនោះ ប៉ុន្តែ អ្នកណាដែលគ្មាន នោះនឹងដកយកទាំងរបស់ដែលមើលទៅដូចជាអ្នកនោះមានចេញផង។
19. នោះមាតា និងបងប្អូនទ្រង់ ក៏មករកទ្រង់ តែចូលទៅឯទ្រង់មិនបាន ដោយព្រោះមានមនុស្សច្រើនណាស់
20. មានគេទូលទ្រង់ថា «ម្តាយ និងបងប្អូនលោក មកឈរនៅខាងក្រៅ ចង់ជួបនឹងលោក»
21. តែទ្រង់ឆ្លើយទៅគេថា «ឯអ្នកដែលជាម្តាយ និងបងប្អូនខ្ញុំ គឺអស់អ្នកដែលស្តាប់ព្រះបន្ទូល ហើយប្រព្រឹត្តតាមវិញ»។
22. មានកាល១ថ្ងៃនោះ ទ្រង់ចុះទូកជាមួយនឹងពួកសិស្ស ហើយមានព្រះបន្ទូលទៅគេថា «ចូរយើងឆ្លងទៅត្រើយម្ខាង» នោះក៏ចេញទៅ
23. កាលកំពុងតែបើកក្តោងទៅ នោះទ្រង់ផ្ទំលក់ រួចមានខ្យល់ព្យុះធ្លាក់មកលើសមុទ្រ ទឹកក៏ចូលស្ទើរតែពេញទូក ហើយគេភ័យខ្លាចលិច
24. គេចូលទៅតើនទ្រង់ទូលថា «លោកគ្រូៗអើយ យើងខ្ញុំស្លាប់ហើយ តែទ្រង់ក្រោកឡើង កំហែងទៅខ្យល់ និងទឹក ដែលកំពុងបោកបក់ជាខ្លាំង នោះក៏ស្ងប់បាត់ឈឹងទៅ»
25. រួចទ្រង់មានព្រះបន្ទូលទៅគេថា «តើសេចក្ដីជំនឿរបស់អ្នករាល់គ្នានៅឯណា»? គេក៏ភ័យខ្លាច ហើយមានសេចក្ដីអស្ចារ្យក្នុងចិត្ត ទាំងនិយាយគ្នាទៅវិញទៅមកថា «ចុះលោកនេះជាអ្វី បានជាលោកបង្គាប់ទៅទាំងខ្យល់ទាំងទឹកបាន ហើយទាំង២យ៉ាងក៏ស្តាប់បង្គាប់លោកដែរដូច្នេះ»។
26. ទ្រង់ និងពួកសិស្សក៏មកដល់ស្រុកគេរ៉ាស៊ីន ដែលប្រទល់មុខនឹងស្រុកកាលីឡេ
27. កាលឡើងដល់លើគោក នោះមានមនុស្សម្នាក់ចេញពីក្រុងនោះមកជួបនឹងទ្រង់ គាត់មានអារក្សចូលជាយូរមកហើយ គ្មានស្លៀកពាក់អ្វីឡើយ គាត់មិននៅក្នុងផ្ទះទេ គឺអាស្រ័យនៅតែក្នុងផ្នូរខ្មោចវិញ
28. កាលបានឃើញព្រះយេស៊ូវ នោះគាត់ស្រែកឡើង ក៏ទំលាក់ខ្លួនក្រាបនៅចំពោះទ្រង់ ទូលជាសំឡេងខ្លាំងថា «ឱព្រះយេស៊ូវ ជាព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុតអើយ តើទ្រង់ ហើយនឹងទូលបង្គំ មានការអ្វីនឹងគ្នា ទូលបង្គំសូមអង្វរទ្រង់ កុំឲ្យធ្វើទុក្ខទូលបង្គំឡើយ»
29. ដ្បិតទ្រង់កំពុងតែបង្គាប់ដល់វិញ្ញាណអសោច ឲ្យចេញពីមនុស្សនោះទៅ ពីព្រោះវាបានជាន់គាត់ជាយូរមកហើយ គេបានយកច្រវាក់ យកខ្នោះដាក់ ទាំងថែរក្សាគាត់ដែរ តែគាត់ចេះតែផ្តាច់ចំណងទាំងនោះចេញ ហើយអារក្សវានាំបណ្តាលឲ្យទៅនៅទីស្ងាត់